Connect with us

ព័ត៌មានជាតិ

ត្រីមាស​ទី​១ ឆ្នាំ​២០២២ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ​កើនឡើង ១៦,៣២%

បានផុស

នៅ

នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២​នេះ ទំនិញ​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ​កើនឡើង​១៦,៣២% ។​នេះ​បើ​យោងតាម​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុងឱកាស​ដឹកនាំ​យុវជន​ក្រសួង និង​និស្សិត​នៃ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​ប្រមាណ​៣០០​នាក់ ធ្វើ​ទស្សនកិច្ច​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​មានប្រសាសន៍ថា យោងតាម​របាយការណ៍​ស្ថិតិ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន ១៩៨ ១៨២ TEUs នៅក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០២២ កើនឡើង​ចំនួន​១៦,៣២% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែលជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញថា​សេដ្ឋកិច្ចកម្ពុជា​បានចាប់ផ្ដើម​ងើបឡើង​វិញ​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​លោក​បាន​ចោទសួរ និង​ឆ្លើយ​អំពី​មូលហេតុ​ដែលនាំឱ្យ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ត្រូវ​ពង្រីក​បន្ថែម គឺ​ដោយសារ​មាន​កប៉ាល់​ចូល​ច្រើន ហេតុផល​នាំ​ឲ្យមាន​កប៉ាល់​ចូល​ច្រើន គឺ​ដោយសារ​ទំនិញ​ដឹក​ចេញ​ដឹក​ចូល​ច្រើន ហេតុផល​នាំ​ឲ្យ​មាន​ទំនិញ​ដឹក​ចេញចូល​ច្រើន គឺ​ដោយសារ​សេដ្ឋកិច្ច​មានការ​រីកចម្រើន និង​ជា​ចុងក្រោយ​បាន​សួរ​ថា ហេតុ​ដូចម្ដេច​បានជា​សេដ្ឋកិច្ច​មានការ​រីកចម្រើន ចម្លើយ​គឺ​ដោយសារ​សុខសន្តិភាព​។ ដូច្នេះ​សុខ​សន្តិភាព​គឺជា​កត្តា​កំណត់​មិនអាច​ខ្វះ​បាន​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យមាន​ការ​រីកចម្រើន​សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ស្ថិតនៅ​ទីតាំង​យុទ្ធសាស្ត្រ​ប្រកបដោយ​សក្ដានុពល មាន​អំណោយផល​ពី​ធម្មជាតិ​សម្រាប់​ការ​កសាង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ មាន​ឃ្លង់​ចូល​នាវា មាន​ចម្ងាយ​ជិត​នឹង​ទឹក​ជ្រៅ ដែល​ពុំ​ចាំបាច់​ចំណាយ​លើ​ការ​បូម​ស្តារ​ជាប្រចាំ​។ ដោយឡែក​និយោជិត​កំពង់ផែ​មាន លក្ខណៈសម្បត្តិ និង​មាន​ជំនាញ​សមត្ថភាព​គ្រប់គ្រាន់​លើ​ការងារ​ប្រតិបត្តិការ និង​បាន​បញ្ជូនទៅ​បណ្តុះបណ្តាល​នៅតាម​បណ្តា​ប្រទេស​នានា​ដូចជា​៖ ជប៉ុន កូរ៉េ សឹង្ហ​បុរី និង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់ ដើម្បី​បម្រើ​វិស័យ​កំពង់ផែ​ឲ្យ​មាន​ការរីកចម្រើន ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​កម្ពុជា​ទាំងមូល​។

ជាង​នេះ​ទៅ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​មាន​ផែនការមេ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ស្រប​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៧​ខ្សែ​នៅ​ក្រុងព្រះសីហនុ ត្រូវបាន​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ពេល​ឆាប់ៗ រួម​ជាមួយនឹង​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​JICA លើ​ការអភិវឌ្ឍ​កំពង់ផែ​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ដំណើរការ​អភិវឌ្ឍ​កំពង់ផែ​។

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រំពឹង​ទុក​ថា​ ចំណត​ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី​២ និង​ជំនាញ​ទី​៣ នឹងមាន​សមត្ថភាព​ឱ្យ​នាវា​កុងតឺន័រ​ខ្នាត​ធំ​ស្ទើរតែ​ទាំងអស់ អាច​ដឹកជញ្ជូន​ដោយ​ផ្ទាល់​ពី​កំពង់ផែ​ក្រុងព្រះសីហនុ​ទៅមក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អឺរ៉ុប និង​អាមេរិក ដោយ​ពុំបាន​ចាំបាច់​ធ្វើការ​ផ្ទេរ ផ្ទុក​នៅតាម​កំពង់ផែ​ផ្សេងៗ​ទៀតឡើយ​។

ក្រៅពី​អាជីវកម្ម​លើកដាក់ និង​ថែរក្សា​ទំនិញ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក៏មាន​អាជីវកម្ម​បន្ទាប់បន្សំ​មួយទៀត​គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ​។ តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១២ មាន​ផ្ទៃដី​ទំហំ​៦៤​ហិកតា ដែល​បាន​សាងសង់​តាម​បទដ្ឋាន​បច្ចេកទេស​ខ្ពស់ និង​មាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​កំពង់ផែ​ក្រុងព្រះសីហនុ បង្កលក្ខណៈ​ងាយស្រួល​ដល់​ធុរកិច្ច​ទាក់ទង​នឹង​ការដឹកជញ្ជូន​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជាពិសេស​ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា និង​គាំទ្រ​អាជីវកម្ម​កំពង់ផែ​ផងដែរ​។

សេវាកម្ម​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​រួមមាន​ជួល​ដី​សម្រាប់​សាងសង់​រោងចក្រ​ភស្តុភា​រកម្ម និង​ភណ្ឌាគារ​គយ​មាន​ដែន​កំណត់ ជួល​រោងចក្រ​និង​ឃ្លាំង ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ទឹកស្អាត និង​ចម្រោះ​ទឹក​កខ្វក់ ជួល​ការិយាល័យ ជួល​អគារ​ស្នាក់នៅ និង​សេវា​ផ្សេងៗ​ទៀតផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម