Connect with us

ព័ត៌មានជាតិ

គណៈប្រតិភូ​ក្រសួង​ប្រៃសណីយ៍​ស្វែងយល់​ពី​ការគ្រប់គ្រង​ឯកសារ​នៅ សាលាក្តី​ខ្មែរក្រហម

បានផុស

នៅ

តប​តាម​ការ​ស្នើសុំ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២​នេះ បានរៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ការគ្រប់គ្រង​ឯកសារ​និង​ប័ណ្ណសារ និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​រៀបចំ​កិច្ចប្រជុំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នេះ មាន​គោលបំណង​ស្វែងយល់​ពី​ការរៀបចំ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ ការធ្វើ​ឌី​ជី​ត​នីយកម្ម (Digitization) ការប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​ឯកសារ និង​ប័ណ្ណសារ ការការពារ និង​រក្សាទុក​ទិន្នន័យ ការរៀបចំ​បន្ទប់​ទុកដាក់​ប័ណ្ណសារ ការ​ធ្វើ​ប្រតិ​ចារឹក ការរៀបចំ​ប្រព័ន្ធ​សោតទស្សន៍ និង​ការ​ចូល​រួម​សវនាការ​ពី​ចម្ងាយ​របស់​ភាគី​ពាក់ព័ន្ធ​ជាដើម ស្របតាម​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ​។

លោក ក្រាញ់ តូ​នី ប្រធាន​ការិយាល័យ​រដ្ឋ​បាល​នៃ​សាលាក្តី​ខ្មែរក្រហម បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ប្រវត្តិ​របស់​សាលាក្តី ដែល​ជា​តុលាការ​កូនកាត់ បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​។ ក្នុង​ដំណើរការ​ការងារ​រយៈពេល​១៦​ឆ្នាំ​មកនេះ បានសម្រេច​សមិទ្ធផល​លើ​សំណុំរឿង ដោយមាន​ការគាំទ្រ​ពី​អ្នកបច្ចេកទេស​ជំនាញ​ក្នុងស្រុក​ជាច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល ចំណេះដឹង និង​បទពិសោធន៍ លើ​ការងារ​នេះ និង​ឈរលើ​គោលការណ៍​ចំនួន​៣ គឺ​ភាពជា​ម្ចាស់ ភាពជា​អ្នកដឹកនាំ និង​ចីរភាព​។ ធនធាន មនុស្ស​ជំនាញ​ទាំងនេះ ជា​ធនធាន​ដ៏​សំខាន់​ជួយ​ដល់​ការងារ​នៅតាម​ក្រសួង​ស្ថាប័ន នៅពេល​អណ​ត្តិ​របស់​អ​.​វ​.​ត​.​ក បញ្ចប់​នៅពេល​ខាងមុខនេះ។

លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​គណៈប្រតិភូ​រប​ស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ជម្រាបជូន​ពី​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ដែល​ទើប​ទទួលបាន​ការអនុម័ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ជំរុញ​ការធ្វើ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល​នៅ​កម្ពុជា​។ បច្ចុប្បន្ននេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កំពុង​រៀបចំ​ប្រែ​ក្លាយទៅជា​ក្រសួង​ឌីជីថល​ឈានមុខ និង​ពង្រីក​លទ្ធភាព​គាំទ្រ​ក្រសួង​ស្ថាប័ន​ក្នុងការ​អនុវត្ត​គោលនយោបាយ​នេះ​។ ទស្សនកិច្ច​សិក្សា​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​ដំណើការ​គ្រប់គ្រង​ឯកសារ​នៅ​អ​.​វ​.​ត​.​ក ដែលមាន​ឯកសារ​រាប់លាន​ទំព័រ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង​។

បន្ទាប់ពី​បាន​ស្តាប់​បទ​បង្ហាញ​របស់​មន្ត្រី​ជំនាញ​សាលាក្តី លោ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រព័ន្ធគ្រប់គ្រង​ឯកសារ​អេឡិចត្រូនិក​មាន​លក្ខណៈ​ស្តង់ដារ ដែលជា​គំរូ​សម្រាប់​អនុវត្ត​គ្រប់គ្រង​ឯកសារ​នៅតាម​ក្រសួង​ស្ថាប័ន សំដៅ​លើកកម្ពស់​ដំណើរការ​ការងារ​ផ្ទៃក្នុង​រដ្ឋាភិបាល (G2G) ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។

ជាទី​បញ្ចប់ ប្រធាន​គណៈប្រតិភូ ក៏បាន​ថ្លៃ​ង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​សាលាក្តី ដែល​បានរៀបចំ​ដំណើរ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ការគ្រប់គ្រង​ឯកសារ​និង​ប័ណ្ណសារ និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​រៀបចំ​កិច្ចប្រជុំ ហើយ នឹង​បន្ត​ពិភាក្សា​លទ្ធភាព​ក្នុងការ​ធ្វើ​សហ ប្រតិបត្តិការ​រួមគ្នា ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ឯកសារ​អេឡិចត្រូនិក​នៅក្នុង​រាជរដ្ឋាភិបាល​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម