ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ យុវជនជាសសរទ្រូងនិងជាអ្នកបន្តវេនដ៏មានថាមពលក្នុងការអភិវឌ្ឍប្រទេសជាតិ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាសសរទ្រូងនិងជាអ្នកបន្តវេនដ៏មានថាមពលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើន។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០២២ ខណៈលោកបានអនុញ្ញាតឲ្យបេក្ខភាពជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២១-២០២២ ចំនួន១៨នាក់ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរចំពោះបេក្ខភាពអាហារូបករណ៍ដែលទទួលបានការសិក្សានៅប្រទេសអូស្ត្រាលី ដែលអាចចាត់ទុកបានថា ជាឱកាសដល់មានតម្លៃមួយសម្រាប់កូនខ្មែររបស់យើងដែលទទួលបានឱកាសបានទៅសិក្សានៅប្រទេសដែលមានភាពរីកចម្រើនលើផ្នែកបណ្តុះបណ្តាលធនធានមនុស្សមួយនេះ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា « នេះជាបរិបទថ្មីប្រចាំជីវិតរបស់ក្មួយៗ គ្រួសារក្មួយៗផ្ទាល់ពិតជារីករាយ និងសប្បាយចិត្តណាស់ចំពោះក្មួយៗ។

រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំយុវជន និងកីឡា ពិតជាមានមោទនភាព ដែលបានបង្កើតឱកាសនេះជូនដល់ក្មួយៗជាយុវជន។ ពូ ជឿជាក់ថា ការសិក្សារបស់ក្មួយនឹងទទួលបានជោគជ័យក្លាយជាមនុស្សថ្មីដែលមានសមត្ថភាពខ្ពស់ជាងពេលនេះ។ នេះជាការតបស្នងដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រលាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្តល់អាហារូបករណ៍»។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយយុវជន ដោយយុវជនជាសសរទ្រូងជាអ្នកបន្តវេនរបស់ជាតិ ផ្តល់ជូននូវឱកាសមាស គឺសន្តិភាព, ទទួលបានការអប់រំការបណ្ដុះបណ្ដាលជំនាញ, ទទួលបានការងារ មុខរបរ, ចូលរួមក្នុងសកម្មភាពសង្គម ទទួលបានការតែងតាំងតាមសមត្ថភាព និងស្នាដៃជាមួយរូបមន្តរក្សាចាស់បន្ថែមថ្មី ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាក់ស្តែងចលនាយុវជន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន និងជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីកំពុងធ្វើសកម្មភាពយ៉ាងសកម្មដើម្បីអនាគតភ្លឺស្វាងមួយរបស់យុវជន។
លោករដ្ឋមន្ត្រីបានបន្ថែមថា «សូមចាំថាឱកាសល្អមិនមានគ្រប់ពេលវេលានោះទេ កត្តាសុខសន្តិភាពជាគន្លឹះគ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ នេះជាអ្វីដែលយុវជនជាអ្នកបន្តវេន ត្រូវរៀនសូត្រ»។
លោករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់បេក្ខភាពអាហារូបករណ៍ដែលបានសិក្សានៅប្រទេសអូស្ត្រាលីត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជាពីប្រទេសដែលមានការរីកចម្រើនលើការបណ្តុះបណ្តាលធនធានមនុស្សមួយនេះ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួន។
ថែរក្សាសុខភាព ជាពិសេសក្នុងបរិបទនៃកូវីដ-១៩នេះ គឺត្រូវប្រកាន់ឲ្យបានភ្ជាប់នូវវិធានអនាម័យ។ ត្រូវចូលរួមសកម្មភាពសង្គមនានា ជួយផ្សព្វផ្សាយសភាពការណ៍ព័ត៌មានត្រឹមត្រូវពីកម្ពុជា ជាពិសេសគឺត្រូវរក្សាបាននូវសាមគ្គីភាព ទំនាក់ទំនងគ្នាឲ្យកាន់តែល្អចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងពេលមានអាសន្នចេះសម្របខ្លួនរស់នៅក្នុងសហគមន៍ដែលមានវប្បធ៌ម និងជាតិសាសន៍ខុសៗគ្នា និងជូនពរឲ្យទទួលបានជោគជ័យនៅក្នុងការសិក្សារបស់ខ្លួន។

គួរបញ្ជាក់ជូនថា អាហារូបករណ៍ Australia Awardsគឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រមព្រៀងសកល ទ្វេភាគីនិងតំបន់។ Australia Awardsមានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ក៏បានផ្តល់ឱកាសសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍វិជ្ជាជីវៈដល់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ និងជាអ្នកដឹកនាំជំនាន់ក្រោយដែលមានបំណងនាំយកនូវឥទ្ធិពលវិជ្ជមានមកកាន់ប្រទេសរបស់ពួកគេក៏ដូចជាមានបំណងកសាងអាជីពការងារដែលរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍របស់កម្ពុជានាពេលអនាគត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


