ព័ត៌មានជាតិ
លោក សាយ សំអាល់ ៖ «ការងារអប់រំជាកិច្ចការងារមួយសំខាន់មិនអាចខ្វះបាន ហើយអនាគតកម្ពុជាត្រូវពឹងលើវិស័យអប់រំនេះ»
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត លើកឡើងថា «ការងារអប់រំ ជាកិច្ចការងារមួយសំខាន់ មិនអាចខ្វះបាន ហើយអនាគតកម្ពុជា គឺ ត្រូវពឹងលើវិស័យអប់រំនេះ»។

ការលើកឡើងនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ទូទាំងខេត្តកំពត និងផ្ដល់រង្វាន់ជូនសិស្សប្រឡងជាប់និទ្ទេស A ទាំង ៨៩ នាក់ ដែលបានរៀបចំធ្វើនៅបរិវេណពហុកីឡដ្ឋានខេត្តកំពត កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តដល់យុវជន និងសិស្សានុសិស្ស ពិសេសអ្នករៀនមិនសូវពូកែ សូមកុំអាលអស់សង្ឃឹម ត្រូវបន្តប្រឹងប្រែងរៀនសូត្រជាប្រចាំ និងអភិវឌ្ឍន៍សមត្ថភាពជានិច្ច ទាំងជំនាញក្នុងសាលា ចំណេះដឹង បំណិតជីវិតក្នុងសង្គម ដើម្បីចូលរួមកសាងស្រុកទេសឲ្យរីកចម្រើនគង់វង្សតជំនាន់រហូតទៅ។

លោកបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តកំពត លើកឡើងដែរថា នៅក្នុងសម័យកាលណាក៏ដោយ ការសិក្សាអប់រំ បង្កើតធនធានមនុស្ស ជាការងារសំខាន់បំផុតសម្រាប់ប្រទេសជាតិមួយ ព្រោះមានតែចំណេះវិជ្ជាទេ ដែលអាចជួយស្រោចស្រង់កសាងប្រទេសឲ្យគង់វង្សរុងរឿងបាន។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បញ្ជាក់ថា សម្រាប់លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ឆ្នាំ ២០២៥ ខេត្តកំពត មានសិស្សប្រឡងជាប់សរុប ចំនួន ៤.៦៩៨ នាក់ ស្រី ២.៧២៥ នាក់ ស្នើ ៩០.៨៥%។ ក្នុងនោះ សិស្សទទួលបាននិទ្ទេស A មានចំនួន ៨៩ នាក់ កើនឡើងជាងឆ្នាំមុន ១១ នាក់ (និទ្ទេស A ទទួលបានម៉ូតូ ១ គ្រឿង ថវិកា ៤០ ម៉ឺនរៀល និងឱកាសទទួលបានកញ្ចប់អាហារូបករណ៍នៅថ្នាក់ឧត្ដមសិក្សា)៕
អត្ថបទ ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


