ព័ត៌មានជាតិ
ក្រសួងអប់រំ ដាក់ចេញគោលការណ៍មួយចំនួនសម្រាប់ដំណើរការប្រឡងឌីប្លូមនៅថ្ងៃទី១៥ វិច្ឆិកា
ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្ដីណែនាំប្រតិបត្តិស្ដីពីវិធានការសុវត្ថិភាពនិងសុខភាពសម្រាប់ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ដើម្បីធានាសុវត្ថិភាព និងសុខភាពដល់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជននៅអំឡុងពេលប្រឡង។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ចុះថ្ងៃទី០៥ ខែវិច្ឆិកា បានឱ្យដឹងថា ក្រសួងបានណែនាំឱ្យមានការរៀបចំប្រគល់ភារកិច្ច និងការទទួលខុសត្រូវជាលាយលក្ខណ៍អក្សរដល់ក្រុមការងារសុខភាព ដឹកនាំដោយប្រធាន ឬអនុប្រធានមណ្ឌលប្រឡង ដែលជ្រើសរើសចេញពីគណៈមេប្រយោគ និងគណៈកម្មការប្រឡងដើម្បីចាត់វិធានការសុវត្ថិភាព និងសុខភាព តាមការណែនាំធ្វើអនាម័យ បោសសម្អាតបន្ទប់ អគារ បរិវេណ និងរៀបចំកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រម្ងាប់មេរោគលើតុ កៅអី ដៃទ្វារ បង្កាន់ដៃ ផ្ទៃរាបបន្ទប់ប្រឡង និងកន្លែងចាប់កាន់ញឹកញាប់។
ត្រូវពិនិត្យលទ្ធភាពរៀបចំគំនូសគម្លាតសុវត្ថិភាពនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា រៀបចំតុ កៅអី សម្រាប់ បេក្ខជនក្នុងបន្ទប់ប្រឡងនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥ម៉ែត រៀបចំកន្លែងបិទបញ្ជីឈ្មោះបេក្ខជននៅច្រើនកន្លែងដើម្បីរក្សានូវគម្លាតសុវត្ថិភាពសម្រាប់បេក្ខជនមើលឈ្មោះ រៀបចំកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យសម្រាប់ប្រើប្រាស់ជាប្រចាំរៀបចំសម្ភារៈអនាម័យដូចជា សាប៊ូទឹកអាល់កុល ឬអាល់កុលដែលលាងដៃសម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡងនីមួយៗ។
ត្រៀមបម្រុងម៉ាស់សម្រាប់ចែកជូនគណៈមេប្រយោគ គណៈកម្មការប្រឡង និងបេក្ខជននៅពេលចាំបាច់ រៀបចំទីកន្លែងនិងឧបករណ៍សម្រាប់ស្ទង់កម្តៅ នៅតាមមណ្ឌលប្រឡងតាមទីតាំងសមស្របមុនពេលបេក្ខជនចូលទៅកាន់បន្ទប់ប្រឡង។ រៀបចំបន្ទប់ប្រឡងបម្រុងដោយឡែកសម្រាប់បេក្ខជនដែលមានកម្ដៅលើសពី៣៧.៥អង្សាសេ និងបេក្ខជនដែលស្ថិតក្នុងកំឡុងពេលចត្តាឡីស័ក ។ ត្រួតពិនិត្យបុគ្គលិកអប់រំ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនមានបណ្ណចាក់វ៉ាក់សាំង មិនអនុញ្ញាតឱ្យចូលបន្ទប់ប្រឡងឡើយ និងត្រូវជំរុញ ឬលើកទឹកចិត្តឱ្យទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ លើកលែងតែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង។ ប៉ុន្តែត្រូវមានវិធានការការពារឱ្យបានហ្មត់ចត់ដើម្បីកុំឱ្យមានការចម្លងជំងឺនានានៅក្នុងមណ្ឌលប្រឡង។
ក្រសួងបានណែនាំទៀតថា ចំពោះដំណើរការសំណេរត្រូវចាត់តាំងក្រុមការងារសុខភាព ឈរនៅមាត់ទ្វារ ឬច្រកចូលមកកាន់មណ្ឌលប្រឡងដើម្បីណែនាំឱ្យបេក្ខជនតម្រង់ជួរដោយរក្សាគម្លាតសុវត្ថិភាព និងវាស់ស្ទង់កម្ដៅគណៈមេប្រយោគ គណៈកម្មការប្រឡង និងបេក្ខជនមុនពេលចូលក្នុងមណ្ឌលប្រឡងព្រមទាំងណែនាំបន្ថែមឱ្យពាក់ម៉ាស់បានត្រឹមត្រូវ និងលាងសម្អាតដៃមុនចូលបន្ទប់ប្រឡង។
ក្នុងករណីរកឃើញអ្នកមានកម្តៅលើសពី៣៧,៥អង្សាសេ ត្រូវ វាស់ស្ទង់កម្តៅម្តងទៀតជាលើកទី២ ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឱ្យចូលបន្ទប់ប្រឡងកន្លែងបំពេញភារកិច្ចរបស់ខ្លួនប្រសិនបើកម្ដៅចុះធម្មតាវិញ។ ករណីដែលស្ទង់កម្ដៅលើកទី២នៅតែខ្ពស់លើសពី៣៧,៥អង្សាសេដដែល ចំពោះបេក្ខជនត្រូវបញ្ជូនគាត់ទៅបន្ទប់ប្រឡងដាច់ដោយឡែកដែលបានត្រៀមបម្រុងទុក (រក្សាលេខតុ លេខបន្ទប់ដដែលនិងបញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនដាក់នៅក្នុងជុំកិច្ចការបេក្ខជននៅបន្ទប់ដើមតាមម៉ោង មុខវិជ្ជានីមួយៗ)។
ដោយឡែកចំពោះគណៈមេប្រយោគនិងគណៈកម្មការនានា ត្រូវអនុញ្ញាតឱ្យឈប់សម្រាកនិងណែនាំឱ្យរកសេវាសុខភាពសមស្រប។ត្រូវប្រើប្រាស់ស្រោមដៃនៅពេលដំណើរការឆែកឆេរសំណៅឯកសារ និងឧបករណ៍ហាមឃាត់មុនពេលចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡងការប្រមូល និងវេចខ្ចប់សន្លឹកកិច្ចការបេក្ខជនដែលមានកម្ដៅលើសពី៣៧,៥អង្សាសេ និងបេក្ខជនដែលស្ថិតក្នុងកំឡុងពេលចត្តាឡីស័ក។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១នេះក្រសួងអប់រំនៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំ ការប្រឡងចាប់តាំងពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងប្រកាសលទ្ធផល នៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ១២ ម៉ោង ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារារ៉េប Ricky ScoTt ទម្លាយរឿងនារីម្នាក់ត្រូវ Rappersល្បីឈ្មោះ២រូបបៀតបៀនផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
៥០ ឆ្នាំមកនេះ បុរាណវិទូ ចិន នៅតែឈឺចាប់ ក្រោយកំណាយឃើញទ័ពដីឥដ្ឋអធិរាជ ឈិនស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ