ព័ត៌មានជាតិ
អភិបាលរាជធានី ជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ ប្រជុំរាល់ខែ ដើម្បីដាក់ចេញជាវិធានការក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ជាប្រចាំរាល់ខែ ដោយដាក់ទិសដៅអោយបានច្បាស់លាស់ បញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាឲ្យការងាររបស់ខ្លួនដំណើរការទៅដោយរលូន រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ។

លោកឃួង ស្រេង បានជំរុញបែបនេះនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិជូនរដ្ឋបាលខណ្ឌ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោកឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវរួមគ្នាសហការគ្នាដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញរបស់យើងមានទាំងសន្តិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានល្អពិសេស ការពិនិត្យទៅលើមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងសំរាម ធូលីជាដើម ដោយធ្វើការរាយការណ៍ក៏ដូចជាអន្តរាគមន៍ដើម្បីយកសំរាមនិងធូលីចេញពីដងផ្លូវនានានៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់។

លោកក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជំងឺCOVID-19 ទាំងខណ្ឌ ទាំងសង្កាត់និងមន្ទីរពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបំពេញការងារនេះ មិនថាថ្ងៃឬយប់ឡើយ រហូតទទួលបានជោគជ័យនិងបានបើកដំណើរការ សេដ្ឋកិច្ចប្រទេសឡើងវិញ ដែលគិតមកពីនេះ ភាពជោគជ័យក្នុងការទប់ស្កាត់ COVID-19 មានរយៈពេលមួយឆ្នាំគត់។

លោកឃួង ស្រេង ក៏បានជំរុញអោយអាជ្ញាធរខណ្ឌ សង្កាត់ បន្តបម្រើប្រជាពលរដ្ឋបន្ថែមទៀតពិសេស ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋ ដើម្បីទទួលបានការគោរពស្រលាញ់និងជឿទុកចិត្តពីប្រជាពលរដ្ឋ រហូតដល់ពួកគាត់បោះឆ្នោតអោយយើងនៅឆ្នាំ២០២៣ខាងមុខ។ ការផ្តល់សេវានៅទីណាល្អ ទីនោះប្រជាពលរដ្ឋ កាត់បន្ថយបាននូវភាពក្រីក្រនិងកាត់បន្ថយអំពើហិង្សាផងដែរ។ ខណ្ឌ សង្កាត់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបានសន្ទុះច្រើន ឈានទៅទទួលបានចំណាត់ថ្នាក់ផ្កាយច្រើន។ លើកកម្ពស់សេវាសង្គមជួយប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ និង ជំរុញប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នានិងទាន់ពេល។

គួរបញ្ជាក់ថា ចំពោះលទ្ធផលនៃការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមលទ្ធផលដែលក្រសួងមហាផ្ទៃ បានធ្វើការពិនិត្យវាយតម្លៃ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២០-២០២១ គឺរាជធានីភ្នំពេញ ទទួលបានពាន់រង្វានជើងឯកចំនួន ២ខណ្ឌ និង២សង្កាត់ រួមមាន៖ រដ្ឋបាលខណ្ឌមានជ័យ ទទួលបានជ័យលាភីជើងឯកលេខ២។ រដ្ឋបាលខណ្ឌកំបូល ទទួលបានជ័យលាភីជើងឯកលេខ៣ រដ្ឋបាលសង្កាត់បឹងកេងកងទី១ ទទួលបានជ័យលាភីជើងឯកលខ១ រដ្ឋបាលសង្កាត់បឹងកេងកងទី២ ទទួលបានជ័យលាភីជើងឯកលេខ៤(បានប្រគល់ជូនរួចដោយក្រសួងមហាផ្ទៃកាលពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) ។

ចំពោះពានរង្វាន់ផ្កាយសេវាសង្គមដែលត្រូវធ្វើពិធីប្រគល់ជូននេះ រួមមាន រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៩ ទទួលបានផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៣ ទទួលបានផ្កាយ២ ។ ចំណែករដ្ឋបាលសង្កាត់ចំនួន២៨ទទួលបានផ្កាយ៣ រដ្ឋបាលសង្កាត់ចំនួន១៥ទទួលបានផ្កាយ២និងរដ្ឋបាលសង្កាត់ចំនួន៨ទៀតទទួលបានផ្កាយ១៕
ដោយ ៖ ស្រីរ័ត្ន






-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


