Connect with us

នយោបាយ

បញ្ហាមីយ៉ាន់ម៉ា ៖ សម្តេច ហ៊ុន សែនថា ការស្វែងរកដំណោះស្រាយមិនអាច«រឹងពេក» និង«ទន់ពេក»បានទេ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានអះអាងជាថ្មីពីបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនអាចប្រើប្រាស់យុទ្ធសាស្រ្ត«រឹងពេក» និង«ទន់ពេក»បាននោះទេ។ សម្តេចតេជោ អះអាងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានគូសបញ្ជាក់ជាថ្មីដែរថា ដំណើរទៅប្រទេសមីយ៉ាន់ម៉ារបស់សម្តេចនាពេលកន្លងមក ក៏ដូចជា ការខិតខំរបស់សម្តេច ដើម្បីស្វែងរកដំណោះស្រាយនៅប្រទេសមីយ៉ាន់ម៉ា គឺក្នុងគោលបំណងបញ្ឈប់អំពើហិង្សា និងកុំឲ្យមានមនុស្សស្លាប់តទៅទៀត។ សម្តេច ហ៊ុន សែន បានអះអាងថា សម្តេច មិនទទួលបានផលប្រយោជន៍ណាមួយពីការខិតខំរបស់សម្តេចចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពោល គឺសម្តេចមិនមានបំណងទាញយកផលប្រយោជន៍នយោបាយអ្វីឡើយ​ ដោយសារតែកម្ពុជា ជាប្រទេសតូចមួយ បើប្រៀបធៀបនឹងប្រទេសមីយ៉ាន់ម៉ា។

បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅសល់តែ១១ខែទៀតទេ កម្ពុជា នឹងលែងជាប្រធានអាស៊ានទៀតហើយ។ ដូច្នេះហើយ បញ្ហាមីយ៉ាន់ម៉ានេះ នឹងស្ថិតនៅក្នុងដៃនៃប្រទេសប្រធានអាស៊ានថ្មី ដើម្បីស្វែងរកដំណោះស្រាយ។ បើតាមសម្តេចតេជោ គឺសម្តេច មិនខ្វល់ច្រើនទេ បើអ្នកប្រឆាំងនៅមីយ៉ាន់ម៉ាមិនចង់ឲ្យសម្តេចជួយស្វែងរកដំណោះស្រាយនោះ ក៏ទៅតាមហ្នឹងទៅ។ ប៉ុន្តែ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម