ព័ត៌មានជាតិ
មកដឹងខ្ទង់ចំណាយរបស់ពលរដ្ឋម្នាក់ ដើរកម្សាន្តក្នុងឱកាសបុណ្យអុំទូកកាលពីសប្តាហ៍មុន
ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍អំពីចំនួនភ្ញៀវទេសចរដើរកម្សាន្តថ្ងៃពិធីបុណ្យអុំទូកប្រមាណជាង ១លាននាក់ រយៈពេល ៣ថ្ងៃ ដោយបូករួមថ្ងៃអាទិត្យមួយថ្ងៃទៀត។

អ្នកជំនាញលើកឡើងថា សន្ទុះនៃការចេញដើរសម្សាន្តរបស់ពលរដ្ឋទៅកាន់តំបន់នានាក្នុងប្រទេសកម្ពុជា ជាចំណុចវិជ្ជមាននៃវិស័យទេសចរណ៍ និងអាជីវកម្មទេសចរណ៍ ដែលជាឱកាសងើបឡើងវិញ ក្នុងរយៈពេលដ៏ឆាប់ខាងមុខ។
អ្នកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ការកើនឡើងលើសលប់ នៃភ្ញៀវទេសចរចេញដើរកម្សាន្តនាពេលនេះ បានជួយដល់សេដ្ឋកិច្ចជាតិមួយផ្នែកធំ។ អ្នកស្រី បានប៉ាន់ស្មានថា ពលរដ្ឋម្នាក់អាចចំណាយយ៉ាងតិចបំផុត ៥០ដុល្លារ(២០ម៉ឺនរៀល)ទៅ ១០០ដុល្លារ(៤០ម៉ឺនរៀល) ក្នុងការដើរកម្សាន្តរយៈពេលបីថ្ងៃនេះ។

អ្នកស្រីបន្តដូច្នេះថា «ប្រសិនបើកំណើនភ្ញៀវទេសចរកើនជាលំដាប់ អាចជួយសេដ្ឋកិច្ចបានច្រើន និងស្តារវិស័យទេសចរណ៍ឲ្យងើបឡើងវិញឆាប់រហ័សផងដែរ ព្រោះថា ភ្ញៀវក្នុងកើនឡើងពិសេសនៅពេលមានបុណ្យទាន ភ្ញៀវជាតិដឹងតែចេញដើរលេង ពោលគឺលឿនជាងភ្ញៀវបរទេស ដោយសារភ្ញៀវបរទេសត្រូវការពេលវេលាបន្តិច»។
ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា បើការរីករាលដាលជំងឺកូវីដ-១៩ កាន់តែថយចុះជាបន្តបន្ទាប់ កំណើនភ្ញៀវទេសចរនៅទូទាំងប្រទេសនឹងកាន់តែកើនឡើងផងដែរ។ ជាក់ស្តែងពិធីបុណ្យទានផ្ទួនៗនាពេលខាងមុខ ដូចជា ពិធីបុណ្យចូលឆ្នាំសកល ពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំខ្មែរជាដើម នឹងមានពលរដ្ឋចេញដើរលេងកម្សាន្តច្រើនកុះករ។
បើតាមអ្នកស្រី ឆាយ សៀវលីន កម្ពុជា មិនត្រឹមតែទទួលបានសញ្ញាវិជ្ជមានផ្នែកវិស័យទេសចរណ៍ប៉ុណ្ណោះទេ ស្របគ្នានេះដែរ វិស័យសេវាកម្ម សហគមន៍ទេសចរណ៍ អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ សេវាដឹកជញ្ជូន រួមទាំងអន្តរវិស័យផ្គត់ផ្គង់ក្នុងផ្នែកទេសចរណ៍ នឹងទទួលបានផលដូចគ្នា។
យោងតាមបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូករួមនឹងថ្ងៃអាទិត្យ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរប្រមាណ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ១៤,៤៥៦នាក់។ តំបន់ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ខេត្តកំពត ខេត្តកែប ពោធិ៍សាត់ និងខេត្តបាត់ដំបងជាដើម៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


