ព័ត៌មានជាតិ
វិស័យឯកជនសហការរៀបចំកិច្ចប្រជុំកំពូលលើកទី២ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា
វិស័យឯកជន រួមទាំងវិស័យធនាគារនៅកម្ពុជា បានយល់កាន់តែច្បាស់អំពីហានិភ័យ និងកាលានុវត្តភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ តួនាទីរបស់ខ្លួននៅក្នុងការរួមចំណែកដោះស្រាយបញ្ហានេះ និងវិធានការឆ្លើយតបចាំបាច់នានា ដែលត្រូវពិចារណាដាក់បញ្ចូលនៅក្នុងការសម្រេចចិត្តវិនិយោគិន អនុលោមតាមគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ វិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចសង្គមកម្ពុជា ដែលមានភាពធន់ កាន់តែបៃតង បញ្ចេញកាបូនតិច បរិយាបន្ន និងកំណើនប្រកបដោយចីរភាព នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើក «កិច្ចប្រជុំកំពូលលើកទី២ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២» ដោយមានការចូលរួម ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល វិស័យឯកជន វិស័យធនាគារ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល តំណាងយុវជន និងអ្នកពាក់ព័ន្ធនានា នៅទីក្រុងសៀមរាប នាវេលាព្រឹកមិញនេះ។

លោករដ្ឋមន្ត្រី បានបន្តថា កិច្ចប្រជុំថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាព និងហានិភ័យ បណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅលើពិភពលោក ដែលក្នុងនោះកម្ពុជាក៏បាននឹងកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមានមកលើ សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅ និងសុខុមាលភាពប្រជាជន បើទោះបីកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុក៏ដោយ។

ជាមួយគ្នានេះផងដែរ នេះគឺជាវេទិកាដ៏សំខាន់សម្រាប់ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាព សម្រាប់វិស័យឯកជន និងជាមូលដ្ឋានសម្រាប់ការពិចារណាសម្រេចចិត្តសម្រាប់វិស័យធនាគារ និងវិនិយោគិន ក្នុងការផ្តល់ហិរញ្ញប្បទាន និងការវិនិយោគលើបណ្តាគម្រោងដែលមិនប៉ះពាល់បរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ រួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងទទួលបានបច្ចេកវិទ្យាបៃតងថ្មីទំនើប។
កម្ពុជាជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ដែលរួមចំណែកតិចតួចបំផុតក្នុងការបង្កឱ្យមានការខូចខាតបរិស្ថានពិភពលោក ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុ។ តែយើងមានឆន្ទៈនយោបាយខ្ពស់ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាបរិស្ថាននិងការប្រែប្រួលអាកាសធាតុ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម នៅក្នុងការចរចាអន្តរជាតិ ហើយយើងអាចសម្រេចកិច្ចការនេះបាន ដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។

ជាក់ស្តែង កម្ពុជាជាប្រទេសទី១ នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ និង ជាប្រទេសទី២ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចទាំង៤៦ ដែលបានអនុម័តយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលកំណត់គោលដៅត្រឹមឆ្នាំ២០៥០ ហើយបានបេ្តជ្ញាចិត្ត និងគាំទ្រ «ចក្ខុវិស័យអាស៊ានឆ្នាំ២០២៥» ដែលផ្តោតទៅលើ តុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។ ម្យ៉ាងទៀត ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសគំនិតផ្តួចផ្តើមស្តីពី «កិច្ចព្រមព្រៀងអាស៊ានបៃតង» ក្នុងគោលបំណងផ្តល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្ររួម សម្រាប់គាំទ្រការអភិវឌ្ឍដែលធន់នឹងការប្រែប្រួលអាកាសធាតុ បញ្ចេញកាបូនតិច បៃតង និងប្រកបដោយចីរភាព នៅក្នុងតំបន់៕











-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


