KPT+
កម្មវិធី “សម្តែងសិល្បៈនារដូវវស្សា” លើកទី២ សម្ដែងមិនគិតថ្លៃ ទាល់តែមានសំបុត្រ
កម្មវិធី “សម្ដែងសិល្បៈនារដូវវស្សា” ធ្វើឡើងក្នុងន័យថែរក្សា អភិរក្ស និងផ្សព្វផ្សាយសិល្បៈខ្មែរគ្រប់ទម្រង់ឱ្យកាន់តែទូលំទូលាយដល់សាធារណជន ជាពិសេសយុវជន ឱ្យចូលរួមស្រឡាញ់ និងបន្តអភិរក្ស។ ការសម្ដែងលើកទី១ ទទួលបានការគាំទ្រលើសពីការរំពឹងទុក ចំណែកការសម្ដែងលើកទី២ នឹងប្រារព្ធនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ។ មហាជនអាចចូលរួមទស្សនាការសម្ដែងសិល្បៈវប្បធម៌ចម្រុះដោយមិនគិតថ្លៃ ដោយតម្រូវឱ្យមានសំបុត្រចូលទស្សនាជាមុន។


លោក ម៉ូខុន ច័ន្ទសិទ្ធការ្យ ប្រធានយុវជនល្ខោនខោលកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” រសៀលនេះថា កាលសម្ដែងលើកទី១នោះ មានមហាជនចូលរួមលើសការរំពឹងទុក។ សាលសម្ដែង អាចផ្ទុកមនុស្សចំនួន ៥០០ នាក់ ប៉ុន្តែមានទស្សនិកជនចូលទស្សនាជិត ១ ពាន់ និងមានអ្នកឈរណែនពេញរោងសម្ដែង ហើយនៅមានមហាជនជាងពាក់កណ្ដាលទៀត មិនអាចចូលបាន គឺនៅខាងក្រៅ ទស្សនាការតាំងពិព័រណ៍វិញ។

ប្រធានយុវជនល្ខោនខោលកម្ពុជា រូបនេះលើកឡើងថា ការសម្តែងលើកទី២ និងតាំងពិព័រណ៍ស្នាដៃសិល្បៈ នៃកម្មវិធី “សិល្បៈនារដូវវស្សា” នឹងចែកជូនសំបុត្រចូលរួមទស្សនា ចំនួន ៣០០ សន្លឹកដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាមធ្យមវិចិត្រសិល្បៈ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ រសៀល។ ទស្សនិកជនម្នាក់អាចទទួលសំបុត្របានចំនួន ២ សន្លឹក។

លោក ម៉ូខុន ច័ន្ទសិទ្ធការ្យ មានប្រសាសន៍ថា៖ “ទស្សនិកជនណាមិនមានសំបុត្រ យើងមិនអនុញ្ញាតឱ្យចូលរោងសម្ដែងសិល្បៈទេ ដើម្បីចៀសវាងហានិភ័យនានា។ យើងធ្វើដូចករណីទិញសំបុត្រអ៊ីចឹង តែអត់គិតថ្លៃទេ ហើយទាល់តែទស្សនិកជនមានសំបុត្រ ទើបយើងអនុញ្ញាតឱ្យចូល បើអត់សំបុត្រទេ អាចនៅទស្សនាពិព័រណ៍នៅខាងក្រៅ”។

ប្រធានយុវជនល្ខោនខោលកម្ពុជា ខាងលើ បញ្ជាក់ថា ឆ្នាំនេះជាលើកទី១ ដែលមានការសម្ដែង ៤ ដង ដោយឆ្នាំមុនៗ កម្មវិធីសម្ដែងសិល្បៈធ្វើដែរដូចជា កម្មវិធីផ្ទះសិល្បៈ ការសម្ដែងល្ខោនខោលឈុតធំជាដើម ប៉ុន្តែលើកនេះ ក្រុមយុវជនល្ខោនខោលកម្ពុជា សហការជាមួយសាលាមធ្យមសិល្បៈជាថ្មី បន្ទាប់ពីបានបិទរោងល្ខោនជិត ២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ ហើយរៀបចំកម្មវិធីនៅរដូវវស្សា ទើបដាក់ឈ្មោះថា ការសម្ដែងសិល្បៈរដូវវស្សា។

លោក ម៉ូខុន ច័ន្ធសិទ្ធការ្យ មានប្រសាសន៍ថា៖ “កម្មវិធី សម្ដែងសិល្បៈរដូវវស្សាក្នុងរយៈពេល ៥ ខែ ត្រូវបានគ្រោងសម្ដែងចំនួន ៤ ដង ដោយលើកទី១ បានធ្វើនៅថ្ងៃទី៣០ ខែកក្កដាកន្លងនេះ ចំណែកលើកទី៣ នឹងសម្ដែងនៅថ្ងៃទី២៩ ខែតុលា និងលើកទី៤ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃរំលឹកខួប ល្ខោនខោលវត្តស្វាយអណ្តែត តំណាងឱ្យល្ខោនខោលកម្ពុជា បានចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ”។

លោក ច័ន្ទសិទ្ធការ្យ បានឱ្យដឹងថា កម្មវិធីមិនមានអ្នកឧបត្ថម្ភធំទេ គ្រាន់បានទទួលការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងពីសាលាមធ្យមសិល្បៈ ដោយមានការជួយឧបត្ថម្ភពីស្ថាប័នរដ្ឋ និងក្រុមហ៊ុនមួយចំនួន។ បើទោះជាមិនមានការឧបត្ថម្ភមិនគ្រប់គ្រាន់ ក៏លោកនៅតែប្ដេជ្ញារៀបចំការសម្ដែងសិល្បៈវប្បធម៌ជាតិទាល់តែបាន។
គួរបញ្ជាក់ថា ចំពោះមហាជនចង់ឧបត្ថម្ភគាំទ្រកម្មវិធី អាចចូលរួមតាមរយៈ គណនី ABA 002208308
Khon Chansithyka, Prm Putvisal, Khon chansina, Sour Kimseng។

ទស្សនីយភាពសម្ដែងសិល្បៈមានដូចជា ការប្រគុំតន្ត្រីស្រាលរបស់សាលាដូរតន្ត្រី របាំក្បាច់បុរាណ របាំប្រពៃណី សៀក ល្ខោនខោល និងល្ខោននិយាយ ដែលមាន លោកគ្រូអ្នកគ្រូ និងសិស្សសិល្បៈចូលរួមប្រហែល ២៤០ នាក់។ គោលបំណងកម្មវិធី គឺចង់ឱ្យសិល្បៈវប្បធម៌ខ្មែររីកចម្រើន និងមានសកម្មភាពទាំងរដូងប្រាំង ទាំងរដូវវស្សា៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


