ព័ត៌មានជាតិ
កម្ពុជាអនុម័តច្បាប់វិនិយោគថ្មី និងដាក់ចេញក្របខណ្ឌយុទ្ធសាស្ត្រមួយចំនួន ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា ប្រទេសកម្ពុជា បានអនុម័តច្បាប់វិនិយោគថ្មីមួយ និងបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ។

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់កម្ពុជា, ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន, រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវ «ច្បាប់ស្ដីពីវិនិយោគ» ថ្មីមួយ និងបានដាក់ចេញនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និងឌីជីថល, លើកកម្ពស់គុណភាពសេវាឡូជីស្ទីក, បង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ, ជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គម ជាដើម។
ជាមួយគ្នានេះ, ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប, កម្ពុជាសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធាននៃច្បាប់ និងសូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគី។

ជាងនេះទៅទៀត, ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និងការបំផ្លាញបរិស្ថាន ជាដើម, កម្ពុជាបានលើកសំណើឲ្យមានការរៀបចំនូវ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និងភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ហើយកម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្ត ក្នុងការសហការយ៉ាងជិតស្និទ្ធរួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


