Connect with us

ព័ត៌មានជាតិ

លេខាធិការដ្ឋានកិច្ចការព្រំដែនឆ្លើយបំភ្លឺ​ ជុំវិញ​ការ​បោះបង្គោលព្រំដែន​តាម​ «ព្រែកកំពង់ស្នាយ» ជាមួយ​វៀតណាម

បានផុស

នៅ

លេខាធិការដ្ឋានអចិន្ត្រៃយ៍អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន​នៃទីស្តីការគណៈរដ្ឋមន្រ្តី ​នៅថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០២៣ បាន​ចេញ​សេចក្តីបំភ្លឺ​ឆ្លើយតប​ទៅនឹងការផ្សាយ​ព័ត៌មានតាម​គេហទំព័ររបស់​វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) កាល​ពី​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០២៣ ក្រោម​​ចំណងជើង​ថា «ពលរដ្ឋ​សោកស្តាយ​ព្រែកមួយ​ដែលខ្មែរក្រហម​ជីក បាត់បង់​ទៅវៀតណាមក្រោយបោះ​បង្គោល​ព្រំដែន» ដោយ​បាន​ប្រកាសបដិសេធនិងច្រានចោលទាំងស្រុង និង​សម្ដែងការ​សោកស្តាយ​ជាទីបំផុតចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មានមិនពិត​គ្មានមូលដ្ឋាន​ខ្វះការយល់ដឹង ធ្វើឡើង​ក្នុងចេតនា​ទុច្ចរិត​និង​បំភាន់​សាធារណជនជាតិនិងអន្តរជាតិ។

លេខាធិការដ្ឋានអចិន្ត្រៃយ៍អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បាន​បញ្ជាក់ក្នុង​សេចក្តី​បំភ្លឺ​ថា៖

១. ព្រែកមួយខ្សែដែលវិទ្យុអាស៊ីសេរីបានលើកឡើងក្នុងគេហទំព័ររបស់ខ្លួននោះ​មានឈោ្មះថា «ព្រែកកំពង់ស្នាយ» គឺជាព្រែក​ដែលមានបង្ហាញនៅលើផែនទីបោនខ្នាត ១/១០០ ០០០ របស់ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ដែលមានទីតាំងភូមិសាស្ត្រ​ស្ថិត​នៅតាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែនក្នុង​ស្រុក​ស្វាយជ្រំខេត្តស្វាយរៀង។

ផ្អែកតាមផែនទីបោននេះ​ខ្សែព្រំដែនដើរតាមច្រាំងព្រែក​ខាងកម្ពុជា ប៉ុន្តែ​រាជរដ្ឋាភិបាល​បានខិតខំ​ចរចាយ៉ាង​ស្វិតស្វាញជាមួយ​ភាគីវៀតណាមរហូតសម្រេច​បានខ្សែព្រំដែន​ដើរតាមពាក់​កណ្តាល​ព្រែកវិញ (បន្ទាត់ទ្រូងនៃផ្លូវទឹក) ស្របតាម​គោលការណ៍​ច្បាប់​និងការអនុវត្តអន្តរជាតិ ដូចមាន​ចែងក្នុងប្រការ១នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេ​ង​ដល់​ប្រជាពលរដ្ឋ​រស់នៅតាម​បណ្តោយព្រែក មាន​សិទ្ធិ​ពេញលេញក្នុងការ​ប្រើប្រាស់ទឹក ការ​ធ្វើ​នាវាចរណ៍និងការនេសាទ​ជាដើម។

២. បង្គោលព្រំដែនបំពេញបន្ថែមលេខ 229/11(1) ដែលវិទ្យុអាស៊ីសេរីបានលើកឡើងនោះជាបង្គោល​មួយក្នុងចំណោម​បង្គោលទាំងបី ដែលត្រូវបោះនៅចំណុចផ្លូវទឹកបែកជាបី (បង្គោល​ត្រី) ក្នុងនោះ​បង្គោលលេខ 229/11(1) បានបោះនៅច្រាំង​​ព្រែកខាងកម្ពុជា ចំណែកឯបង្គោល លេខ229/11(2) និង 229/11(3) បានបោះនៅច្រាំង​ព្រែកខាងវៀតណាម ដូចមានបង្ហាញលើ​ផែនទី​ភ្ជាប់ជូនមកជាមួយ។ ទោះបីជាបង្គោលទាំងបីត្រូវបានបោះ​នៅលើ​ច្រាំង​ព្រែក​នៃភាគីទាំងពីរក៏ដោយ ក៏ខ្សែបន្ទាត់ព្រំដែន​ដើរ​តាមពាក់កណ្ដាលព្រែកកំពង់ស្នាយដដែល។

៣. ដូចគ្នានេះដែរចំពោះបង្គោលព្រំដែនបំពេញបន្ថែមលេខ 229/10(1) គឺជា​បង្គោល​មួយក្នុងចំណោម​បង្គោល​ពីរ (បង្គោល​ភ្លោះ) ដែលត្រូវ​បោះនៅសងខាងច្រាំងព្រែកកំពង់ស្ពាយ ក្នុងនោះ​បង្គោល​លេខ 229/10(1) បាន​បោះនៅច្រាំងព្រែក​ខាងកម្ពុជា ចំណែកឯបង្គោលលេខ 229/10(2) បាន​បោះ​នៅច្រាំងព្រែកខាងវៀតណាម ដូចមានបង្ហាញលើផែនទីភ្ជាប់ជូនមក​ជាមួយ។

ទោះបីជាបង្គោលទាំងពីរត្រូវបានបោះនៅលើច្រាំងទាំងសងខាង​ព្រែក​ក៏ដោយ ក៏ខ្សែបន្ទាត់ព្រំដែនដើរ​តាមពាក់កណ្ដាលព្រែកកំពង់ស្ពាយដដែល។

ជាថ្មីម្ដងទៀត ផ្អែកតាមមូលដ្ឋាន​ផ្លូវច្បាប់ និងមូលដ្ឋាន​បច្ចេកទេស​ដូចបាន​បញ្ជាក់ជូន​ខាងលើ លេខាធិការដ្ឋានអចិន្ត្រៃយ៍អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្រ្តី ​ប្រកាស​បដិសេធ​ចោលទាំងស្រុងចំពោះ​ព័ត៌មាន​មិនពិតក្លែង​ក្លាយ​ដែលបានផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរី និងអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ​ និង​ជនរួម​ជាតិទាំងអស់កុំជឿ និងចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ ព្រមទាំង​លើកទឹកចិត្ត​ឱ្យមានការផ្សព្វផ្សាយនិងចែកចាយសេចក្តីបំភ្លឺនេះឱ្យបានទូលំទូលាយ ដើម្បី​ឱ្យមហាជន​បានយល់ជ្រួត​ជ្រាបអំពីការពិត​លើ​បញ្ហានេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម