ព័ត៌មានជាតិ
តើការLiveផ្សាយពីជម្លោះបុគ្គលនៅតាមទីសាធារណៈ ខុសវិជ្ជាជីវៈ បំពានសិទ្ធិ និងខុសច្បាប់ដែរទេ?
បច្ចុប្បន្ននេះ មានអ្នកសារព័ត៌មានមួយចំនួននៅតាមបណ្តាញសង្គម និងអ្នកសារព័ត៌មានអនឡាញ បានចុះផ្សាយជាលក្ខណៈវីដេអូ និងឡាយ(Live)ផ្ទាល់នូវសកម្មភាពប៉ុនប៉ងសម្លាប់ខ្លួន ជម្លោះគ្រួសារនៅតាមទីសាធារណៈ ការមានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាលនៃបុគ្គលធម្មតា ដោយបង្ហាញអត្តសញ្ញាណជនរងគ្រោះ ជនសង្ស័យ ឬជនបង្កហេតុជារូបភាពច្បាស់ៗ។ តើសកម្មភាពទាំងអស់នេះ ខុសវិជ្ជាជីវៈ ក្រមសីលធម៌សារព័ត៌មាន រំលោភបំពានសិទ្ធិ និងខុសច្បាប់ដែរឬទេ?

លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ផ្អែកទៅលើមាត្រា១៥ នៃច្បាប់របបសារព័ត៌មានបានចែងថា លើកលែងតែមានការអនុញ្ញាតពីតុលាការ បើមិនដូច្នោះទេ អ្នកសារព័ត៌មានពុំអាចផ្សាយដំណឹង រូបថតឬគំនូ ដែលអាចឱ្យអ្នកអានស្គាល់ឈ្មោះ និងភិនភាគ។ ដូចយ៉ាង ករណីភាគីក្នុងរឿងរដ្ឋប្បវេណីដែលទាក់ទងនឹងបិតុភាព អាពាហ៍ពិពាហ៍ រឿងលែងលះប្តីប្រពន្ធ ឬរឿងអាណាព្យាបាលកុមារ យុវជនអាយុតិចជាង១៨ឆ្នាំក្នុងរឿងរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ ស្រ្តីដែលរងគ្រោះដោយអំពើរំលោភលើរាងកាយ ឬអំពើចាប់បង្ខំសេពសន្ទវៈ។ ប៉ុន្តែ ក្នុងករណីសាម៉ីជន ឬអាណាព្យាបាលយល់ព្រមជាលាយលក្ខណ៍អក្សរ គឺសារព័ត៌មានអាចផ្សព្វផ្សាយរឿងនេះបាន លើកលែងតែការផ្សាយនោះ នាំឱ្យប៉ះពាល់ដល់ការស៊ើបអង្កេតរបស់តុលាការ។

បើតាមលោក មាស សោភ័ណ្ឌដដែល គឺជនណាណាម្នាក់ដែលយល់ថាអត្ថបទណាមួយទោះបីជាសរសេរបញ្ឆិតបញ្ឆៀងដោយរូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌មានណាមួយខុសពីការពិត ធ្វើឱ្យខូតខាតដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន បុគ្គលនោះ មានសិទ្ធិទាមទារឱ្យសារព័ត៌មានធ្វើការកែតម្រូវ ឬមានសិទ្ធឆ្លើយតប ឬធ្វើបណ្តឹងពីបទបរិហារកេរ្តិ៍ ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន។ លោកអះអាងបែបនេះ ដោយយោងទៅតាមមាត្រា១០នៃច្បាប់ស្តីពីរបបសារព័ត៌មាន។ បើតាមមាត្រាទី១០ដដែលនេះ គឺថាបើតុលាការរកឃើញថា ការផ្សាយនោះមានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ជនរងគ្រោះ តុលាការអាចបង្គាប់ឱ្យសារព័ត៌មាននោះចុះផ្សាយនូវការកែតម្រូវ ឬសងជំងឺចិត្ត ឬចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជំងឺចិត្តផង។ ជាពិសេស តុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (១.០០០.០០០រៀល) ទៅប្រាំលានរៀល (៥.០០០.០០០រៀល)។

ចំណែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញ បានបញ្ជក់ថា ៖ «ការថតរូប ឬសកម្មភាពនៅទីសាធារណៈ មិនខុសទេ ប៉ុន្តែវាអាចជាអំពើល្មើសនៅពេលយកទៅធ្វើក្នុងផ្លូវខុស ដូចជាការប្រើប្រាស់ក្នុងចេតនាទុច្ចរិតក្នុងន័យបំផ្លើសបំភ្លៃ ញុះញង់ បំផុសឱ្យមានការភាន់ច្រឡំ ឬអំពើចលាចល ផ្សព្វផ្សាយព័ត៌មានមិនពិតជាដើម»។
ក្រៅពីប៉ះពាល់ដល់សិទ្ធិបុគ្គល និងប្រាសចាកពីច្បាប់សារព័ត៌មាន ទង្វើបែបនេះថែមទាំងធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកការសែតទៀតផង។ នេះ គឺជាការគូសបញ្ជាក់ពីលោក ពុយ គា ជាអគ្គលេខាធិកាក្លិបអ្នកការសែតកម្ពុជា។ លោកបាននិយាយ៖ «គេផ្សាយព័ត៌មានហ្នឹងបាន លុះត្រាតែជម្លោះខ្លះ ខុសពីធម្មតា ខុសពីប្រក្រតី ពេលខ្លះជម្លោះហ្នឹងសាមញ្ញពេក យើងយកមកផ្សាយដែរ វាអត់មានតម្លៃ»។ លោកបន្ថែមថា ជាទូទៅនៅក្នុងទម្រង់នៃការថតរូបមនុស្សសាមញ្ញដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬឈ្លោះប្រកែកគ្នា មិនតម្រូវឱ្យបញ្ចេញរូបភាពច្បាស់ៗឱ្យអ្នកមើល ស្គាល់អត្តសញ្ញាណឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងក្រសួងព័ត៌មាន និងក្លិបអ្នកការសែតកម្ពុជា បានអប់រំ ណែនាំ លើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានទាំងផ្នែកច្បាប់ ជំនាញ និងក្រមសីលធម៌ វិជ្ជាជីវៈ ដោយកំពុងបើកជាថ្នាក់បណ្តុះបណ្តាលផ្តល់នូវជំនាញទាំងអស់នេះ។ នេះបើតាមការលើកឡើងរបស់លោក មាស សោភ័ណ្ឌ និងលោក ពុយ គា៕
ដោយ៖ វង់ លីលី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


