ព័ត៌មានជាតិ
តើអ្នករាយការណ៍ពិសេស UN មានអាណត្តិការងារ និងភារកិច្ចអ្វីខ្លះលើការងារសិទ្ធិមនុស្សនៅកម្ពុជា?
ក្រោយការតែងតាំងរបស់អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២១ ជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទីត មុនតាប៊ន បានមកធ្វើទស្សនកិច្ចជាលើកដំបូងរបស់លោកនៅកម្ពុជា នៅថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចរបស់លោក វិទីត ក្នុងនាមជាអ្នករាយការណ៍ពិសេសនេះ តើមានភារកិច្ច តួនាទី និងការងារអ្វីខ្លះលើកិច្ចការសិទ្ធិមនុស្សនៅកម្ពុជា?

អ្នករាយការណ៍ពិសេស គឺជាអ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រ ជាជាតិ ដើម្បីតាមដាន និងរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែ អ្នករាយការណ៍ពិសេសនេះ មិនមែនជាមន្ត្រី ឬបុគ្គលិករបស់អង្គការសហប្រជាជាតិទេ ដោយមិនទទួលបានប្រាក់បៀវត្សពីអង្គការសហប្រជាជាតិ និងមិនធ្វើការឲ្យរដ្ឋាភិបាល ឬក្រុមផលប្រយោជន៍ណាមួយឡើយ។
អាណត្តិរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយអនុលោមតាមមាត្រា ១៧ នៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយទូលំទូ លាយនៃជម្លោះកម្ពុជា និងមាត្រា ៣នៃកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា។

នៅមុនឆ្នាំ២០០៨ អាណត្តិរបស់ប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយតំណាងពិសេសនៃអគ្គលេខាធិការសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកកាន់អាណត្តិជាតំណាងពិសេសនេះ គឺត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ បើទោះបីជាត្រូវរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សក៏ដោយ។ ជាមួយគ្នានេះ តំណាងពិសេស ក៏រាយការណ៍ទៅមហាសន្និបាត និងគណៈកម្មការសិទ្ធិមនុស្សផងដែរ។
ភារកិច្ចរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គឺធ្វើការវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្ស ហើយរាយការណ៍ជាសាធារណៈ ដោយធ្វើការជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្សនេះ។ អ្នករាយការណ៍ពិសេស ត្រូវធ្វើទស្សនកិច្ចជាទៀងទាត់ ហើយរាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជាជំនួយការផ្នែកភស្តុភារ និងបច្ចេកទេស។

អ្នករាយការណ៍ពិសេស គឺមានតួនាទីដាច់ដោយឡែកពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលជាស្ថាប័នផ្លូវការនៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។ តែយ៉ាងណាក៏ដោយ ស្ថាប័នទាំងពីរមានអាណត្តិបំពេញបន្ថែម និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា។ ឧត្តមស្នងការអង្គការសហប្រជាជាតិ គឺមានតួនាទីផ្តល់សេវាលេខាធិការដ្ឋានដល់អ្នករាយការណ៍ពិសេស នៅក្នុងអំឡុងពេលបេសកកម្មមកកម្ពុជា។
គួរជម្រាបថា បើគិតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ និងអ្នករាយការណ៍ពិសេសចំនួន ៧រូបហើយ រួមមាន៖
១. លោក Michael Kirby ជនជាតិអូស្ត្រាលី អាណត្តិការងារឆ្នាំ១៩៩៣-១៩៩៦
២. លោក Thomas Hammarberg ជនជាតិស៊ុយអែត អាណត្តិការងារឆ្នាំ១៩៩៦-២០០០
៣. លោក Peter Leuprecht ជនជាតិអូទ្រីស អាណត្តិការងារឆ្នាំ២០០០-២០០៥
៤. លោក Yash Ghai ជនជាតិកេនយ៉ា អាណត្តិការងារឆ្នាំ២០០៥-២០០៨
៥. លោក សុរិយា ស៊ូប៊ែឌី ជនជាតិនេប៉ាល់ អាណត្តិការងារឆ្នាំ២០០៨-២០១៥
៦. លោកស្រី Rhona Smith ជនជាតិចក្រភពអង់គ្លេស អាណត្តិការងារឆ្នាំ២០១៥-២០២១
៧. លោក វិទីត មុនតាប៊ន ជនជាតិថៃ អាណត្តិការងារឆ្នាំ២០២១ ដល់បច្ចុប្បន្ននេះ ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


