Connect with us

ព័ត៌មានជាតិ

ប្រធានបុរីទារក និងកុមារជាតិ អំពាវនាវសប្បុរសជន ជួយគាំទ្រកុមារពិការ និងកំព្រា

បានផុស

នៅ

ប្រធានបុរីទារក និងកុមារជាតិ អំពាវនាវដល់វិស័យឯកជន និងសប្បុរសជនានាមេត្តាជួយគាំទ្រដល់កុមារខ្សោយសតិបញ្ញា កុមារពិការខួរក្បាល អូទីស្សីម កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា ដើម្បីឱ្យពួកគេទទួលបាននូវការចិញ្ចឹមបីបាច់ថែទាំ និងស្នាក់នៅប្រកបដោយភាពកក់ក្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ថោ ពៅ ថ្លែងប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២៥ ខែសីហានេះថា សព្វថ្ងៃនេះ បុរីទារក និងកុមារជាតិមានកុមារសរុបចំនួន ១៧១នាក់ ក្នុងនោះមានកុមារពិការខួរក្បាល និងអូទីស្សីម កុមារដោនស៊ីនដ្រូម ពិការខួរក្បាល និងដៃជើង ពិការរាងកាយ និងដៃជើង ពិការដៃជើង និងមានផ្ទុកមេរោគអេដស៍ កុមារខ្សោយប្រាជ្ញា និងកុមារធម្មតា ៦នាក់។

ប្រធានបុរីទារក និងកុមារជាតិ មានប្រសាសន៍បន្តទៀតថា ក្នុងនោះមានកុមារមួយចំនួនអាចញ៉ាំបានដោយខ្លួនឯង និងខ្លះទៀតត្រូវការបញ្ចុកអាហារ និងអ្នកថែទាំ ២៤ម៉ោង លើ ២៤ម៉ោង។

លោកស្រី ថោ ពៅ បានបន្ថែមថា កុមារទទួលបានម្ហូបអាហារ ៣ពេល ក្នុង១ថ្ងៃ និងមានអាហារសម្រន់ ២ពេល ដូចជាទឹកសណ្តែក ឬទឹកដោះគោ នំចំណី ផ្លែឈើផ្សងៗជាប្រចាំថ្ងៃ ហើយត្រូវការថែទាំដោយបែងចែកតាមបន្ទប់ស្នាក់នៅ ទៅតាមកម្រិតអាយុ និងភេទ ក្នុង ១បន្ទប់ ពី ១០ ទៅ ១៥ នាក់ទៅតាមប្រភេទពិការធ្ងន់ និងស្រាល។ ក្នុងនោះម៉ែដោះថែទាំតម្រូវការច្រើននាក់ ក្នុង ១បន្ទប់ ៤នាក់ បែងចែកវេនយាមប្រចាំការ ២នាក់ ក្នុង ១ថ្ងៃ ២៤ម៉ោង ខណៈបច្ចុប្បន្នមានបុគ្គលិកសរុប ៨៣នាក់ ក្នុងនោះអ្នកថែទាំ ២៤ លើ ២៤ម៉ោង ចំនួន ៥៤នាក់ សម្រាប់ថែទាំដល់កុមារទាំងនោះដោយគ្មានថ្ងៃឈប់សម្រាកដូចជាថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទានផ្សេងៗឡើយ។

លោកស្រី ថោ ពៅ បានបញ្ជាក់ថា បុរីមិនអាចសមាហរណកម្មកុមារពិការគ្រប់អាយុបញ្ចេញបាន ព្រោះជាប្រភេទកុមារពិការមិនអាចជួយខ្លួនឯង ហើយក៏គ្មានញាតិសន្តានអាចទាក់ទងយកកុមារទៅវិញ។ ពិសេសកុមារពិការធ្ងន់ធ្ងរទាំងនេះ មានវ័យកាន់តែច្រើន ទម្ងន់កាន់តែធ្ងន់ អ្នកថែទាំជាស្ត្រីជួបការលំបាក ក្នុងការលើកដាក់ផ្លាស់ទីច្រើនដងក្នុងមួយថ្ងៃៗ។ ជាងនេះទៀត កុមារពិការមានតម្រូវការសម្ភារប្រើប្រាស់ផ្នែកអនាម័យ និងការព្យាបាលជំងឺច្រើនជាងកុមារធម្មតា។

លោកស្រី ថោ ពៅ បានអំពាវនាវដល់សប្បុរសជន ជួយគាំទ្រ និងអញ្ជើញមក បុរីទារក និងកុមារជាតិ ស្ថិតតាមបណ្តោយផ្លូវដួងងៀប ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្តដល់កុមារពិការទាំងនេះឱ្យមានក្តីសង្ឃឹម និងមានភាពកក់ក្តៅក៏ដូចជាជួយឧបត្ថម្ភជាសម្ភារផ្សេងៗដែលជាតម្រូវការចាំបាច់ ក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ ទូរសព្ទ និង ABA ឬ ACLEDA លេខ៖ 017411458 ។

គួរបញ្ជាក់ថា “បុរីទារក និងកុមារជាតិ” គឺជាកន្លែងសម្រាប់មើលថែទាំក្មេងៗ ទាំងការរស់នៅ ហូបចុក និងការមើលថែទាំងជំងឺផ្សេងៗ ដល់កុមារតូចៗ ដែលសុទ្ធសឹងជាកុមារដែលជាក្មេងអនាថា បាត់បង់អាណាព្យាបាល ឬពិការភាពស្វិតដៃជើងជាដើម ដែលទីតាំងទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់ នាយដ្ឋានសុខុមាលភាពកុមារ នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨០ ដែលកាលពីកំឡុងនោះ ឈ្មោះថា “មជ្ឈមណ្ឌលសង្គ្រោះទារក” លុះមកដល់ឆ្នាំ២០០៨ ទើបសម្រេចប្តូរមកថា “បុរីទារក និងកុមារជាតិ” វិញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម