Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានខ្លាំងៗដាក់ប្រទេស​ចំនួន ១៤ ឱ្យបញ្ឈប់ការលូកដៃក្នុងរឿងសមុទ្រចិនខាងត្បូង ជាបន្ទាន់!

បានផុស

នៅ

សមុទ្រចិនខាងត្បូង កំពុងក្លាយជាចំណុចក្តៅគគុកម្តងទៀត បន្ទាប់ពីប្រទេសចំនួន១៤ រួមមាន សហរដ្ឋអាមេរិក ជប៉ុន ហ្វីលីពីន អូស្ត្រាលី និងចក្រភពអង់គ្លេស បានរួមដៃគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីរំលឹកខួប ១០ឆ្នាំនៃសាលក្រមតុលាការអន្តរជាតិ ដែលបានសម្រេចថា ការអះអាងរបស់ចិនលើដែនសមុទ្រនេះមិនមានមូលដ្ឋានច្បាប់នោះទេ។

(រូបថត៖ Jakarta Globe)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Asia Today បានចុះផ្សាយ​​នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៦ នេះ ថា ការប្រកាសរបស់​ប្រទេស​ទាំង​១៤ បានធ្វើឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងផ្ទុះកំហឹងយ៉ាងខ្លាំង ដោយចាត់ទុកថា វាជាទង្វើដ៏គ្រោះថ្នាក់ និងជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន។

ក្រសួងការបរទេសចិន បានចេញវីដេអូឃ្លីបមួយកាលពីថ្ងៃទី១៣ ខែកក្កដា ដោយអះអាងថា ខ្លួនមានសិទ្ធិគ្រប់គ្រងសមុទ្រចិនខាងត្បូង តាំងពីសម័យបុរាណមកម្ល៉េះ។ មិនតែប៉ុណ្ណោះ សារព័ត៌មាន Global Times ដែលជាកាសែតគាំទ្ររដ្ឋាភិបាលចិន បានចេញសម្តីព្រមានយ៉ាងក្តៅគគុកថា រាល់ប្រទេសខាងក្រៅទាំងឡាយណា ដែលចង់ប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីបង្កបញ្ហា នឹងត្រូវទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ចិនថែមទាំងបានបដិសេធដាច់អហង្ការ ចំពោះសាលក្រមតុលាការឆ្នាំ២០១៦ ដោយហៅវាថាជា «ក្រដាសទទេ» ដែលគ្មានតម្លៃផ្លូវច្បាប់អ្វីទាំងអស់។

ភាពតានតឹងនេះកាន់តែខ្លាំងឡើង ខណៈដែលចិនបានកោះហៅមន្ត្រីជាន់ខ្ពស់ពីស្ថានទូតជប៉ុន មកធ្វើការតវ៉ាយ៉ាងខ្លាំងក្លា ដោយចោទប្រកាន់ជប៉ុនថាគ្មានសិទ្ធិអំណាចអ្វីនឹងមកបង្រៀនចិនឡើយ ព្រោះជប៉ុនមិនមែនជាភាគីពាក់ព័ន្ធនៅក្នុងជម្លោះនេះទេ។ ក្រុង​ប៉េកាំងថែមទាំងបានរំឭកដល់អតីតកាលក្នុងសម័យសង្គ្រាមលោកលើកទី២ ដោយចោទថា ជប៉ុនគឺជាអ្នកដែលធ្លាប់ឈ្លានពានកោះទាំងនេះកាលពីមុន។ ក្នុងនាមជាអ្នកតស៊ូការពារអធិបតេយ្យភាពរបស់ខ្លួន ចិនបានសង្កត់ធ្ងន់ថា បញ្ហាសមុទ្រចិនខាងត្បូង គួរតែដោះស្រាយដោយប្រទេសក្នុងតំបន់គ្នាឯង ហើយសុំឱ្យមហាអំណាចខាងក្រៅបញ្ឈប់ការជ្រៀតជ្រែក ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួនជាបន្ទាន់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម