ព័ត៌មានជាតិ
អ្នកជំនាញសេដ្ឋកិច្ច ៖ ចាក់វ៉ាក់សាំងបានច្រើន និងករណីឆ្លង ថយចុះ ជាសញ្ញាណល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា នៅពេលមានការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋបានច្រើន ហើយចំនួនករណីឆ្លងកូវីដ-១៩ មានការថយចុះជាប្រចាំថ្ងៃនោះ គឺជាសញ្ញាណល្អមួយ សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលជាពិសេសសេដ្ឋកិច្ចគ្រួសារតែម្ដង។ តែយ៉ាងណាក៏ដោយ ដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា ក៏ជួបបញ្ហាប្រឈមខ្លះដែរ ចំពោះការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជា គឺប្រទេសថៃ និងប្រទេសវៀតណាម។ បញ្ហាប្រឈមនោះ នៅត្រង់ថា ការនាំចេញផលិតផល កសិកម្មរបស់កម្ពុជា នឹងមិនដំណើរការទៅដោរលូននោះឡើយ ប្រសិនប្រទេសជិតខាងកម្ពុជា នៅបន្តផ្ទុះខ្លាំងនូវជំងឺកូវីដ -១៩។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា បើយើងនិយាយ អំពីការវិវត្តនៃសេដ្ឋកិច្ចកម្ពុជា គឺមានកត្តា២ រួមមាន៖ ទី១. កត្តាចលករ សេដ្ឋកិច្ចខ្លួនឯងខាងក្នុង និងទី២.កត្តាចលករពីខាងក្រៅ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានកត់សម្គាល់ឃើញថា នៅពេលរាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានច្រើន និងប្រសិទ្ធភាព នៃវ៉ាក់សាំងបានល្អ នាំឲ្យចំនួនតួលេខ នៃការឆ្លងជំងឺកូវីដ-១៩ មានការថយចុះពីមួយថ្ងៃ ទៅមួយថ្ងៃ។ ការណ៍នេះ ជាសញ្ញាណមួយដ៏ល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាពិសេសសម្រាប់ សេដ្ឋកិច្ចគ្រួសារ របស់ប្រជាជនតែម្ដង។ ប៉ុន្តែករណីផ្ទុះកូវីដខ្លាំង នៅប្រទេសវៀតណាម និងប្រទេសថៃ ក៏អាចជះឥទ្ធិពល ដល់ដំណើរការសេដ្ឋកិច្ច របស់កម្ពុជាដែរ។
លោកបានថ្លែងយ៉ាងដូច្នេះថា «យើងនិយាយ អំពីការវិវត្តិ នៃសេដ្ឋកិច្ចកម្ពុជា វាមានកត្តា២ កត្តាចលករសេដ្ឋកិច្ចខ្លួនឯង នៅខាងក្នុង និងកត្តាចលករពីខាងក្រៅ អញ្ចឹងប្រសិនបើ ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងបានល្អត្រឹមត្រូវ ហើយប្រសិទ្ធភាព នៃវ៉ាក់សាំងនេះបានល្អ ដែលយើងឃើញទិន្នន័យ នៃការឆ្លងកូវីដ-១៩ បច្ចុប្បន្នមានការថមថយ ពីមួយថ្ងៃទៅមួយបែបនេះ គឺជាសញ្ញាណមួយល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា ជាពិសេស គឺសម្រាប់សេដ្ឋកិច្ចគ្រួសារ…ក៏ប៉ុន្តែបើយើងនិយាយ ពីឥទ្ធិពលនៃទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងបណ្ដាប្រទេសជិតខាង ការផ្ទុះនូវជំងឺកូវីដនៅប្រទេសវៀតណាម និងប្រទេសថៃ ក៏កត្តាមួយរារាំង ទៅដល់កំណើនសេដ្ឋកិច្ច របស់កម្ពុជាដែរ អញ្ចឹងយើងអាចនិយាយបានថា ដោយយោងតាមកត្តាទាំង២នេះ គឺច្រកចេញ នៃវិស័យកសិកម្ម របស់កម្ពុជា អាចនឹងប្រឈមមួយចំនួន ប្រសិនបើជំងឺនៅតែផ្ទុះ នៅវៀតណាម និងថៃ ដែលមិនទាន់ថមថយ»។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ បញ្ហាប្រឈមខាងលើនេះ យើងអាចដោះស្រាយបាន ប្រសិនបើរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា រួមគ្នាដោះស្រាយ តាមរយៈការបង្កើន ឬជំរុញការទិញផលិតផលកសិកម្ម នៅក្នុងស្រុក ដូចជា ស្វាយ និងដំឡូងជាដើម ដែលកន្លងមកកសិករ បានលក់ចេញទៅវៀតណាម និងប្រទេសថៃ តែនៅពេលផ្ទុះកូវីដ បានបាត់បង់នូវការបញ្ជាទិញ។ ម្យ៉ាងទៀត ក៏ត្រូវខិតខំកែច្នៃផលិតផលនៅក្នុងស្រុក ដើម្បីទប់ស្កាត់ការនាំចូលពីក្រៅប្រទេសផងដែរ។
សូមជម្រាបថា គិតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស សរុបជាង៨លាន ៦សែននាក់ ល្មើសនឹង៨១.៩៦ភាគរយ នៃចំនួនគោលដៅសរុប១០លាននាក់។ ចំនួននេះ មិនទាន់រាប់បញ្ចូល នូវការចាក់វ៉ាកសាំងដល់កុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំឡើយ។ ក្នុងនោះដែរប្រទេសកម្ពុជា ក៏បានក្លាយជាប្រទេសឈានមុខគេមួយ ដែលបានចាក់វ៉ាក់សាំង ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន។
ចំណែកស្ថានភាព នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាក្នុងសប្ដាហ៍នេះ ក៏មានការធ្លាក់ចុះផងដែរ ដោយតួលេខនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញឆ្លងថ្មី ចំនួន៤២៣នាក់, ជាសះស្បើយចំនួន៥៤១នាក់ និងអ្នកស្លាប់ ចំនួន២០នាក់។ បើគិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៨៤,២៦២នាក់, ជាសះស្បើយសរុប ចំនួន៧៨,៩៧២នាក់, និងស្លាប់សរុប ចំនួន ១,៦៥៤នាក់។

ទោះបីចំនួននៃការឆ្លងប្រចាំថ្ងៃ មានការធ្លាក់ចុះក៏ដោយ តែប្រទេសកម្ពុជា កំពុងមានការព្រួយបារម្ភ អំពីករណីឆ្លងវីរុសប្រភេទថ្មី Delta ដែលរកឃើញឆ្លង តាមបណ្ដារាជធានី-ខេត្តមួយចំនួន រួចទៅហើយ។ ក្នុងនោះ ករណីពលករត្រឡប់មកពីប្រទេសថៃ ក៏ជាក្ដីព្រួយបារម្ភមួយដែរ ដោយនៅប្រទេសថៃ បានកំពុងផ្ទុះករណីឆ្លងកូវីដ-១៩ ជាច្រើនករណីក្នុងមួយៗថ្ងៃ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលបើកយុទ្ធនាការចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានថ្លែងថា សម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដំបូងឡើយព្យាការណ៍ថា នឹងមានកំណើន៤.១ភាគរយ នៅឆ្នាំ២០២១។ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ យើងព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹមតែ ២.៥ភាគរយប៉ុណ្ណោះ៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា