ព័ត៌មានជាតិ
តើអ្នករាយការណ៍ពិសេស UN ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺជានរណា?
លោក វិទីត មុនតាប៊ន គឺជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានចប់អាណត្តិការងារ។ នៅថ្ងៃទី១៥ សីហា លោក បានចាប់ផ្ដើមធ្វើទស្សនកិច្ចជាលើកដំបូងរបស់លោកនៅកម្ពុជា ដើម្បីជួបជជែកពិភាក្សាការងារជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត។
តើអ្នករាយការណ៍ពិសេសថ្មី ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារូបនេះ គឺជានរណា? ហើយមានសមត្ថភាព និងឆ្លងកាត់បទពិសសោធការងារពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សដូចម្ដេចដែរ? ថ្ងៃនេះ «កម្ពុជាថ្មី» នឹងបង្ហាញលម្អិតប្រវត្តិរបស់លោកដូចខាងក្រោម៖

លោក វិទីត មុនតាប៊ន (VITIT MUNTARBHORN) កើតនៅខែវិច្ឆិកា ឆ្នាំ១៩៥២។ លោក ជាជនជាតិថៃ ដែលបានទទួលការអប់រំនៅចក្រភពអង់គ្លេស ដោយបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Oxford ផ្នែកច្បាប់ និងទទួលបានសញ្ញាបត្រផ្នែកច្បាប់អឺរ៉ុបពីសាកលវិទ្យាល័យ Free of Brussels។
លោក វិទីត មុនតាប៊ន បានបម្រើការនៅក្នុងស្ថាប័នរបស់អង្គការសហប្រជាជាតិជាច្រើន ដោយនៅក្នុងឆ្នាំ១៩៩០-១៩៩៤ លោកធ្លាប់ជាអ្នករាយការណ៍ពិសេសគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្តីពីការលក់កុមារ ពេស្យាចារកុមារ និងរូបភាពអាសអាភាសកុមារ។ នៅឆ្នាំ១៩៩៤ លោក បានសហការជាមួយលោក Taylor សរសេររបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ។ លុះនៅឆ្នាំ២០០៤ លោក គឺជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ(កូរ៉េខាងជើង) ដោយចប់អាណត្តិនៅឆ្នាំ២០១០។ ជាមួយគ្នានេះ អំឡុងឆ្នាំ២០០៤ លោក ក៏ទទួលបានពានរង្វាន់អង្គការយូណេស្កូសម្រាប់ការអប់រំសិទ្ធិមនុស្ស។

បន្ទាប់មកនៅក្នុងឆ្នាំ២០០៦ លោក ជាសហប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាងគោលការណ៍ Yogyakarta លើការអនុវត្តច្បាប់សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងការតម្រង់ទិសផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ។ នៅក្នុងឆ្នាំ២០១១ ជ្រើសរើសជាប្រធានគណៈកម្មការស៊ើបអង្កេតអន្តរជាតិនៅប្រទេសកូឌីវ័រ និងជាស្នងការគណៈកម្មការស៊ើបអង្កេតអន្តរជាតិឯករាជ្យលើប្រទេសស៊ីរីនៅឆ្នាំ២០១២-២០១៦។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានចាត់តាំងលោកជាអ្នកជំនាញឯករាជ្យដំបូងគេរបស់អង្គការសហប្រជាជាតិស្តីពីអំពើហិង្សា និងការរើសអើង ដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ។

លុះនៅខែមីនា ឆ្នាំ២០២១ លោក វិទីត មុនតាប៊ន ក៏ត្រូវតែងតាំងជាអ្នករាយការណ៍អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ជំនួសលោកស្រី Rhona Smith ដែលបានចប់អាណត្តិកាងារ។ បច្ចុប្បន្ននេះ លោក ជាសាស្រ្តាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Chulalongkorn រាជធានីបាងកក ប្រទេសថៃ ដោយបង្រៀនច្បាប់អន្តរជាតិ សិទ្ធិមនុស្ស ច្បាប់អង្គការក្នុងតំបន់ ច្បាប់អន្តោប្រវេសន៍ សិទ្ធិកុមារ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សហភាពអឺរ៉ុប៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C