ព័ត៌មានអន្ដរជាតិ
ស្វីសមិនឲ្យនាំចេញអាវុធទៅអាមេរិកទេ ខណៈសង្រ្គាមនៅអ៊ីរ៉ង់កំពុងរាលដាល
ប្រទេសស្វីសលើកឡើងថាខ្លួននឹងមិនចេញអាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនក្នុងប្រទេសស្វីសនាំចេញអាវុធទៅកាន់សហរដ្ឋអាមេរិកនោះទេ ខណៈសង្គ្រាមកំពុងបន្តលើប្រទេសអ៊ីរ៉ង់ ដោយលើកឡើងពីគោលការណ៍អព្យាក្រឹតយូរអង្វែងរបស់ប្រទេសនេះ។
សារព័ត៌មាន Al Jazeera មានមូលដ្ឋាននៅប្រទេសកាតា បានចេញផ្សាយថ្ងៃទី២០ខែមីនា ឆ្នាំ២០២៦ រដ្ឋាភិបាលលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ៖«ការនាំចេញឧបករណ៍សង្គ្រាមទៅកាន់ប្រទេសដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធអន្តរជាតិជាមួយអ៊ីរ៉ង់ មិនអាចត្រូវបានអនុញ្ញាតអំឡុងពេលជម្លោះនោះទេ»។

សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «ការនាំចេញឧបករណ៍សង្គ្រាមទៅកាន់សហរដ្ឋអាមេរិកមិនអាចត្រូវបានអនុញ្ញាតក្នុងពេលនេះឡើយ»។
ការប្រកាសនេះកើតឡើងពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ឈានចូលសប្តាហ៍ទី៤ នាំឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅទូទាំងមជ្ឈិមបូព៌ា និងថាមពលសកលកើនឡើងផងដែរ។
មិនតែប៉ុណ្ណោះ រឿងនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលស្វីសសម្រេចចិត្ត បិទដែនអាកាសរបស់ខ្លួន ចំពោះជើងហោះហើររបស់យោធាអាមេរិកដែលភ្ជាប់ដោយផ្ទាល់ទៅនឹងអ៊ីរ៉ង់។
គួរបញ្ជាក់ថា ច្បាប់សហព័ន្ធប្រទេសស្វីសត្រូវបានអនុម័តក្នុងឆ្នាំ ១៩៩៦ ចែងថាការនាំចូល នាំចេញ និងការឆ្លងកាត់ដោយសម្ភារៈសង្គ្រាមនិងបច្ចេកវិទ្យាពាក់ព័ន្ធ តម្រូវឱ្យមានអាជ្ញាប័ណ្ណនាំចេញដោយផ្អែកលើគោលការណ៍សិទ្ធិមនុស្ស និងអព្យាក្រឹតភាព។
ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសស្វីសប្រកាសថា មិនមានអាជ្ញាប័ណ្ណនាំចេញថ្មីណាមួយចេញឱ្យសហរដ្ឋអាមេរិកនោះទេ។
រដ្ឋាភិបាលក៏បានសង្កត់ដែរថា មិនមានអាជ្ញាប័ណ្ណច្បាស់លាស់ណាសម្រាប់ការនាំចេញសម្ភារៈសង្គ្រាមទៅកាន់អ៊ីស្រាអែលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយចំពោះអ៊ីរ៉ង់ក៏ដូចគ្នា។
ចំណែកអាជ្ញាប័ណ្ណអាមេរិកដែលមានស្រាប់បច្ចុប្បន្នប្រឈមមុខនឹងការពិនិត្យឡើងវិញជាប្រចាំដោយក្រុមអ្នកជំនាញ ដើម្បីវាយតម្លៃថាតើជំហាននានាត្រូវបានទាមទារក្រោមច្បាប់អព្យាក្រឹតភាពឬអត់។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលស្វីស សហរដ្ឋអាមេរិកគឺជាអ្នកទិញ អាវុធពីប្រទេសស្វីសធំជាងគេទីពីរកាលពីឆ្នាំមុនដែលមានតម្លៃ ១១៩លានដុល្លារ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


