ព័ត៌មានជាតិ
លទ្ធផលបឋមមានតែគណបក្សប្រជាជនកម្ពុជា ដែលគ្រងអាសនៈក្រុមប្រឹក្សាក្រុងបូកគោ
យោងតាមលទ្ធផលបឋម នៃការបោះឆ្នោតលើកទី១ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដែលបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា គឺមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលទទួលបានសម្លេងទគាំទ្រ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់ចំនួន១៧សំឡេង។

កាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ គឺជាព្រឹត្តិការណ៍ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ហើយបើតាម គ.ជ.ប ការបោះឆ្នោតនជ បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិន ការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
គ.ជ.ប បញ្ជាក់ថា ការិយាល័យបោះឆ្នោតបានចាប់ផ្ដើមបើកនៅវេលាម៉ោង៧ ព្រឹក តាមការគ្រោងទុក ហើយគណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោតនៅវេលាម៉ោង៧ និង៤១ នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោតចំនួន១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ ព្រែកត្នោត និងសង្កាត់កោះតូច បានចូលទៅបោះឆ្នោតរួចរាល់។ ជាមួយគ្នានោះ មន្ត្រីបោះឆ្នោត និងអ្នកបោះ ឆ្នោត បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងការិយាល័យបោះឆ្នោត។

ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានអនុវត្ត នីតិវិធីនៃការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង៨ និង០៨ នាទីព្រឹក ប្រកប ដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមានការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោតបានការសរុបចំនួន១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចនោះឡើយ។
លទ្ធផលបឋមរបស់ គ.ជ.ប ដែលប្រកាសក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានទទួលសន្លឹកឆ្នោតចំនួន១៧សំឡេង ខណៈគណបក្សនយោបាយចំនួន៣ផ្សេងទៀត រួមមាន គណបក្សហ៊្វិនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា មិនទទួលបានការគាំទ្រនោះទេ។
លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានឱ្យដឹងដែរថាលទ្ធផលនៃការរាប់សន្លឹកឆ្នោតបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលសម្លេងឆ្នោតគាំទ្រសរុបចំនួន១៧សន្លឹក ខណៈគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមការប្រកួកប្រជែងការបោះឆ្នោតនេះដែរ មិនទទួលបានសម្លេងឆ្នោតនោះទេ។
លោកបន្តទៀតថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតនេះ បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ហើយដំណើរការនេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោសម្រាប់អាណត្តិទី១ ដែលត្រូវបោះឆ្នោតជ្រើសរើសនេះ មានចំនួន១៣នាក់ ហើយអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ដែលមានចំនួន ១៧រូប នៅក្នុងសង្កាត់ចំនួន៣ នៃក្រុងបូកគោ គឺសង្កាត់បឹងទូក សង្កាត់កោះតូចនិងសង្កាត់ព្រែកត្នោត។
ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងបូកគោ នៃខេត្តកំពត ដើម្បីងាយស្រួលគ្រប់គ្រងរដ្ឋបាលដែនដី សំដៅធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងបង្ខិតសេវាការងាររដ្ឋបាលជូនប្រជាពលរដ្ឋ៕ អត្ថបទៈ កោះកែវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


