ព័ត៌មានជាតិ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ការបើកសម្ពោធផ្សារទំនើប AEON ទី៣ នឹងចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ
ការបើកសម្ពោធផ្សារទំនើប Aeon Mall Mean Chey ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុន AEON Mall (Cambodia) Co., LTD នៅក្នុងប្រទេសកម្ពុជា ពិតជាបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ស្មារតីសុទិដ្ឋិនិយម និងឆន្ទៈដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ជាពិសេសការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពធន់ និងរីកចម្រើនរឹងមាំ។ នេះជាប្រសាសន៍របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្សារទំនើប Aeon Mall Mean Chey នាព្រឹកថ្ងៃទី ០៧ ខែមេសានេះ។

ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សំណង់ និងការរៀបចំផ្សារដ៏ទំនើបមួយនេះ ក៏បានបង្ហាញថា ក្រុមហ៊ុនមិនបានផ្តោតតែទៅលើការទាញយកផលចំណេញប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏បានគិតគូរផងដែរ អំពីការចូលរួមក្នុងកិច្ចការសង្គម តាមរយៈសកម្មភាពមួយចំនួន ដូចជា៖ ការបន្តគាំទ្រដល់ផលិតផលក្នុងស្រុក, ការរៀបចំកម្មវិធីវប្បធម៌ជាប្រចាំ ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ និងការចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាដើម។ សមិទ្ធផលទាំងនេះ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការផ្តល់ឱកាសការងារជូនដល់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់ ព្រមទាំងឱកាសវិនិយោគ និងអាជីវកម្មថ្មីៗសម្រាប់វិនិយោគិន និងអាជីវករទាំងក្នុង និងក្រៅស្រុក។

ជាមួយនឹងវត្តមានរបស់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងវិនិយោគិន ធុរជន និងដៃគូអភិវឌ្ឍន៍ មកពីប្រទេសជប៉ុននាឱកាសនេះ ឯកឧត្តមបណ្ឌិត បានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការកម្ពុជា-ជប៉ុន ជាពិសេសការលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ចាប់ពីឆ្នាំ២០២៣ នេះ។ ភាពជាដៃគូកម្ពុជា-ជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងផ្នែកពាណិជ្ជកម្ម, ការអភិវឌ្ឍ, មនុស្សធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន បានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមដល់ការពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាលើគ្រប់វិស័យ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច។ ជាមួយនឹងសុខសន្តិភាព ដែលសម្រេចបានដោយលំបាក, រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញពីផេះផង់នៃសង្គ្រាម រហូតបានក្លាយជាសេដ្ឋកិច្ចមួយប្រកបដោយថាមវន្ត និងមានភាពរស់រវើក តាមរយៈការដាក់ចេញ និងការអនុវត្តគោលនយោបាយ, យុទ្ធសាស្ត្រ និងវិធានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយភាពប្រាកដនិយម និងដោយផ្តោតលើតម្រូវការជាក់ស្តែង, ជីវភាព និងសុខទុក្ខរបស់ប្រជាជនជាធំ។

បើតាមឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវកំណើនយ៉ាងលឿន ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចរំដោះប្រជាជនជាច្រើនលាននាក់ចេញពីភាពក្រីក្រ និងបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងសំដៅទៅរកការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ពិតណាស់ សមិទ្ធផលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងនេះ គឺសម្រេចបានដោយសារការចូលរួម និងការលូតលាស់នៃវិស័យឯកជន ដោយមានការទ្រទ្រង់ពីរាជរដ្ឋាភិបាល តាមរយៈការបង្កភាពអំណោយផលដល់បរិយាកាសធុរកិច្ច និងការពង្រឹងការប្រកួតប្រជែងនៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី។ ក្នុងន័យនេះ រាជរដ្ឋាភិបាលតែងបានខិតខំប្រឹងប្រែង និងបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និងវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ សំដៅគាំទ្រដល់ការលូតលាស់របស់វិស័យឯកជន។ ជាក់ស្តែង ជាមួយនឹងការចូលរួមរបស់វិស័យឯកជន, សេដ្ឋកិច្ចរបស់កម្ពុជា អាចងើបឡើងវិញចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៣ភាគរយ ក្នុងឆ្នាំ២០២១ ហើយសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានប៉ាន់ប្រមាណថាមានកំណើនប្រមាណ ៥,២ភាគរយ នៅឆ្នាំ២០២២ និងប្រមាណ ៥,៦ភាគរយ នៅឆ្នាំ២០២៣។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


