ព័ត៌មានជាតិ
រដ្ឋាភិបាលស្វីស ជួយលើកកម្ពស់ជីវភាពរស់នៅពលរដ្ឋតាមព្រំដែនឲ្យកាន់តែប្រសើរឡើង
រដ្ឋាភិបាលស្វីសតាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)បានជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋនៅតាមជនបទឲ្យកាន់តែប្រសើរឡើងថែមទៀតពិសេសពលរដ្ឋរស់នៅតាមព្រំដែនតាមរយៈ«គម្រោង CHAIN ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣»។

«គម្រោងបន្លែ ផ្លែឈើកម្ពុជា ដើម្បីបង្កើតប្រាក់ចំណូល និងអាហារូបត្ថម្ភ ដំណាក់កាលទី៣ (CHAIN Phase III)»នេះត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២១រវាងអគ្គនាយកដ្ឋានកសិកម្ម ជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)តំណាងដោយលោក Markus Burli នាយកកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា គម្រោង CHAIN នេះមានរយៈពេល ៨ឆ្នាំ (២០១៤ – ២០២២) ដែលមានថវិកាសរុប ១០លានដុល្លារ កំពុងប្រតិបត្តិក្នុងខេត្តគោលដៅចំនួន០៤ គឺក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ ដោយជ្រើសរើសតំបន់ដាច់ស្រយាល និងខ្ពង់រាបជាប់ព្រំដែនថៃ ឡាវ និងវៀតណាម ដែលតំបន់នោះភាគច្រើនខ្វះហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មដឹកជញ្ជូនមានតម្លៃថ្លៃ ខ្វះប្រភពទឹកនៅរដូវប្រាំង និងកម្រិតវប្បធម៌របស់ប្រជាជនមានកម្រិតទាប។

លោកបានបន្តថា ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ គំរោងបានកែប្រែកសិករជិត ១០ ០០០គ្រួសារពីការធ្វើស្រែ តែមួយមុខមកប្រកបរបរដាំបន្លែជាលក្ខណៈគ្រួសារសម្រាប់អាហារូបត្ថម្ភ ពាក់កណ្តាលអាជីវកម្ម និងអាជីវកម្មពេញលេញសម្រាប់ផ្គត់ផ្គង់ទីផ្សារដោយជ្រើសរើសស្ត្រីជាគោល។ គំរោងបានផ្តោតជាសំខាន់លើខ្សែសង្វាក់តម្លៃនៃសាកវប្បកម្មក្នុងខេត្តគោលដៅទាំងអស់ និងជំរុញកំណើនចំណូលគ្រួសារប្រកបដោយចីរភាព និងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀងគ្រួសារ និងភាពធន់ទ្រាំការប្រែប្រួលអាកាសធាតុ។

លោក វេង សាខុន បានមានប្រសាសន៍ថាគោលបំណងសំខាន់របស់អនុស្សរណៈយោគយល់គ្នានេះ គឺបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគំរោងខាងលើ ដើម្បីបង្កើនផលិតកម្មបន្លែ និងផ្លែឈើសុវត្ថិភាព ធានាបាននិរន្តរភាពនៃប្រាក់ចំណូល និងអាជីពប្រចាំគ្រួសារ បង្កើតការងារ ធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ សមស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩- ២០២៣ ដែលបានកំណត់ច្បាស់នូវចក្ខុវិស័យប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក Markus Burli នាយកកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងជំរុញផលិតកម្មសាកវប្បកម្មកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព ជាពិសេសក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ ឃើញថាផលិតកម្មបន្លែក្នុងស្រុកបានផ្គត់ផ្គង់បានជាង ៦៨% នៃតម្រូវការប្រើប្រាស់ក្នុងស្រុក។

លោក Markus Burli បន្ថែមថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងបន្តផ្តល់កិច្ចគាំទ្រដល់ក្រសួង រួមគ្នាអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ និងអាហារូបត្ថម្ភដល់ប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រីជឿជាក់ថា តាមរយៈគម្រោងនេះ សាកវប្បករនឹងទទួលបានបច្ចេកទេសទំនើបលើការដាំដុះដំណាំ និងទីផ្សារបន្លែ ផ្លែឈើសុវត្ថិភាព ដើម្បីចូលរួមលើកកម្ពស់ជីវភាពនៅតាមជនបទឲ្យកាន់តែប្រសើរឡើងថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


