ព័ត៌មានអន្ដរជាតិ
បង្រ្កាបកន្លែងផលិតប៊ីចេង និងគ្រឿងទេសក្លែងក្លាយទ្រង់ទ្រាយធំ នៅក្រុងហូជីមិញ ឃាត់ខ្លួនមនុស្ស៥នាក់
កម្លាំងនគរបាលនៃទីក្រុងហូជីមិញ ទើបតែបានបង្រ្កាបដោយជោគជ័យនូវខ្សែបណ្ដាញផលិត និងជួញដូរផលិតផលក្លែងក្លាយ មានដូចជា ប៊ីចេង ម្សៅស៊ុប និងម្សៅសាប៊ូ ជាដើម ដែលជនសង្ស័យ បានប្រើប្រាស់វត្ថុធាតុដើមគ្មានប្រភពច្បាស់លាស់ជាង ១,១តោន ដើម្បីផលិតទំនិញក្លែងក្លាយទាំងនេះចែកចាយនៅលើទីផ្សារ។

សារព័ត៌មានវៀតណាម VOV បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ថា បច្ចុប្បន្ន ស្ថាប័នស៊ើបអង្កេតបានសម្រេចប្តឹង និងចាប់ខ្លួនមនុស្សចំនួន ៥នាក់ ពីបទផលិត និងជួញដូរទំនិញក្លែងក្លាយ។ ជនសង្ស័យទាំងនោះ រួមមាន មេខ្លោងឈ្មោះ ង្វៀង វ៉ាន់ដៃ (Nguyễn Văn Đại) កើតឆ្នាំ ១៩៨៧ និងបក្ខពួក ៤នាក់ទៀតនៅក្នុងគ្រួសារតែមួយ គឺ ផាម ធីភឿង (Phạm Thị Phương), ជូ វ៉ាន់ថាញ់ (Chu Văn Thanh), ជូ វ៉ាន់ហ៊ូ (Chu Văn Hữu) និង ដៅ ដឹកមិញ (Đậu Đức Minh) ដែលរស់នៅក្នុងសង្កាត់វីញឡុក (Vĩnh Lộc)។
យោងតាមសមត្ថកិច្ច ក្រុមនេះបានដំណើរការយ៉ាងជិតស្និទ្ធដោយប្រើប្រាស់ទូរស័ព្ទ និងកម្មវិធី Zalo ដើម្បីទាក់ទងគ្នា និងតែងតែផ្លាស់ប្តូរទីតាំងដឹកជញ្ជូន ដើម្បីគេចពីការតាមដាន។ មេខ្លោងឈ្មោះ ង្វៀង វ៉ាន់ដៃ គឺជាអ្នកទិញវត្ថុធាតុដើមដែលគ្មានប្រភពច្បាស់លាស់ពីទីផ្សារងងឹត រួចបញ្ជាឱ្យគេបោះពុម្ពស្រោមវេចខ្ចប់ និងស្លាកសញ្ញាក្លែងក្លាយពីម៉ាកល្បីៗមកបិទ ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។
បន្ទាប់ពីតាមដានអស់ជាច្រើនខែ នៅចុងខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានចុះឆែកឆេររោងចក្រផលិត និងទីតាំងចែកចាយជាង ១២កន្លែង នៅក្នុងទីក្រុងហូជីមិញ និងខេត្តតៃនិញ (Tây Ninh)។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសប៊ីចេងក្លែងក្លាយជិត ១៥០គីឡូក្រាម, ម្សៅស៊ុបជាង ៥០គីឡូក្រាម, ម្សៅសាប៊ូជិត ៥៥០គីឡូក្រាម រួមជាមួយឧបករណ៍ម៉ាស៊ីន និងសម្ភារវេចខ្ចប់ជាច្រើនទៀត។ ជនសង្ស័យបានសារភាពថា ពួកគេបានទិញវត្ថុធាតុដើមប្រមាណជាង ១,១តោន ដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពណាមួយឡើយ។ ប្រសិនបើផលិតផលទាំងនេះត្រូវបានលក់ចេញទៅកាន់ទីផ្សារ វានឹងបង្កជាហានិភ័យសុខភាពធ្ងន់ធ្ងរដល់អ្នកបរិភោគរាប់ម៉ឺននាក់។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តបើកការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់វត្ថុធាតុដើម និងចាត់វិធានការទៅលើម្ចាស់ហាងលក់ទំនិញ ដែលបានចូលរួមចែកចាយទំនិញក្លែងក្លាយទាំងនេះ៕




ប្រែសម្រួល៖ ឈាង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៣ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


