ព័ត៌មានជាតិ
អត្រាគ្រោះថ្នាក់ចរចរណ៍ស្លាប់ និងរងរបួស ខែកក្កដាកើនឡើង គួរឱ្យព្រួយបារម្ភ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែសីហានេះបានថ្លែងឱ្យដឹងអំពីលទ្ធផលការងារសុវតិ្ថភាពចរាចរណ៍ប្រចាំ ខែកក្កដា ឆ្នាំ២០២១ ដែលអត្រាគ្រោះថ្នាក់ស្លាប់ និងរងរបួសមានការថយចុះបើប្រៀបធៀបនឹងខែកក្កដាដូចគ្នាឆ្នាំ២០២០ ប៉ុន្តែវាជាការគួរឱ្យព្រួយបារម្ភ ដែលអត្រាគ្រោះថ្នាក់ស្លាប់ និងរងរបួសមានការកើនឡើងបើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថា ក្នុងខែកក្កដាឆ្នាំ ២០២១នេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង២០៨លើក ក្នុងនោះគ្រោះថ្នាក់កើតមានឡើងនៅពេលយប់មាន ៥៨% ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន១០៧នាក់ និងរងរបួសធ្ងន់ស្រាលមានចំនួន២៨២នាក់។ ទិន្នន័យនេះបើប្រៀប ធៀបនឹងខែកក្កដា ឆ្នាំ២០២០ គឺចំនួនអ្នកស្លាប់មានការថយចុះ៤០នាក់ ស្មើនឹង២៧ភាគរយ រីឯអ្នករងរបួសគឺថយចុះ៧០នាក់ ស្មើនឹង២០ភាគរយ។ ប៉ុន្តែបើធ្វើការប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ក្នុងខែមិថុនាឆ្នាំ២០២១នេះវិញ គឺចំនួនអ្នកស្លាប់បានកើនឡើង១៤នាក់ ស្មើនឹង១៥% និងចំនួនអ្នករងរបួស៣៩នាក់ ស្មើនឹង១៦%។
មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ទាំងនេះ គឺបណ្តាលមកពីការបើកបរដោយល្បឿនលឿនមាន៣៧% ការមិនគោរពសិទ្ធិមាន ២២% ការមិនប្រកាន់ស្តាំ ១៧% ការវ៉ាជែងមាន១០% បើកបរក្នុងស្ថានភាពស្រវឹងមាន៥% និងកត្តាយានយន្តមាន១%។ ចំណែកឯភូមិសាស្រ្តដែល មានគ្រោះថ្នាក់ច្រើនគឺនៅរាជធានីភ្នំពេញមានចំនួន៦៦លើក នៅខេត្តកណ្តាល ១៦លើក និងនៅខេត្តស្វាយរៀង១៥លើក។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ផ្អែកលើទិន្នន័យខាងលើនេះបានបង្ហាញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងភាគច្រើនបំផុតដោយសារតែមូលហេតុការបើកបរមិនគោរពច្បាប់។ ឆ្លៀតនៅក្នុងឱកាសនេះសម្តេចបានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយានយន្តទាំងអស់សូមមេត្តា ប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលាដើម្បីចៀសផុតគ្រោះថ្នាក់ដល់ខ្លួនយើង គ្រួសារ អ្នករួមដំណើរជាមួយយើង និងសង្គមជាតិយើង។
ជាមួយគ្នានេះសម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិ អ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទដែលបានប្រកាន់នូវឥរិយាបថជាពលរដ្ឋល្អ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។ សម្តេចក៏បានថ្លែងការអរគុណ និងកោតសរសើរខ្ពស់ចំពោះស្មារតី យកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃរបស់ថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ស្នងការដ្ឋាននគបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀតដែលបានបំពេញភារកិច្ចក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ ទោះបីក្នុងពេលដែលពិភពលោកក៏ដូចប្រទេសកម្ពុជាកំពុងរងការរាតត្បាតនៃ ជំងឺកូវីដ-១៩៕
អត្ថបទ៖ ណារី


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន