Connect with us

សេដ្ឋកិច្ច

រយៈពេល ៤ខែពន្ធដារប្រមូលពន្ធ​-អាករគ្រប់​ប្រភេទ ​សម្រេចបានជាង ១ ៥០០លានដុល្លារ

បានផុស

នៅ

រយៈពេល៤ខែ ដើមឆ្នាំ ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ បានប្រមាណ ១ ៥០១ លានដុល្លារ ដោយសម្រេចបាន ៥៣,២៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ។ តួលេខនេះ បានបង្ហាញដោយលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ​ទទួលបន្ទុកជាអគ្គ​នាយក​នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងជំនួបជាមួយ ក្រុម​បេសកជន​នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ​(IMF Staff Mission) ​ដឹកនាំ​ដោយលោក Alasdair Scott ប្រធាន​ក្រុមបេសកកម្ម ​ទទួលបន្ទុកប្រទេសកម្ពុជា ​កាលពីចុងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងការប្រមូលចំណូលនេះ លោក គង់ វិបុល បានបញ្ជាក់ថា ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ លើប្រាក់ចំណូល​សម្រាប់ឆ្នាំ ២០២០ គឺជាឥទ្ធិពលនៃសកម្មភាព​សេដ្ឋកិច្ច​ ក្នុងឆ្នាំ២០១៩ ដែលមានសន្ទុះកំណើនខ្លាំង។ ​រហូតដល់ឆ្នាំ ២០២១ អគ្គនាយកដ្ឋានពន្ធដារ​នៅតែសម្រេចបានប្រមាណ ២៧៨២ លានដុល្លារ ស្មើប្រមាណជាង ១២៤% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ។

លោក គង់ វិបុល សង្កត់ធ្ងន់ថា នៅឆ្នាំ ២០២២នេះ ទើបតែរយៈពេល ៤ ខែ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានជាង ៦ ០៨២ ប៊ីលានរៀល ត្រូវជា ១ ៥០១ លាន​ដុល្លារ ​ដោយស្មើប្រមាណ ៥៣,២៧% នៃផែនការច្បាប់​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រូចទៅហើយ។ ដូច្នេះនៅក្នុងរយៈពេល ​១២ខែ ឆ្នាំ២០២២នេះ អគ្គ​នាយកដ្ឋាន​ពន្ធដារ​រំពឹងថា ​អាច​នឹងសម្រេច​បានគ្រប់ និងលើសផែនការកំណត់​ក្នុងច្បាប់​ស្តីពីហិរញ្ញវត្ថុបន្តទៀត។

អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញ និងអនុវត្ត​តាម​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើនរួមមាន៖ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអន​ឡាញ (E-Filing និង Tol E-Filing), បង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System)ដែលមាន​លក្ខណៈពេញលេញ ជួយសម្រួល និង​ផ្តល់​លទ្ធភាព​ឱ្យអ្នកជាប់ពន្ធដាក់លិខិតប្រកាសតាម​អនឡាញ​បានយ៉ាងរលូន, យន្តការ Cross Check ​ប្រកប​ដោយប្រសិទ្ធភាពនិងតម្លាភាព, ការ​បន្ត​ពង្រឹងការផ្សព្វផ្សាយច្បាប់ ​និង​បទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់​និង​ទំនើប​កម្មរដ្ឋបាល​សារពើពន្ធ​និងពង្រឹង​ការផ្តល់​សេវាជូនអ្នកជាប់ពន្ធ ​និង​បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បានកំពុងរៀបចំសេចក្តី​ព្រាង​ច្បាប់​ស្តីពីសារពើពន្ធថ្មី​ ក្នុងគោល​ដៅធ្វើឱ្យច្បាប់ស្តីពីសារពើពន្ធថ្មីនេះ កាន់តែមានភាព​គ្រប់ជ្រុង​ជ្រោយ ស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ​ឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម