ព័ត៌មានជាតិ
សម្ពោធច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឺនណាម សម្ដេចធិបតី ថា បង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម
នៅព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម។ ការដាក់សម្ពោធច្រកទ្វារព្រំដែនថ្មីនេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ថា បង្ហាញពីទំនាក់ទំនាក់ដ៏ជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ក្នុងការប្រែក្លាយតំបន់ព្រំដែនប្រទេសទាំងពីរ ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដាក់សម្ពោធច្រកទ្វារព្រំដែនពេកនេះ បានបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលបាននិងកំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយទៅជាព្រំដែនសុខសន្តិភាព ព្រំដែនសម្រាប់ទីផ្សារ ដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍរីកចម្រើនសម្រាប់ជីវភាពរស់នៅប្រជាពលរដ្ឋប្រទេសទាំងពីរ។

ថ្លែងចំពោះនាយករដ្ឋមន្ត្រីវៀតណាម សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិពេលនេះ នឹងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងសុខមាលភាពប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងសន្តិសុខ។
ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឺនណាម ស្ថិតនៅភូមិតឺនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។
ដំបូងឡើយ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាម គ្រាន់តែជាច្រករបៀង ដែលប្រជាជននៃប្រទេសទាំងពីររស់នៅជិតគ្នាដោះដូរទំនិញ និងកសិផលទៅវិញទៅមក ហើយក្រោយមក នៅអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយទៅជាច្រកទ្វារតំបន់។ បន្ទាប់មកទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងច្រកនេះ ពីច្រកទ្វារតំបន់ជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ” នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។

បច្ចុប្បន្ន ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បានផ្តល់ការដោះដូរពាណិជ្ជកម្មឆ្លងកាត់យ៉ាងមមាញឹក ដែលគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបមានចំនួន ១.៣៨៤.៨៤៦.៥៦៤.០០០រៀល (មួយទ្រីលាន បីរយប៉ែតសិបបួនប៊ីលាន ប្រាំបីរយសែសិបប្រាំមួយលាន ប្រាំរយហុកសិបបួនពាន់រៀល) និងទទួលបានចំណូលពន្ធគយសរុបចំនួន ១៩.០៩៥.៨២៤.០០០រៀល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


