Connect with us

ព័ត៌មានជាតិ

ស្នងការថ្មីខេត្ត​សៀមរាប ប្រកាស​​​ចូលកាន់តំណែង​ជា​ផ្លូវការ

បានផុស

នៅ

សៀមរាប៖ ដូចការព្រាងទុក លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ​បាន​ចូល​​កាន់តំណែង​ជា​ស្នងការនគរបាលខេត្ត​សៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍។

ការប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តសៀមរាប​ថ្មី ធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទទី១៣ ខែកញ្ញា ឆ្នាំ២០២១ នាសាលប្រជុំរដ្ឋបាលខេត្ត​ ដោយមានការ​ចូលរួម​ពីសំណាក់​នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមមន្ត្រីរាជការមួយចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបាន​ថ្លែង​កោត​សរសើរ​ និង​បាន​ណែនាំ​​ដល់​ស្នងការថ្មីត្រូវបន្តអនុវត្តន៍ការងារប្រកបដោយតម្លាភាព និងស្មារតីទទួលខុសត្រូវខ្ពស់​នូវ​គោលការដែលប្រមុខថ្នាក់ដឹកនាំប្រគល់ជូន។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏មានមតិសំណេះសំណាល​និង​ក្រើនរម្លឹកការងារមួយចំនួន ដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបថ្មី ឲ្យ​បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរថែមទៀត។ ក្នុងនោះត្រូវចូលរួមសហការជាមួយស្ថាប័នផ្សេងៗ​អោយបានល្អ និងត្រូវចូលរួមទប់ស្កាត់នៃការរាលដាលនៃជម្ងឺកូវីដ១៩ ជាមួយអាជ្ញាធរ​ដើម្បីឲ្យមានការថយចុះនៃការឆ្លងមកវិញ។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន​នគរបាលខេត្តសៀមរាប ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម