Connect with us

ព័ត៌មានជាតិ

លោក ប្រាជ្ញ ច័ន្ទ ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខភាព​ប្រធាន គ​.​ជ​.​ប ជំនួស​លោក​ស៊ិ​ក ប៊ុន​ហុក

បានផុស

នៅ

លោក ប្រាជ្ញ ច័ន្ទ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ជ្រើសរើស​ជា​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជំនួស​លោក​ស៊ិ​ក ប៊ុន​ហុក ដែល​បាន​លាលែង​ដោយសារ​បញ្ហា​សុខភាព នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​ល្ងាច​ថ្ងៃទី​១៦ ខែមិថុនា នេះ​ថា អនុវត្ត​តាមច្បាប់ និង​នីតិវិធី ដែល​មានចែង​ពាក់ព័ន្ធ គ​.​ជ​.​ប បេក្ខភាព​២​រូប ដែល​បានដាក់​ពាក្យ​ជា​ប្រធាន​គ​.​ជ​.​ប ទៅកាន់​រដ្ឋសភា ហើយ​រដ្ឋសភា​បញ្ជូន​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នកសម្រេច​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ជ្រើ​រើសយក​បេក្ខភាព​លោក ប្រាជ្ញ ច័ន្ទ ដើម្បី​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ហើយ​រុញ​ទៅ​រដ្ឋសភា​វិញ ដើម្បី​ឲ្យ​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណែក​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ដែរ​ថា សភា​បានទទួល​លិខិត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​នៅ​ថ្ងៃទី​១៦ ខែមិថុនា នេះ​ទាក់ទង​ការសម្រេច​យក​លោក ប្រាជ្ញ ចន្ទ ជា​ប្រធាន គ​.​ជ​.​ប ហើយ​រដ្ឋសភា​នឹង​ប្រជុំ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​នៅ​សប្តាហ៍​ក្រោយ​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានសម្រេច​បញ្ជូន​ឈ្មោះ​បេក្ខជន​២​រូប ដែល​បានដាក់​ពាក្យស្នើសុំ​ធ្វើជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទៅកាន់​គណបក្ស​ពាក់ព័ន្ធ ដើម្បី​ជ្រើស​រើសយក​បេក្ខជន​១​រូប ដើម្បី​ដាក់ជូន​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជំនួស​ដំណែង​លោក ស៊ិ​ក ប៊ុន​ហុក ដែល​លាលែង​ពី​តំណែង ដោយសារតែ​បញ្ហា​សុខភាព ហើយ​បេក្ខជន​ប្រធាន គ​.​ជ​.​ប ២​រូបនោះ គឺ​ទី​១. លោក ប្រាជ្ញ ច័ន្ទ និង​ទី​២. លោក ការ លាន (​អតីត​អភិបាលរង​ខេត្តព្រះវិហារ​)​។​

​លោក ប្រាជ្ញ ច័ន្ទ ត្រូវបាន​គេ​ស្គាល់​ថា ជា​អតីត​អភិបាលខេត្ត​បាត់ដំបង អតីត​អភិបាលខេត្ត​ត្បូងឃ្មុំ អតីត​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ហើយ​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា​។ លោក​ធ្លាប់​កាន់តំណែង​ជា​អភិបាលខេត្ត​បាត់ដំបង​ចាប់ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៤ ហើយ​នៅ​ខែមករា ឆ្នាំ​២០០១៤ លោក​ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ នៅពេល​រាជរដ្ឋាភិបាល​សម្រេច​ប​ង្កើ​ត​ខេត្ត​ត្បូងឃ្មុំៗ​ថ្មី ហើយ​រហូតដល់​ខែមីនា ឆ្នាំ​២០១៩ លោក​ត្រូវបាន​រដ្ឋសភា​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា នៃ​រដ្ឋសភា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម