Connect with us

ព័ត៌មានជាតិ

ទូតខ្មែរនៅ​UNលើក​​ពី​ភាព​អសកម្ម​របស់​ជន​ជាតិ​ថៃ​ដែល​ជា​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

បានផុស

នៅ

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក អ៊ិន តារា បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ហ​អំពី​ភាព​អសកម្ម​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក វីទីត មុនតាប៊ន ដែល​ស្ងៀម​ស្ងាត់​ចំពោះ​ការ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​តាម​ព្រំ​ដែន​កម្ពុជា​-ថៃ។ លោក​ក៏​ព្រមាន​ថា​កម្ពុជា​នឹង​ចាត់​វិធាន​ការ​សម​ស្រប​ផង​ដែរ​ចំពោះ​ភាព​អសកម្ម​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឧត្តមស្នងការសិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លោក Volker Türk នៅ​ទី​ក្រុង​ហ្សឺណែវ កាលពីថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ​លោក អ៊ិន​ តារា បាន​រាយការណ៍​ពី​សកម្មភាព​បំពាន​របស់​កង​ទ័ព​ថៃ​លើ​ជន​ស៊ីវិល​កម្ពុជា​ដែល​មាន​ទាំង​ការ​បង្ចិតបង្ខំ​ជនស៊ីវិល​ឱ្យ​ចេញពីផ្ទះសំបែង ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជន​ស៊ីវិល​ ការ​បាញ់​ប្រហារ​សម្លាប់​ពលរដ្ឋ​ខ្មែរ និង​ការ​ចាប់​រំលោភ​ស្ត្រី​ខ្មែរ​ជាដើម​។ លោក​បាន​ស្នើ​សុំ​ឱ្យ​ការិយាល័យ​ឧត្តម​ស្នងការសិទ្ធិ​មនុស្ស​ស៊ើបអង្កេត និងកត់ត្រាហេតុការណ៍ទាំងនេះ។ ​​

បន្ថែម​លើ​នោះ​លោក អ៊ិន តារា ក៏​បង្ហាញ​ការ​សោក​ស្ដាយ​ផងដែរ​ដែល​លោក វិទីត មុនតាប៊ន ដែល​ជា​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​អសកម្ម​ក្នុង​ការ​ឆ្លើយ​តប​ពី​ការ​បំពាន​តាម​ព្រំដែន​ដោយ​ថៃ​នេះ។

លោក​ថា៖ «អាណត្តិរបស់អ្នករាយការណ៍ពិសេស​មិនមែនគ្របដណ្តប់ត្រឹមតែ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការបំពានសិទ្ធិដែលកើតចេញពី ឬជាប់​ទាក់ទង​នឹង​ជម្លោះ​ប្រដាប់អាវុធដែលកំពុងបន្តផងដែរ»

លោក វិទីត មុនតាប៊ន គឺ​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បន្ត​ការងារ​ពី​លោក​ស្រី Rhona Smith ​នៅ​ឆ្នាំ​២០២១។ លោក​កើត​នៅ​ខែ​វិច្ឆិកា ឆ្នាំ១៩៥២ គឺ​ជា​ជនជាតិថៃ ដែល​ទទួល​ការ​អប់រំ​នៅ​ចក្រភព​អង់គ្លេស​ ជា​អ្នក​ដែល​ធ្វើ​ការ​ច្រើន​ក្នុង​ស្ថាប័ន​សិទ្ធិ​មនុស្ស​សហប្រជាជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែ​ច្បាប់​នៅ​ប្រទេស​ថៃ​ផងដែរ។

ថ្លែង​ក្នុង​ពិធី​បើក​អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ​ប្រចាំឆ្នាំ​២០២៥ នៅ​ថ្ងៃទី១៧​វិច្ឆិកា​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ដាក់​ជា​សំណួរ​ថា​ហេតុ​អ្វី​បាន​ជា​លោក មុនតាប៊ន ស្ងប់ស្ងាត់​ម្លេះ​ ខណៈ​​ទាហាន​ថៃ​ដែល​ជា​ជាតិសាសន៍​របស់​លោកបាន​បំពាន​លើ​សិទ្ធិ​ជន​ជាតិ​ខ្មែរ​​​ជាបន្ត​បន្ទាប់​នោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម