Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់​អំ​ពាវ​នាវ​​រុស្ស៊ី ឱ្យឈប់​វាយ​អ៊ុយ​ក្រែន​ ហើយ​​វិល​មក​តុ​ចរ​ចាបញ្ចប់សង្គ្រាម​​

បានផុស

នៅ

សង្រ្គាម​រុស្ស៊ី​-អ៊ុយ​ក្រែន​ ​ដែល​មាន​រយៈពេល​ជាង​​៤ឆ្នាំ ក្នុង​ទ្រង់​ទ្រាយ​ធំ​​​មិនធ្លាប់​មាន ចាប់តាំង​​ពីសង្គ្រាម​លោក​លើក​ទី​​២​បាន​បញ្វប់ទៅ​កាល​ពី​ជាង​៨០ឆ្នាំមុន។​ គ្រប់​ភាគី​​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ទ្រង់​ទ្រាយ​ធំនេះ ​មិន​បាន​ចំណេញ​អ្វី​​​ជាង​​គ្នា​ទេ មាន​តែ​បន្សល់​មនុស្ស​ស្លាប់ ក្មេង​កំព្រា និង​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​​យ៉ាងធ្ងន់ធ្ងរ និង​ បង្ក​អសន្តិសុខ​​​ទូទាំង​សកលលោក​​​​។

​ដើម្បី​​ឈាន​ទៅ​បញ្ចប់សង្គ្រាម អធិការ​បតី​អាល្លឺម៉ង់ លោក Friedrich Merz បាន​អំពាវនាវ​ដល់ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លា​ឌី​មៀរ ពូ​ទីន ឱ្យ​បញ្ឈប់ការវាយ​ប្រហារលើអ៊ុយ​ក្រែន ហើយវិលត្រឡប់មក​តុចរចាវិញ។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​ Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

អធិការ​បតី​អាល្លឺម៉ង់ លោក Friedrich Merz ។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌​មានរួមគ្នា​មួយ​នៅទីក្រុងប៉ារីស ជា​មួយមេដឹកនាំមក​ពីប្រទេសបារាំង អ៊ុយក្រែន និងចក្រភពអង់គ្លេស លោក Merz និយាយថា៖ « សមាជិកនៃសម្ព័ន្ធ​មិត្ត​បាន​យល់ព្រមរក្សា​ការ​គាំទ្រយ៉ាង​រឹងមាំ​ ចំពោះទីក្រុងកៀវ​ ខណៈ​យើង​កំពុង​បង្កើនសម្ពាធលើ​ទីក្រុង​មូស្គូ​តាមរយៈវិធានការថ្មីៗ​។ យើងកំពុងធ្វើបែបនេះ​មិនមែន​ដើម្បី​ពន្យារសង្គ្រាម​នោះទេ ប៉ុន្តែដើម្បីបញ្ចប់វា​ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន»។

លោកបន្ថែមថា៖ « សាររបស់យើង​ទៅកាន់ប្រទេស​រុស្ស៊ីគឺ ដល់ពេល​ត្រូវមកតុចរចាហើយ ដល់ពេលត្រូវ​ព្រមព្រៀងគ្នាលើបទឈប់បាញ់។ ដល់ពេលត្រូវ​បញ្ចប់ការបង្ហូរឈាម​ដែល​មិនចាំបាច់​នៅអ៊ុយក្រែនហើយ​»។

មេដឹក​នាំអាល្លឺម៉ង់រូបនេះ​​អះអាងថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបាន​ចូលដល់ដំណាក់កាល​ថ្មីមួយ ដោយទីក្រុងកៀវ​សម្រេចបានភាព​ជោគ​ជ័យផ្នែកយោធាយ៉ាង​ច្រើន​ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយមាន​ជំនួយពីការគាំទ្រ​ផ្នែកយោធារបស់លោកខាងលិច។

លោក Merz និយាយថា៖ «​ វាកាន់តែច្បាស់ឡើងៗ ហើយ​ពលរដ្ឋរុស្ស៊ីកាន់តែច្រើន​កំពុងដឹងថា ទីក្រុងមូស្គូ​នឹងមិនទទួលបានជ័យជម្នះក្នុង​សង្គ្រាមនេះទេ។ រុស្ស៊ីនឹង​មិនសម្រេចបាននូវគោលបំណងសង្គ្រាមរបស់ខ្លួនទេ»​។

លោក​ក៏​បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេលេន​ស្គី​ ថា ប្រទេស​អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តលោកខាងលិចនឹង​បន្តផ្តល់ការ​គាំទ្រផ្នែកសេដ្ឋកិច្ច និងយោធាយ៉ាង​រឹងមាំដល់ទីក្រុងកៀវ​។

លោក Merz សង្កត់​ថា​៖ «​ យើងឈរជាមួយ​អ្នក[អ៊ុយ​ក្រែន​] មិនត្រឹម​តែដោយសារតែសេរីភាព​របស់អ៊ុយក្រែនស្ថិត​ក្នុងគ្រោះថ្នាក់ប៉ុណ្ណោះ​ទេ ​ប៉ុន្តែដោយសារតែសេរីភាពរបស់​យើងនៅទូទាំងទ្វីបអឺរ៉ុប​ទាំងមូលក៏​ស្ថិតក្នុងគ្រោះថ្នាក់​ ក្នុងសង្គ្រាមឈ្លានពាន​ដ៏គួរឱ្យភ័យខ្លាចនេះ​ផងដែរ»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម