ព័ត៌មានជាតិ
វិស័យទេសចរណ៍នៅកោះកុង កម្រើកឡើងវិញអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ
សន្ទុះនៃលំហូរភ្ញៀវទេសចរមកលេងកម្សាន្តលំហែកាយនៅតាមរមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តកោះកុង ត្រូវបានគេមើលឃើញថាកម្រើកឡើងវិញហើយ អំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះ។
៣ថ្ងៃអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ខេត្តកោះកុងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១១.២៤៨នាក់ ដោយមានភ្ញៀវទេសចរជាតិ១១.១៥៥នាក់ និងបរទេសចំនួន៩៣នាក់។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺថយចុះ១៥.០៧៥នាក់ ស្មើ៥៧ភាគរយ។
ទោះយ៉ាងណា លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទសចរណ៍ខេត្តកោះកុង យល់ឃើញថា ៣ថ្ងៃគិតពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ខេត្តហាក់មានវត្តមានភ្ញៀវទេសចរឡើងវិញ បើធៀបនឹង២ឆ្នាំមុន ព្រោះការញាំញីដោយសារវិបត្តិជំងឺកូវីដ១៩។

លោកប្រធានមន្ទីរទសចរណ៍ខេត្តកោះកុង ឱ្យដឹងព្រឹកថ្ងៃទី៨ ខែតុលា ថា ដំណើរការបើកទ្វាររមណីយដ្ឋានធម្មជាតិ និងតំបន់កែច្នៃ សុទ្ធតែត្រូវបានណែនាំឱ្យអនុវត្តវិធានការរក្សាសុវត្ថិភាពចំណីអាហារ ទីកន្លែងស្នាក់នៅ ឬការផ្តល់សេវាកម្សាន្តផ្សេងៗទៀត ជាពិសេសអនុវត្តវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ភាពធូរស្បើយនៃជំងឺកូវីដ គឺជាកត្តាអាចស្តារសេដ្ឋកិច្ចជីវភាពឡើងវិញតាមរយៈការផ្តល់សេវាទេសចរណ៍ ប្រសិនណាមិនចូលរួមទប់ស្កាត់ទាំងអស់គ្នាការស្តារសេដ្ឋកិច្ចសង្គមមិនអាចធ្វើទៅបានប្រកបដោយនិរន្តរភាពនោះទេ។ តាមក្រុមមន្ត្រីពិនិត្យវាយតម្លៃឃើញថា ទាំងប្រតិបត្តិករ អាជីវករ និងអ្នកទេសចរ ពិតជាអនុវត្តនូវវិធានការសុខាភិបាលយ៉ាងល្អប្រសើរអំឡុងថ្ងៃភ្ជុំបិណ្ឌកន្លងទៅនេះ។

សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ស្ថិតនៅក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតនៅក្នុងទឹកដីខេត្តកោះកុង ក៏បានទទួលបានភ្ញៀវទេសចរចូលសម្រាកលំហែកាយប្រមាណជិត៣.០០០នាក់ដែរ។
បើតាមលោក ជ័យ យឿន ប្រធានសហគមន៍អេកូធម្មជាតិព្រៃកោងកាងពាមក្រសោប តួលេខភ្ញៀវទេសចរនៅពេលនេះ បើធៀបនឹងកន្លងទៅមានតែអ្នកទេសចរក្នុងខេត្ត តែ៣០ទៅ៥០នាក់ប៉ុណ្ណោះសម្រាប់ថ្ងៃចុងសប្តាហ៍។

លោក ជ័យ យឿន បន្ថែមថា មុននឹងបើកទ្វារចាំទទួលបណ្តាអ្នកទេសចរមកពីទីជិតឬឆ្ងាយ សហគមន៍របស់លោកបានរៀបចំសោភណ្ឌភាព អនាម័យបរិស្ថានទៅតាមអ្វីដែលការជូនដំណឹងរបស់រដ្ឋបាលខេត្ត និងក្រសួងជំនាញយ៉ាងខ្ជាប់ខ្ជួន។ មុនអនុញ្ញាតឱ្យចូលក្នុងសហគមន៍ គឺតម្រូវឱ្យអនុវត្តសុខាភិបាលជាចាំបាច់ដូចជា៖ វាស់កម្ដៅ លាងដៃនឹងអាល់កុល និងម៉ាស់ជាដើម។

គួរជម្រាបថា វិស័យទេសចរណ៍នៅខេត្តកោះកុង ហាក់កម្រើកឡើងវិញបន្តិចហើយ ក្រោយប្រមុខរដ្ឋាភិបាលកម្ពុជាបើកភ្លើងខៀវដល់ពលរដ្ឋ និងអ្នកទេសចរអាចធ្វើដំណើរទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានាទូទាំងប្រទេស។
ដោយឡែកក្រុមអ្នកទេសចរមកពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមកចូលលេងនៅសហគមន៍ពាមក្រសោប ក៏គាំទ្រចំពោះការអនុវត្តវិធានការសុខាភិបាលឈរលើគោលការណ៍បង្ការការពារទប់ស្កាត់ជំងឺកូវីដ ទោះបីជាមានការចាក់វ៉ាក់សាំងក៏ដោយ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


