ព័ត៌មានជាតិ
គ្រូបង្គោលបារាំងជំនាញបង្ក្រាបគ្រឿងញៀន មកបង្រៀនមន្ត្រីនរគបាលកម្ពុជា រយៈពេល៥ថ្ងៃ
គ្រូបង្គោលជនជាតិបារាំង ជំនាញបង្ក្រាបគ្រឿងញៀន បានមកបណ្ដុះបណ្ដាលមន្ត្រីនគរបាលកម្ពុជាចំនួន២០រូប រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ វគ្គបណ្ដុះបណ្ដាលនេះ លេចចេញជារូបរាងឡើងក្រោមកិច្ចសហការណ៍រវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិបារាំង។

សម្រាប់វគ្គបណ្ដុះបណ្ដាលនៅលើទឹកដីកម្ពុជានេះ គ្រូបង្គោលជនជាតិបារាំង នឹងបណ្ដុះបណ្ដាលសិក្ខាកាមចំនួន២០រូប លើជំនាញ កំណត់អត្តសញ្ញាណគ្រឿងញៀន លំហូរគ្រឿងញៀនជាសកល រចនាសម្ព័ន្ធសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរសារធាតុញៀននៅប្រទេសបារាំង ការប្រមូលភស្តុតាងមុនពេលចាប់ខ្លួន ការស៊ើបអង្កេតស្ថានភាពជុំវិញអ្នកជួញដូរ និងបច្ចេកទេស ពិសេសក្នុងការស៊ើបអង្កេត និងនិតិវិធីផ្លូវច្បាប់ជាច្រើនទៀត។

ក្នុងពេលបើកវគ្គបណ្ដុះបណ្ដាលជំនាញនេះ លោកស្រី មេបញ្ជាការនគរបាល Nathalie CARLIER អនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា បានគូសបញ្ជាក់ដល់សិក្ខាកាមកម្ពុជាថា វគ្គបំប៉នជំនាញនេះ មានការបង្រៀនផ្ទាល់ដោយគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំ ដែលនឹងផ្តល់ជូនចំណេះដឹងល្អៗសម្រាប់សិក្ខាកាម ក្នុងការពង្រឹង និងពង្រីកសមត្ថភាពដើម្បីអភិវឌ្ឍន៍ការងារប្រកបដោយប្រសិទ្ធភាព ។លោកស្រី បានអំពាវនាវដល់សិក្ខាកាមដែលចូលរួម ក្នុងវគ្គបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់សិក្សា ផ្លាស់ប្តូរយោបល់ សួរសំនួរនៅត្រង់ចំណុចណាដែលមិនយល់ ដើម្បីទទួលបានចំណេះជំនាញពិតប្រាកដមួយដើម្បីយកទៅអនុវត្តជាក់ស្តែង។

ជាមួយគ្នានេះ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន បានចាត់ទុកវគ្គបំប៉នជំនាញបង្ក្រាបគ្រឿងញៀននេះ ថាមានសារសំខាន់បំផុតសម្រាប់នគរបាលជាតិកម្ពុជា ព្រោះមេរៀនដែលបានរៀបចំឡើងក្នុងវគ្គបំប៉ននេះ សុទ្ធតែជាមេរៀនសំខាន់ ដែលឆ្លើយតបទៅនឹងសភាពនៃឧក្រិដ្ឋកម្មគ្រឿង ញៀន ដែលកើតឡើងពេលបច្ចុប្បន្ន ។ លោក ម៉ក់ ជីតូ បានទទូចឱ្យសិក្ខាកាមប្រឹងប្រែងស្តាប់ យកចិត្តកត់ត្រា សាកសួរ ដកស្រង់យកបទពិសោធន៍ ត្រូវលើកឡើងនូវបញ្ហាដែលធ្លាប់ជួបជាក់ស្ដែងដោះស្រាយមិនចេញ ដើម្បីសុំយោបល់ពីសំណាក់គ្រូបង្គោលដែលមានចំណេះជំនាញ យកយកកែសម្រួលនូវរាល់ចំណុចខ្វះខាតរបស់នគរបាលកម្ពុជា។

បន្ថែមពីនេះ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ នគរបាលនៃក្រសួងមហាផ្ទៃសាធារណៈរដ្ឋបារំាង ដែលបានចាត់តាំងលោកស្រីមេបញ្ជាការនគរបាល Nathalie CARLIER ក្នុងការសហការរៀបចំវគ្គបំប៉ននេះឡើង ដែលបានសបញ្ជាក់ឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋបារំាង ដែលជាកិច្ចសហការប្រវត្តិសាស្ត្រមួយសម្រាប់នគរបាលជាតិនៃប្រទេសទាំងពីរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


