ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដាក់កម្លាំងជួយទិញ និងបេះផ្លែមៀន និងផ្លែតាង៉ែន ដល់ចម្ការកសិករ
ខេត្តបាត់ដំបង៖ ដើម្បីបង្កការងាយស្រួលដល់ម្ចាស់ចម្ការ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារចុះបញ្ជាទិញផ្លែមៀន និងផ្លែតាង៉ែន ពីប្រជាកសិករដល់ទីតាំងចំការផ្ទាល់ និងបានឱ្យកម្លាំងយោធាជួយបេះផ្លែមៀនពីចម្ការរបស់ប្រជាពលរដ្ឋថែមទៀតផង។

ការចុះប្រមូលទិញផ្លែមៀន និងផ្លែតាង៉ែន ដល់ចម្ការផ្ទាល់នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀនពីប្រជាកសិករក្រីក្រដែលដាំមៀនដោយផ្ទាល់ ហើយមិនអាចរកទីផ្សារលក់បានតែប៉ុណ្ណោះ សម្រាប់ចម្ការមៀនរបស់មន្ត្រីទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
ក្នុងការប្រមូលទិញដល់ចំការ និងថែមទាំងជួយបេះទៀតនេះ ម្ចាស់ចម្ការអាចលក់បានតម្លៃ១,៨០០រៀល ក្នុងមួយគីឡូ ទៅតាមការព្រមព្រៀងគ្នា។
ក្នុងឱកាសចុះប្រមូលទិញផ្លែមៀនពីប្រជាកសិករនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ការចុះប្រមូលទិញផ្លែមៀននេះ គឺនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងបងប្អូនដែលកំពុងធ្វើចត្តាឡីស័កដោយមិនគិតថ្លៃ និងដើម្បីជួយរំលែកកុំឱ្យបងប្អូនប្រជាកសិករខាតបង់ច្រើនពេក ហើយការចុះប្រមូលទិញនេះមិនទាន់កំណត់ពេលវេលានោះទេ ពោលគឺបន្តប្រមូលទិញជាបន្តបន្ទាប់ទៀត។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា តាមការគ្រោងទុករបស់ក្រុមការងារចុះមកប្រមូល ទិញ កសិផលផ្លែមៀន ឬតាង៉ែន ពីប្រជាកសិករដល់ទីតាំងម្ចាស់ចម្ការផ្ទាល់នេះ ធ្វើឡើងនៅតាមបណ្ដាស្រុកចំនួន៦ រួមមាន ស្រុករតនៈមណ្ឌល សំឡូត បាណន់ ភ្នំព្រឹក សំពៅលូន និងស្រុកកំរៀង ដោយក្នុងស្រុកនីមួយៗជាជំហានដំបូង គឺប្រមូលក្នុងមួយស្រុកៗចំនួន១០តោន។
ជាមួយគ្នានោះ លោក ងួន រតនៈ បានអំពាវនាវដល់ម្ចាស់ចំការដែលមានផ្លែមៀនលក់ សូមទំនាក់ទំនងទៅកាន់អាជ្ញាធរស្រុករៀងៗខ្លួន ដើម្បីងាយស្រួលដល់ក្រុមការងារចុះប្រមូលទិញតាមទីតាំងចំការជាក់ស្ដែង។
សូមរំលឹកថា ដើម្បីសម្រាលទុក្ខលំបាក និងការខាតបង់ធ្ងន់ធ្ងររបស់ប្រជាកសិករដែលមានចម្ការមៀន ហើយរកទីផ្សារមិនបាន ខណៈភាគីថៃមិនឱ្យនាំចូលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់តាំង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឱ្យចុះប្រមូលទិញផ្លែមៀន ឬតាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃពីប្រជាពលរដ្ឋដែលម្ចាស់ចម្ការដែលកំពុងប្រឈមទាំងនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន