ព័ត៌មានជាតិ
ភាគហ៊ុននិកវិនិយោគអចលនទ្រព្យប្តឹងលោកបណ្ឌិតគួយ ធាវី ពីបទរំលោភសេចក្តីទុកចិត្ត ជេរប្រមាថនិងគំរាមកំហែង
ភ្នំពេញ ៖ ក្រុមភាគហ៊ុននិកវិនិយោគលើគំរោងអចលនទ្រព្យ ពុះដីឡូត៍លក់ នៅក្រុងប៉ៃលិនចំនួន២២នាក់ តំណាងសមាជិក៦៦នាក់ បានសម្រេចចិត្តដាក់ពាក្យបណ្តឹង លោកបណ្ឌិតគួយ ធាវីទៅកាន់អយ្យការសាលាដំបូងខេត្តប៉ៃលិន។
ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីការសុំជួបចចារ មិនបានសម្រេចរវាងពួកគាត់ និងលោកបណ្ឌិតគួយ ធាវី មិនបានជោគជ័យ ហើយថែមទាំងពួកគាត់រងការជេរប្រមាទ គំរាមកំហែងពីបណ្ឌិតរូបនេះ យ៉ាងចាស់ដៃទៀតផង។
តំណាងភាគហ៊ុននិក ដែលគ្រាន់តែប្រាប់ឈ្មោះខ្លួនឯងថា កុសលបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី៩ ឧសភានេះថា កាលពីអំឡុងខែ ឧសភា ឆ្នាំ២០១៩ ពួកគាត់បានចូលរួមសិក្ខាសាលាជាលើកទី១ ជាមួយ លោកបណ្ឌិតគួយ ធាវី ដែលសិក្ខាសាលានោះ បានធ្វើឡើងនៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងលើកទី២ធ្វើឡើងនៅខេត្តប៉ៃលិន អំឡុងឆ្នាំដដែលនេះ ដោយប្រមូលលុយបានសរុប ជិត២០០,០០០ដុល្លារអាមេរិក ដើម្បីយកទៅទិញដីទំហំជាង២ហិកតា ពុះឡូត៍លក់ នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។

លោកបន្តថា “ដោយសារការជឿទុកចិត្ត លោកបណ្ឌិតគួយ ធាវី ពួកគាត់ទាំង៦៦នាក់បានប្រមូលលុយ តាមលទ្ធភាពទិញដីរួមគ្នា ដោយមិនមានធ្វើកិច្ចសន្យា ឬលិខិតស្នាមពីការចូលភាគហ៊ុន ប្រថាប់ត្រាមេធាវីអ្វីត្រឹមត្រូវឡើយ”។ លោកបន្តថា “ដោយសារការជឿទុកចិត្ត និងគិតថាគាត់ជាមនុស្សល្អ ជាសាស្ត្រាចារ្យ ទើបពួកគាត់បានចូលហ៊ុនទិញដីនោះ ដោយអ្នកខ្លះបានចូលជាលុយសុទ្ធ អ្នកខ្លះវេតាមវីង និងអ្នកខ្លះចូលតាមការវេពីធនាគារABAជាដើម”។
ជាមួយគ្នានេះ សហភាគហ៊ុននិកមួយរូបទៀតឈ្មោះសុង បាននិយាយឲ្យដឹងថា ក្នុងពេលទិញដីនេះ លោកបណ្ឌិតគួយ ធាវីសន្យានឹងបង្កើតក្រុមហ៊ុនរួមមួយ ប៉ុន្តែស្រាប់តែគាត់លួចបង្កើតក្រុមហ៊ុនមួយ ដោយដាក់ឈ្មោះខ្លួនឯងថា “ក្រុមហ៊ុនគួយ ធាវី រៀលអេស្ទេត ដោយគាត់លើកឡើងថា ការបង្កើតក្រុមហ៊ុនដាក់ឈ្មោះរបស់លោក ដើម្បីផ្តល់ភាពងាយស្រួលក្នុងការចាត់ចែង ពិសេសការបើកគណនីធនាគារ ក៏គាត់ក្បត់សន្យា ទៅបើកតែម្នាក់ឯង ដោយមិនដាក់ឈ្មោះភាគហ៊ុននិក តាមអ្វីដែលគាត់បានសន្យាផងដែរ”។
ការទិញដីឡូត៍ ដែលមានរាងដូចដងពូថៅនេះ បានយកមកពុះឡូត៍បានសរុបចំនួនឆ១២៣ឡូត៍ ប៉ុន្តែការបង់លុយជូនម្ចាស់ដី មិនទាន់គ្រប់នោះទេ រហូតមកទល់ពេលនេះ ដោយម្ចាស់ដីបាននឹងកំពុងគិតរកនីតិវិធី ដើម្បីកាត់ដី តាមចំនួនទឹកប្រាក់ដែលនៅសល់ត្រលប់មកវិញផងដែរ។
ទំហំឡូត៍ដែលបានពុះគឺ មានទំហំ៥គុណនឹង២០ម៉ែត្រ ដោយលក់ក្នុងតម្លៃចន្លោះពី៣០០០ ទៅ៥៦០០ដុល្លារក្នុងមួយឡូត៍។
លោកកុសលបានបន្តឲ្យដឹងទៀតថា ដោយសារការក្បត់កិច្ចសន្យានេះ ការលក់ដីឡូត៍នេះ ទឹកប្រាក់ដែលទទួលបាន គឺលោកបណ្ឌិតគួយ ធាវីបានវេបញ្ចូលក្នុងគណនីខ្លួនឯងទាំងអស់ ដោយគ្មានជូនដំណឹងដល់ភាគហ៊ុននិកដទៃទៀតបានដឹងឡើយ ហើយនៅពេលសួរនាំពីរឿងនេះ លោកបណ្ឌិតរូបនេះ តែងតែជេរប្រទេច ប្រមាថមិនចេះចប់មិនចេះហើយ។
ទោះជាយ៉ាងណាក្នុងចំណោមពួកគាត់ ជាម្ចាស់ភាគហ៊ុននិក ដែលលង់ជឿសម្តីរបស់បណ្ឌិតរូបនេះ នៅមានភស្តុតាងជាច្រើនពីការវេសាច់ប្រាក់ចូលគណនីរបស់លោកបណ្ឌិតផងដែរ។
លោកបន្តថា នៅពេលសួរនាំពីបញ្ហាលុយកាត់ ក្រៅពីការជេរប្រមាទ លោកបណ្ឌិតគួយ ធាវីបានរុញ និងគំរាមឲ្យភាគហ៊ុននិកទាំង៦៦នាក់ ប្តឹងម៉ាសេរី ដោយលោកលើកពីឋានៈតួនាទីរបស់គាត់ ដែលមានការតែងតាំងដោយព្រះរាជក្រិតត្រឹមត្រូវ។
លោកកុសលបានប៉ាន់ប្រមាណថា លុយដែលប្រមូលបានពីការលក់ដីនេះមានចំនួនច្រើន រាប់ម៉ឺនដុល្លារអាមេរិក ដោយសារដីនេះមានអ្នកទិញខ្លះបានបង់លុយផ្តាច់ និងអ្នកទិញខ្លះបានបង់រំលស់ប្រចាំខែ ប៉ុន្តែចរន្តលុយបែបណា ពួកគាត់មិនត្រូវបានទម្លាយឲ្យដឹងឡើយ ក្រៅពីការជេរប្រមាថ និងការរកវិធីកំចាត់ភាគហ៊ុននិកម្តងម្នាក់ៗ ចេញពីក្នុងក្រុម ដោយរកវិធីចោទ និងលេសមិនចេះចប់ មិនចេះហើយ។

យោងតាមពាក្យបណ្តឹង ដែលបានដាក់ចូលអយ្យការអមសាលាដំបូងខេត្តប៉ៃលិនចុះលេខ១០៩ ចុះថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២២ អមដោយស្នាមមេដៃ និងមានការប្រថាប់ត្រាពីមេធាវី លោកហែម ពល មានកម្មវត្ថុចែងថា សូមប្តឹងពីឈ្មោះគួយ ធាវី ភេទប្រុស កើតឆ្នាំ១៩៦០ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ០១០ ៨៩០ ៦៩៣ ទីលំនៅបច្ចុប្បន្នភូមិអូរអំបិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទរំលោភសេចក្តីទុកចិត្ត បទជេរប្រមាថ និងបទគំរាមកំហែង ប្រព្រឹត្តិនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីឆ្នាំ២០១៩ យោងតាមមាត្រា391, 394, 307, និងមាត្រា២៣១នៃក្រមព្រហ្មទណ្ឌ។
សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ យើងខ្ញុំសូមជំរាបឯកឧត្តម ព្រះរាជអាជ្ញាឲ្យបានជ្រាបថា កាលពីអំឡុងឆ្នាំ២០១៩ ឈ្មោះគួយ ធាវីមានមុខរបរជាមន្ត្រីរាជការ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បានធ្វើការអំពាវនាវ ដល់សាធារណជនរួមមាន ទាំងយើងខ្ញុំទាំងអស់គ្នាផង ឲ្យមានការដាក់ទុនចូលហ៊ុនជាមួយគាត់ ក្នុងការទិញដីពីប្រជាពលរដ្ឋ ពុះជាឡូត៍លក់បានប្រាក់ចំណេញចែកគ្នា។
ម្យ៉ាងដោយឃើញគាត់បង្រៀនLIVE តាមFacebook បង្ហាញពីភាពជោគជ័យ នៃការធ្វើអាជីវកម្ម យើងខ្ញុំកើតមានជំនឿទុកចិត្ត លើសមត្ថភាពរបស់គាត់ ក៏បានដាក់ទុនជាប្រាក់ចូលហ៊ុនជាមួយគាត់ ទៅតាមលទ្ធភាពរបស់សមាជិកនីមួយៗ សរុបជាទឹកប្រាក់មានចំនួន២៧៦,៥១៨ដុល្លារ(តម្លៃដី)។
ពាក្យបណ្តឹងដដែលបានសរសេរថា ក្រោយមកបន្ទាប់ពីដំណើរការពុះដីឡូត៍លក់ បានប្រាក់ជាបន្តបន្ទាប់ ឈ្មោះគួយ ធាវីបានបង្ករឿងប្រឌិតកំហុស ដេញកំចាត់កំចាយសមាជិក មិនឲ្យសមាជិក ដែលចូលហ៊ុនបានដឹងបានលឺ បានឃើញនូវសកម្មភាពអាជីវកម្មនេះទេ។ រីឯប្រាក់ចំណូលដែលបានមកពីការលក់ដីឡូត៍នេះ ឈ្មោះគួយ ធាវីបានគៃបំបាត់ យកធ្វើជាប្រយោជន៍របស់បុគ្គលគាត់តែម្នាក់ឯងគត់ ពុំបានបែងចែកភាគភាពដល់សមាជិកហ៊ុនណាម្នាក់សោះឡើយ រហូតដល់បច្ចុប្បន្ន ថែមទាំងបានបោះពាក្យ និងជំរុញឲ្យពួកខ្ញុំថា “ចង់ឲ្យពួកខ្ញុំទៅប្តឹងឯណា ក៏ប្តឹងទៅ” ព្រមទាំងជេរប្រមាថ និងគំរាមកំហែង រកចាប់ដាក់គុក មកលើរូបយើងខ្ញុំដែលជាជនរងគ្រោះយ៉ាងឃោរឃៅបំផុត។
ពាក្យបណ្តឹងនេះបានបន្តថា អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់គ្នា សូមសំណូមពរឯកឧត្តមព្រះរាជអាជ្ញា មេត្តាជួយរកយុត្តិធម៌ដល់រូបយើងខ្ញុំផង ដោយសូមផ្តន្ទាទោសជនល្មើសតាមច្បាប់ និងទាមទារសំណងជំងឺចិត្តពីឈ្មោះគួយ ធាវីចំនួន១លានដុល្លារអាមេរិក។
ការទាក់ទងសុំការបំភ្លឺពីលោកបណ្ឌិតគួយ ធាវីមិនបានជោគជ័យទេ ប៉ុន្តែតាមរយៈសារវីដេអូរបស់លោក លោកបានចោទប្រកាន់ភាគហ៊ុននិកទាំងអស់ត្រលប់វិញ និងស្នើឲ្យភាគហ៊ុននិកទាំងអស់ ជួបគ្នានៅតុលាការ ដើម្បីដោះស្រាយបញ្ហានេះ៕













-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


