ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការអនុវត្តនូវកិច្ចព្រមព្រៀងអាសិប នៅតែជាអាទិភាពដ៏សំខាន់មួយ
ការអនុវត្តនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប) នៅតែជាអាទិភាពដ៏សំខាន់មួយ។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ នៅក្នុងសារលិខិតអបអរសាទរទិវាអាស៊ាន នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា អាសិប នឹងជំរុញការស្ដារឡើងវិញនូវសេដ្ឋកិច្ច ក្នុងដំណាក់កាលក្រោយជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងបង្កើតការងារយ៉ាងច្រើន និងពង្រឹងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោកទាំងមូល។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២នេះ កម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសដែលជាសមាជិកអាសិប ដើម្បីជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ដើម្បីពង្រីកបន្ថែមទៀតនូវការសម្របសម្រួលលំហូរពាណិជ្ជកម្មឆ្លងដែន។

លើសពីនេះទៀត កម្ពុជាមានគោលបំណងក្នុងការជំរុញបន្ថែមទៀត នូវដំណើរការកសាងសហគមន៍អាស៊ាន តាមរយៈការសង្កត់ធ្ងន់នូវតម្រូវការចាំបាច់ក្នុងការសម្រេចឲ្យបាននូវគោលដៅ និងគំនិតផ្ដួចផ្ដើមគន្លឹះនានា ស្ថិតក្រោមផែនការលម្អិតនៃការកសាងសហគមន៍អាស៊ានឆ្នាំ ២០២៥ រួមទាំងផែនការមេ ស្ដីពី ការតភ្ជាប់អាស៊ានឆ្នាម ២០២៥ គំនិតផ្ដួចផ្ដើមសម្រាប់ការធ្វើសមាហរណកម្មអាស៊ាន ដំណាក់កាលទី ៤ ជាដើម។
បើតាមសម្ដេចតេជោ ហ៊ុន សែន សារៈសំខាន់នៃការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ នៅតែជារបៀបវារៈមួយដ៏មានសារៈ សំខាន់ នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ «យើងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវទស្សនៈវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដើម្បីចាប់យកនូវកាលានុវត្តភាព និងដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងមានភាពស្មុគស្មាញឡើង»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។
សូមជម្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) បានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ កិច្ចព្រមព្រៀងនេះ ជាគំនិតផ្ដួចផ្ដើមរបស់អាស៊ាន និងត្រូវប្រកាសឲ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ ដូចជា៖ ប្រទេសអូស្រ្ដាលី, ចិន, ជប៉ុន, កូរ៉េខាងត្បូង, និងណូវែលហ្សេឡង់ និងគ្របដណ្ដប់៖ (១) ប្រជាជនប្រមាណ ២.២ពាន់លាននាក់ ឬ៣០ភាគរយ នៃចំនួនប្រជាជនពិភពលោក។ (២) ផលិត ផលក្នុងស្រុកសរុបប្រមាណ ២៦.២ទ្រីលានដុល្លារអាមេរិក ឬ ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភព លោក។ និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមុល។
នៅក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី ៣ ខែសីហាកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេច សម្រាប់លេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និងបាននិងកំពុងរៀបចំគម្រោងសំណើលម្អិតទៀត ផង។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជា អាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៦ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
កីឡា៥ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក