Connect with us

ព័ត៌មានអន្ដរជាតិ

ចិននិងអាមេរិក ឈ្លោះគ្នានៅ WHO រឿងបេសកកម្មរកប្រភពដើមកូវីដក្នុងទីក្រុង អ៊ូហាន

បានផុស

នៅ

នៅថ្ងៃអង្គារទី១៩ខែមករានេះ សហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រទេសចិន អនុញ្ញាតឲ្យក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោកធ្វើការសម្ភាសន៍គ្រូពេទ្យ, អតីតអ្នកជំងឺនិងអ្នកធ្វើការនៅមន្ទីរពិសោធន៍ក្នុងទីក្រុងអ៊ូហាន ភាគកណ្តាល ដែលការអំពាវនាវនេះបាននាំឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីទីក្រុងប៉េកាំង។

ក្រុមអ្នកជំនាញឯករាជ្យដឹកនាំដោយ WHO ដែលព្យាយាមកំណត់ប្រភពដើមនៃជំងឺកូវីដ១៩ បានទៅដល់ទីក្រុងអ៊ូហានកាលពីថ្ងៃទី១៤ខែមករា។ នៅទីនោះ ពួកគេកំពុងធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរគមនាគមន៍ជាមួយសមភាគីចិន ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍មុនពេលចាប់ផ្តើមការងារ។

សហរដ្ឋអាមេរិកដែលចោទប្រកាន់ប្រទេសចិនថាបានលាក់បាំងវិសាលភាពនៃការផ្ទុះដំបូង បានអំពាវនាវឲ្យមានការស៊ើបអង្កេតដឹកនាំដោយ WHO ប្រកបដោយតម្លាភាពនិងបានរិះគន់លក្ខខណ្ឌនៃដំណើរនេះ។

លោក Garrett Grigsby នៃនាយកដ្ឋានសុខភាពនិងសេវាមនុស្ស ដែលជាប្រធានគណៈប្រតិភូសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិនគួរតែចែករំលែករាល់ការសិក្សាវិទ្យាសាស្ត្រទៅលើសំណាកសត្វ មនុស្សនិងបរិស្ថានដែលយកចេញពីទីផ្សារមួយនៅទីក្រុង អ៊ូហាន ដែលជាកន្លែងវីរុស SARS-CoV-2 ត្រូវបានគេជឿថា លេចចេញកាលពីចុងឆ្នាំ២០១៩។

លោកបានប្រាប់ក្រុមប្រឹក្សាប្រតិបត្តិរបស់ WHO ថា ការវិភាគប្រៀបធៀបនៃទិន្នន័យហ្សែនបែបនេះ អាចជួយរកមើលភាពត្រួតស៊ីគ្នានិងប្រភពសក្តានុពលនៃការផ្ទុះឡើងដែលបង្កឲ្យមានជំងឺរាតត្បាតកូវីដ១៩។

ទោះបីជាយ៉ាងណាក៏ដោយ លោក Sun Yang អគ្គនាយកការិយាល័យឆ្លើយតបបន្ទាន់ផ្នែកសុខភាព នៃគណៈកម្មាធិការសុខាភិបាលជាតិចិន បានប្រាប់ក្រុមប្រឹក្សាភិបាលថា “ការសិក្សាពីប្រភពដើមនៃវីរុសនេះគឺមានលក្ខណៈវិទ្យាសាស្ត្រ។ វាត្រូវការការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការ។ យើងត្រូវតែបញ្ឈប់រាល់សម្ពាធនយោបាយ”។

ស្របពេលជាមួយគ្នានោះ គណៈប្រតិភូអូស្រ្តាលីក៏បានអំពាវនាវផងដែរដល់ក្រុមការងាររបស់ WHO​ ឲ្យមានសិទ្ធិទទួលបានព័ត៌មានពាក់ព័ន្ធនិងទីតាំងសំខាន់ៗ។

ប្រធានផ្នែកគ្រាអាសន្នរបស់ WHO លោក Mike Ryan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “មិនមានការធានាចំពោះចម្លើយទេ។ វាជាកិច្ចការដ៏លំបាកមួយក្នុងការរកឲ្យឃើញដើមកំណើតឲ្យបានច្បាស់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្រុមស៊ើបអង្កេតកូវីដរបស់ WHO មកដល់ទីក្រុង អ៊ូហាន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម