ព័ត៌មានជាតិ
បំភ្លឺឲ្យកាន់តែច្បាស់ ចាក់វ៉ាក់សាំងដូសទី២ ប្តូរពី១៤ថ្ងៃទៅ២១ថ្ងៃវិញ កុំឲ្យពលរដ្ឋសង្ស័យ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ពីការកែសម្រួលនូវរយៈពេលនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី២ ពី១៤ថ្ងៃ មក២១ថ្ងៃក្រោយចាក់ដូសទី១វិញ សម្រាប់ពលរដ្ឋក្រោយៗទៀតដែលនឹងមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩។

ការលើកឡើងខាងលើនេះ ធ្វើឡើងក្នុងឱកាស លោស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បាននាំយកថវិកាឧបត្ថម្ភចំនួន ១០លានរៀល និងសម្ភារផ្សេងទៀត របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៥លាន គឺលោក ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។
លោស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមកនេះ ការចាក់វ៉ាក់សាំងរបស់កម្ពុជា ផ្នែកតាមការណែនាំដ៏ត្រឹមត្រូវពីក្រុមហ៊ុនផលិតវ៉ាក់សាំងអំពីគម្លាតនៃការចាក់វ៉ាក់សាំងមានរយៈពេល១៤ថ្ងៃសម្រាប់ការចាក់ដូសទី២ តាមលក្ខណៈបច្ចេកទេសនៃរបកគំហើញវិទ្យាសាស្ត្រ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា ដោយសារភាពរីករាលដាលនៃការចម្លងជំងឺកូវីដ-១៩ មានភាពស្ថានភាពខ្លាំង និងលឿន ដូច្នេះការចាក់វ៉ាក់សាំងរបស់យើង ក៏ត្រូវអនុវត្តឱ្យបានលឿនដែរ ដែលអ្នកវិទ្យាសាស្ត្របានបង្ហាញថា នៅពេលមានករណីចាំបាច់បន្ទាន់ ឬតំបន់ក្រហម ហើយយើងចង់ឱ្យចាក់វ៉ាក់សាំងបង្ការឱ្យបានទាន់សភាពការណ៍ ដូច្នេះការចាក់វ៉ាក់សាំងដូសទី២យើងអាចអនុវត្តបានក្នុងកម្រិតពី២សប្ដាហ៍ បានន័យថា ពី១៤ថ្ងៃទៅ២៨ថ្ងៃ។
លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា៖ “ប៉ុន្តែដូចយើងទាំងអស់គ្នាដឹងហើយថា វិទ្យាសាស្ត្រមានការរីកចម្រើន និងវិវត្តទៅមុខ នៅពេលមានការសិក្សាជាបន្តបន្ទាប់ទៀត ពិសេសក្នុងបរិបទនៃការកើតចេញនូវវីរុសបំប្លែងថ្មីនេះ ការសិក្សានានាក៏បាន និងកំពុងបន្តធ្វើ។ អ៊ីចឹងនៅពេលវ៉ាក់សាំងបានទទួលស្គាល់ដាក់ឱ្យប្រើប្រាស់ក្នុងបញ្ជីអង្គការសុខភាពពិភពលោក ហើយក្នុងពេលថ្មីៗនេះ យើងទទួលបានឯកសារជាផ្លូវការដែលបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី២នៅរយៈពេល១៤ថ្ងៃក្រោយនោះគឺត្រឹមត្រូវហើយមិនខុសទេ ក៏ប៉ុន្តែប្រសិនបើយើងចង់ឱ្យមានការបង្កើតអង្គការពារនៅក្នុងខ្លួន បើយើងពន្យារការចាក់វ៉ាក់សាំងដូសទី២ ថែម១សប្ដាហ៍ទៀត នោះការពង្រឹង និងការបង្កើតអង្គការពារនឹងកាន់តែល្អប្រសើរ”។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា៖ “អ៊ីចឹងហើយទើបមានការគិតគូរឡើងវិញដោយសារគម្លាតនៃការចាក់ដូសទី២ បើខុសគ្នាថែមតែ១សប្ដាហ៍ ដែលអាចបង្កើនភាពស៊ាំឱ្យកាន់តែរឹងមាំ ហេតុអីយើងមិនចាប់យក។ សម្ដេចតេជោលោកឈ្លាសវៃណាស់ លោកបានពិចារណាទៅលើចំណុចនេះ ហើយលោកក៏ផ្ដល់ឯកភាព និងកែសម្រួលរយៈពេលនៃការចាក់វ៉ាក់សាំងនេះ”។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស រូបនេះ បានអះអាងផងដែរថា ចំពោះប្រជាពលរដ្ឋជាង៥លាននាក់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ កន្លងមកនោះ ក៏មានមួយកន្លែងខ្លះចាក់ដូសទី២នៅ២សប្ដាហ៍ ឬ១៤ថ្ងៃ ហើយក៏មានមួយចំនួនធំបានចាក់ដូសទី២នូវរយៈពេល២១ថ្ងៃ គ្រាន់តែឥឡូវជាការកែតម្រូវដែលកន្លងមកក្រសួងសុខាភិបាលជម្រុញចាក់ឱ្យបានលឿនក្នុងរយៈពេល២សប្ដាហ៍ឱ្យមកចាក់ដូសទី២នៅរយៈពេល២១ថ្ងៃដូចគ្នា ទន្ទឹមពេលមិនមានតំបន់ហានិភ័យខ្ពស់ដូចពីមុន និងវ៉ាក់សាំងបានបែងចែកនៅទូទាំងប្រទេសអស់ហើយ។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៥,១០៤,៨៤៦នាក់ ស្មើ បានចំនួន៥១.០៥% សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


