Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការអាស៊ាន នឹងធ្វើការងារយ៉ាងជិតស្និទ្ធ និងយកចិត្តទុកដាក់ ជាមួយប្រធានអាស៊ាន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរងចំនួន ៣រូបទៀត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានអគ្គលេខាធិការ និងអគ្គលេខាធិការរងអាស៊ាន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា ហើយដែលនឹងចូលរួមក្នុងវេទិកាអាស៊ានផង និងមានជំនួបជាមួយសហគមន៍ ៣ផ្សេងទៀត របស់អាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីការងារសំខាន់ៗ និងបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុងតែមានក្នុងឆ្នាំ ២០២២នេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា ដោយសារតែការប្រឈមមួយចំនួន មានលក្ខណៈមិនធម្មតា។ ដូច្នេះ ត្រូវមានការខិតខំឲ្យបានខ្លាំងក្លាមែនទែន ដើម្បីជំរុញការងារទាំងនោះ ជាពិសេសការតភ្ជាប់អាស៊ាន ដែលការតភ្ជាប់នេះ ត្រូវបានរំខានដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការខិតខំធ្វើយ៉ាងណា ជំរុញទៅលើការអនុវត្តបញ្ចប់របាំងទេសចរណ៍ក្នុងតំបន់អាស៊ាន ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាធុរកិច្ចពាណិជ្ជកម្មក្នុងតំបន់ អាចធ្វើដំណើរទៅមកបាន។ លោកបណ្ឌិត កៅ គឹមហួន បានឲ្យដឹងដែរថា នៅក្នុងខែមករានេះ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅក្នុងតំបន់អាស៊ាន (RCEP) ត្រូវបានចូលធរមាន។ ដូច្នេះ ត្រូវមានការខិតខំជំរុញ ធ្វើការងារនេះឲ្យបានទទួលជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងជំនួបនេះដដែល ក៏បានលើកឡើងអំពីស្ថានភាព នៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ដែលមានការធូរស្រាល ទោះបីមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង បានចូលមកដល់ក៏ដោយ​។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីចំណុចក្ដៅមួយចំនួន នៅពេលដែលប្រទេសកម្ពុជា ធ្វើជាប្រធានអាស៊ាននាឆ្នាំ ២០២២នេះ ដូចជា៖ បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលសម្ដេចតេជោបានអញ្ជើញ ទៅធ្វើទស្សនកិច្ចការងាររយៈពេលពីរថ្ងៃ ក្នុងគោលបំណងជួយប្រទេសស្ដារស្ថានការណ៍ ក្នុងប្រទេសមួយនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់គោលបំណងចំនួន ៣ចំណុច ទៅកាន់អគ្គលេខាធិការអាស៊ាន ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលទី១. ធ្វើយ៉ាងឲ្យមានបទឈប់បាញ់ និងអំពើហិង្សា។ ទី២. ការផ្ដល់ជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់មី ដែលត្រូវការជំនួយចាំបាច់។ ទី៣. ការបើកច្រកទ្វារ នៃការធ្វើការរបស់ប្រេសិត នៃប្រធានអាស៊ាន។

បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរ អំពីគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ដើម្បី​ជំរុញការងារទៅទៀត ពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា តាយរយៈយន្ដការអាស៊ាន-ត្រយកា និងការផ្ដល់ជំនួយមនុស្សធម៌ ទៅកាន់ប្រទេសនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា យន្ដការអាស៊ាន-ត្រូយការ ត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្ន ប្រធានអាស៊ានឆ្នាំមុន និងប្រធានអាស៊ាននាឆ្នាំបន្ទាប់ ដែលមានន័យថា មាន៖ ប្រទេសកម្ពុជា, ប្រុយណេរ, និងឥណ្ឌូនេស៊ី រួមទាំងអគ្គលេខា​ធិការអាស៊ាន ដែលត្រូវធ្វើការងារជាមួយគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការតាមដាន បទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងវឌ្ឍនភាព នៃការអនុវត្តនូវចំណុចទាំង ៥ ដែលបានសមាជិកអាស៊ានទាំងអស់ បានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ ២០២១កន្លងទៅនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏លើកឡើងអំពីបញ្ហាសមុទ្រចិនខាងត្បូងផងដែរ ដោយសារតែឆ្នាំនេះ គឺជាខួបលើកទី ២០ នៃDOC ហើយសម្ដេចតេជោថា ទោះបីជាយើងកំពុងមានការរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏យើងមិនត្រូវភ្លេចអំពីការងារនេះនោះទេ ដោយយើងត្រូវខិតខំបន្តជំរុញ និងបង្កើនល្បឿននៃការចរចា ព្រោះតែការងារនេះជាការងារចាំបាច់ សម្រាប់តំបន់អាស៊ាន។ តែទោះជាយ៉ាងណា នៅក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើដល់អគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្ត ក្នុងការចរចាCOC ឲ្យមានវឌ្ឍនភាពទៅមុខ។

ជាការឆ្លើយតបលោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានអរគុណចំពោះអនុសាសន៍ និងការណែនាំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការងាររបស់អាស៊ាន នៅក្នុងឆ្នាំ ២០២២នេះ។ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា យើងនឹងធ្វើការ ជាមួយនឹងប្រធានអាស៊ានឆ្នាំនេះ ក៏ដូចជាវិស័យផ្សេងទៀត ដែលកម្ពុជាដឹកនាំ រួមទាំងបញ្ហាកូវីដ-១៩ ផងដែរ។

លោក ដាតុ លឹម ចុក ហ៊ុយ បានបន្ថែមថា យើងនឹងអនុវត្ត នូវផែនការសកម្មភាពនានា ជាពិសេសការធ្វើដំណើរទៅមុខ របស់អាស៊ាន។ លោកថា នាពេលនេះ យើងគ្រោងរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន ដើម្បីធ្វើយ៉ាងណាជំរុញ ដោះស្រាយបញ្ហាការរាត្បាតជំងឺកូវីដ-១៩ នេះ។ មិនត្រឹមតែប៉ុណ្ណោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ាន លោកនឹងធ្វើការងារជាមួយប្រធានអាស៊ាន និងសមាជិកអាស៊ានផ្សេងទៀត ជាពិសេសក្នុងការអនុវត្តកិច្ចព្រមព្រៀង ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅក្នុងតំបន់អាស៊ាន (RCEP) ដែលចូលរួមធរមានរួចហើយ ដើម្បីធ្វើយ៉ាងណាជំរុញ ការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន ហើយអាស៊ាន នឹងបន្តធ្វើការងារ ជាមួយដៃគូសន្ទនារបស់អាស៊ាន ដូចជា៖ ជប៉ុន, កូរ៉េ, និងចិន ជាដើម។

បន្ថែមពីលើនេះ អគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់បន្ថែមថា យើងនឹងធ្វើការងារយ៉ាងជិតស្និត និងយកចិត្តទុកដាក់ជាមួយប្រធានអាស៊ាន ហើយមិនត្រឹមតែប៉ុណ្ណោះទេលោក និងអគ្គលេខាធិការរងផ្សេងទៀត ក៏គាំទ្រប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន ១០០ភាគរយ ផងដែរ។ ដោយឡែក ពាក់ព័ន្ធនឹងខួបលើកទី ២០ នៃDOC និងការជំរុញ ការតាក់តែងCOC លោក ដាតុ លឹម ចុក ហ៊ុយ បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានអាស៊ាន នឹងខិតខំជំរុញការងារនេះ ហើយជាពិសេសអាចផ្ដល់ទីតាំង អគ្គលេខាធិការដ្ឋានអាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំទាំងឡាយ ដើម្បីធ្វើយ៉ាងណាមានវឌ្ឍនភាព នៃការចរចាទៅលើ COC។

លោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ទៀតថា លោកពិតជាត្រេអរ ហើយនិងអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការណែនាំនានា ហើយលោកនឹងគាំទ្ររាល់គំនិតផ្ដួចផ្ដើមទាំងអស់ របស់ប្រទេសកម្ពុជា ដែលប្រធានអាស៊ាន ២០២២នេះ ១០០ភាគរយ ជាពិសេសការជំរុញការអនុវត្ត នូវចំណុចដែលឯកភាពគ្នាទាំង ៥ចំណុច ពាក់ព័ន្ធនឹងស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក ដាតុ លឹម ចុក ហ៊ុយ គិតថា យន្តការចំនួន ២ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឲ្យបង្កើតនេះ គឺពិតជាមានសារៈសំខាន់ ហើយបច្ចុប្បន្ននេះ យន្ដការពាក់ព័ន្ធនឹងការផ្ដល់ជំនួយមនុស្សធម៌ លោក ក៏បានរាយការណ៍ជូនសម្ដេចតេជោ ថា កន្លងមកនេះ មានការរៀបចំការប្រជុំ និងការកៀរគជំនួយ សម្រាប់ប្រជាជនមីយ៉ាន់ម៉ានេះ បានធ្វើឡើងនៅខែសីហា ឆ្នាំ ២០២១ ហើយបានផ្ដល់ជំនួយជាលើកដំបូងនៅខែតុលា ឆ្នាំ ២០២១រួចហើយដែរ។

លោកបន្ថែមថា នៅពេលខាងមុខនេះ នឹងការខិតខំជំរុញថែមទៀត ក្នុងការផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ានេះ ហើយអ្វីដែលសម្ដេចតេជោ មានប្រសាសន៍គឺត្រឹមត្រូវណាស់ក្នុងការជំរុញ ការផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ា។ ពាក់ព័ន្ធ នឹងគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កើតយន្ដកាអាស៊ាន-ត្រយកា ដើម្បីតាមដានបទឈប់បាញ់នៅមីយ៉ាន់ម៉ានេះ លោក ដាតុ លឹម ចុក ហ៊ុយ បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋានអាស៊ាន នឹងផ្ដល់ការគាំទ្រពេញទំហឹង៕

អត្ថបទ៖​ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

សន្តិសុខសង្គម១ ម៉ោង មុន

Update៖ ករណីអគ្គិភ័យនៅខណ្ឌឬស្សីកែវ ឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម