ព័ត៌មានជាតិ
អង្គការAHFចូលរួមលើកកម្ពស់សុខភាពស្ត្រីក្នុងទិវានារីអន្តរជាតិ៨មីនា
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)បានរៀបចំទិវា នារីអន្តរជាតិ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ « នារីដែលមានសុខភាពល្អ=នារីកាន់តែរឹងមាំ» ដើម្បីចូលរួមលើកកម្ពស់សុខភាពដល់ស្ត្រីឱ្យកាន់តែប្រសើរ។

ថ្លែងក្នុងទិវានារីអន្តរជាតិ៨មីនា និងការចែកចាយសំឡីអនាម័យដល់សិស្សស្រីនៅវិទ្យាល័យពងទឹក រាជធានីភ្នំពេញកាលពីថ្ងៃទី០៧មីនា លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានឱ្យដឹងថា «ការរៀបចំទិវាអន្តរជាតិនារីនេះ ដើម្បីលើកទឹកចិត្តនារីឱ្យមានការទទួលខុសត្រូវលើសុខភាពរបស់ពួកគេ និងជួយពួកគេឱ្យយកឈ្នះលើការមាក់ងាយ និងការរើសអើងផ្នែកយេនឌ័រ ដូច្នេះពួកគេអាចអភិវឌ្ឍន៍បាន»។លោកស្រីវេជ្ជបណ្ឌិតបានបន្តថា យើងត្រូវធានាថា នារីត្រូវតែមានឱកាសស្មើគ្នាក្នុងការទទួលបានជោគជ័យ ក្នុងគ្រប់ស្ថានភាពនៃជីវិតរបស់ពួកគេ ដោយការចាប់ផ្តើមជាមួយនឹងការមានសុខភាពល្អរបស់នារី និងក្មេងស្រី។

ចំណែកលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានមានប្រសាសន៍ថា ការពង្រឹងអំណាចនារីត្រូវចាប់ផ្តើមពីមូលដ្ឋាន ហើយគ្មានអ្វីសំខាន់ជាងសិទ្ធិ ក្នុងការថែទាំសុខភាពប្រកបដោយសមធម៌ និងគ្រប់គ្រាន់ពេញលេញនោះទេ។

លោកវេជ្ជបណ្ឌិតបានបន្តថា ព្រឹត្តិការណ៍នេះ នឹងផ្តល់ឱ្យនារី ក្មេងស្រីនូវអ្វីដែលពួកគេត្រូវការដើម្បីដឹងពីរបៀបគ្រប់គ្រងសុខភាពរបស់ពួកគេ និងធ្វើការសម្រេចចិត្ត ដែលអាចជួយណែនាំ និងគាំទ្រពួកគេឱ្យទទួលបាននូវជោគជ័យក្នុងគោលដៅអាជីព និងសហគមន៍របស់ពួកគេ គឺជាការតស៊ូមតិជាសកល និងគោលនយោបាយរបស់អង្គការ AHF។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ខណៈពេលដែលពិភពលោកបន្តជួបបញ្ហាប្រឈមផ្នែកសុខភាព និងការកើនឡើងនូវភាពបន្ទាន់ណាមួយ យើងមិនត្រូវភ្លេចថា នារី និងកុមារីក៏បានរងផលប៉ះពាល់ដោយវិបត្តិនានា រួមទាំងមេរោគអេដស៍ អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាជាច្រើនទៀត។ យើងជំរុញ ឱ្យរដ្ឋាភិបាលអនុវត្ត វិធានការដែល ការពារនារី និង កុមារី ពីវិសមភាពសុខភាព ដ៏គ្រោះថ្នាក់ និងលើកកម្ពស់ការយល់ដឺងរបស់ពួកគេឱ្យរស់នៅ ប្រកបដោយអំណាចក្នុងការការសម្រេចចិត្ត ការបំពេញភាពខ្វះខាត និង រស់នៅប្រកបដោយ សុខភាពល្អ ។

ក្រៅពីកម្ពុជាក្រុមការងារអង្គការ AHF នៅតាមបណ្តាប្រទេសនានានៃទ្វីបអាហ្រ្វិក អាស៊ី អឺរ៉ុប និងអាមេរិកឡាទីន ព្រមទាំងការ៉ាបៀន នឹងរៀបចំព្រឹត្តិការណ៍ ទិវាអន្តរជាតិនារី ដែលផ្តោតលើសុខភាពនៅឆ្នាំនេះ ដោយលើកកម្ពស់ការធ្វើតេស្តឈាម និងការយល់ដឹងអំពីមេរោគអេដស៍ និងផ្តល់ឱ្យស្ត្រីទទួលបាននូវការអប់រំ និងព័ត៌មានតាមតម្រូវការ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង អំពីសុខភាពរបស់ពួកគេ ។

គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការថែទាំ បែបវេជ្ជសាស្ត្រ ឬសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


