ព័ត៌មានជាតិ
លោក សាយ សំអាល់ ជំរុញរៀបចំផែនការដាំដុះបន្លែនៅនឹងកន្លែង ផ្គត់ផ្គង់ទេសចរលើកោះរ៉ុង
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញអាជ្ញាធរគិតគូរលើការរៀបចំផែនការពង្រីកការដាំដុះបន្លែ និងការចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ដល់ទេសចរ និងពលរដ្ឋរស់នៅលើកោះរ៉ុង បញ្ចៀសការចំណាយថវិកាច្រើនលើការដឹកជញ្ជូនបន្លែសាច់ផ្គត់ផ្គង់ពីដីគោក។
លើកឡើងក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់អគារសណ្ឋាគារកម្ពស់ ១១ ជាន់នៅលើកោះទេសចរណ៍កោះរ៉ុងកាលពីថ្ងៃ ២៨ តុលាឆ្នាំ ២០២៥ លោក សាយ សំអាល់ បានបញ្ជាក់ថា ការរៀបចំផែនការនេះគឺដើម្បីពិនិត្យលទ្ធភាពដំណាំណាអាចដាំដុះបាន ហើយដំណាំណាដែលចាំបាច់បំផុតដែលត្រូវដឹកពីដីគោក។

«សូម្បីតែដូងបើអាចគួរដាំឲ្យបានច្រើននៅលើកោះ ដែលជាតម្រូវការរបស់ភ្ញៀវទេសចរមកកម្សាន្ត។ យើងត្រូវមានរបស់ហូប របស់ប្រើប្រាស់បរិបូណ៌ ដែលចាំបាច់ត្រូវមានការរៀបចំឲ្យបានលម្អិត។ លោក សាយ សំអាល់ បញ្ជាក់បន្ថែម។
ក្រៅពីដាំដុះបន្លែបង្ការដើម្បីផ្គត់ផ្គង់ លោករដ្ឋមន្រ្តីក៏ជំរុញឲ្យមានការចិញ្ចឹមសត្វថែមទៀត។ លោក សាយ សំអាល់បានបញ្ជាក់ថា បើត្រូវការជំនួយ ក្រសួងនឹងផ្តល់ការគាំទ្រតាមលទ្ធភាពនិងភាពជាក់ស្តែង។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏កត់សម្គាល់ពីវប្បធម៌ចេះជួយគ្នារបស់ពលរដ្ឋនៅកោះរ៉ុង។ បើតាមលោករដ្ឋមន្រ្តី អ្នកមកកម្សាន្តកោះនេះមិនមែនមកផ្សងព្រេងនោះទេ គឺមកស្វែងរកជីវិតថ្មី។


សក្ដានុពលកោះរ៉ុងមិនត្រឹមតែជាគោលដៅទេសចររយៈពេលខ្លី បច្ចុប្បន្នក៏ឃើញមានអ្នកជំនួយធំៗដែលមកស្នាក់នៅរយៈពេលយូរ ហើយមានការវិនិយោគផ្សេងៗ។
លោកសាយ សំអាល់ ណែនាំដល់អាជ្ញាធរក៏គួររៀបចំចាប់យកសក្តានុពលតាមសហគមន៍ដូចជា ការកែច្នៃម្ហូបអាហារផ្សេងៗ ដើម្បីទាក់ទាញសម្រាប់ភ្ញៀវមកកម្សាន្ត។
ពាក់ព័ន្ធការជំរុញការដាំដុះបន្លែនិងការផ្គត់ផ្គង់ត្រីសាច់នៅលើកោះរ៉ុង លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុងបានឲ្យកម្ពុជាថ្មីថា បច្ចុប្បន្ននៅលើកោះមិនទាន់មានដាំដុះបន្លែធំដុំទេ គឺពលរដ្ឋដាំដុះបន្លែបន្តិចបន្តួច ដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ រួមទាំងបម្រើមួយផ្នែកដល់វិស័យទេសចរ។ លោកបានលើកឡើងមូលហេតុគឺមកពីបញ្ហាដីធ្លីមិនទាន់ដោះស្រាយដាច់ស្រេចពាក់ព័ន្ធជាមួយក្រុមហ៊ុនវិនិយោគ ខណៈអាជ្ញាធរកំពុងជំរុញការដោះស្រាយបញ្ចប់ឲ្យបានឆាប់។
កោះរ៉ុងបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងត្រូវបានគេប្រដូចកោះម៉ាល់ឌីវ ហើយដែលទេសចរមកលេងខេត្តព្រះសីហនុ មិនអាចរំលងមកសម្រាកលំហែនៅលើកោះឋានសួគ៌នេះ។
ក្រុងកោះរ៉ុងមានភូមិសាស្រ្តគ្របដណ្តប់លើកោះតូចធំចំនួន ១៨ ហើយបច្ចុប្បន្នមានពលរដ្ឋប្រមាណ ១ ៣៥១ គ្រួសាររស់នៅកកកុញលើកោះធំៗចំនួនពីរគឺកោះរ៉ុង និងកោះរ៉ុងសន្លឹម។
ដោយឡែកកោះរ៉ុងដែលជាទីប្រជុំជនមានពលរដ្ឋរស់នៅយ៉ាងច្រើនកុះករ ហើយជាគោលដៅទេសចរណ៍ចម្រុះជាតិសាសសន៍មកកម្សាន្ត ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយមានសាងសង់បណ្ដាញផ្លូវបេតុងខ្វាត់ខ្វែង ខណៈប្រព័ន្ធភ្លើងអគ្គិសនីរបស់រដ្ឋត្រូវបានតភ្ជាប់អាចប្រើប្រាស់ ២៤/២៤ ម៉ោង។ នៅលើកោះមានសំណង់រីសត ផ្ទះសំណាក់តូចធំ ដែលតម្លៃមានចាប់ពី ១៥ ដុល្លារ អាចដល់រាប់រយ ឬរាប់ពាន់ដុល្លារក្នុងមួយយប់។
វឌ្ឍនភាពថ្មីមួយទៀត ក្រុមហ៊ុនឯកជនក្នុងស្រុកមួយក៏កំពុងអភិវឌ្ឍអាកាសយានដ្ឋាននៅលើកោះ ដែលនឹងបង្កើតបណ្តាញតភ្ជាប់សម្រួលការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរពីគ្រប់គោលដៅមកកម្សាន្តនៅលើកោះរ៉ុងកាន់តែងាយស្រួល៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


