ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតអាមេរិក អបអរកម្ពុជា ដែលត្រូវដកចេញពីបញ្ជីប្រផេះលាងលុយកខ្វក់
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោកW.PATRICK MURPHY បានអបអរសាទរចំពោះប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់ និងបានស្នើឱ្យកម្ពុជាយកចិត្តទុកដាក់ ក្នុងការថែរក្សាការងារសម្អាតប្រាក់នេះ ឱ្យកាន់តែប្រសើរថែមទៀត។ លោក ផាទ្រិក ម័រហ្វី បានអបអរបែបនេះ នៅចំពោះមុខ លោក ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី ០៥ ខែតុលានេះ។

ជាមួយគ្នានោះ លោកក៏បានកោតសរសើរចំពោះសមិទ្ធផលក្រុមការងារ Task Force ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយ កងកម្លាំងអនុវត្តច្បាប់អាមេរិកអមស្ថានទូតប្រចាំកម្ពុជា ជាពិសេស លោក លើកឡើងពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ដែលទើបបង្កើតថ្មី ប៉ុន្តែសម្រេចបានសមិទ្ធផលរួមសហការគ្នាក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀនបានជាច្រើនករណីធំៗ ដែលការងារនេះមិនត្រឹមតែជួយកម្ពុជាឱ្យគេចផុតពីបទល្មើសដោយសារតែការចរាចរជួញដូរចែកចាយគ្រឿងញៀន និងក៏ជាការជួយដល់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការនាំចូលគ្រឿងញៀន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

ជាការឆ្លើយតប ស ថេត អគ្គស្នងការនគរបាលជាតិ រីករាយស្វាគមន៍ជាមួយនឹងកិច្ចសហការ ដែល លោកឯកអគ្គរដ្ឋទូត បានលើកឡើងឱ្យកាន់តែរឹងមាំ និងទទួលបានលទ្ធផលល្អបន្ថែមទៀត ដោយលើកទឹកចិត្តឱ្យកងកម្លាំងអនុវត្តច្បាប់អមស្ថានទូតអាមេរិក បន្តធ្វើការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធទាំងជំនាញផ្ទាល់ រួមទាំង ក្រុមការងារចម្រុះ Task Force ។

បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូតអាមេរិក ក៏បានលើកទឹកចិត្តឱ្យនគរបាលជាតិកម្ពុជា រៀបចំចាត់តាំងមន្ត្រី ដើម្បីទៅចូលរួមទទួលការបណ្តុះបណ្តាល នៅសាលាបណ្ឌិត្យសភាអាយលា (ILEA) ប្រចាំនៅទីក្រុងបាងកក ដោយនៅទីនោះ ជាមជ្ឈមណ្ឌលប្រកបដោយសក្តានុពល ក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពកងកម្លាំងអនុវត្តច្បាប់ គ្រប់មុខជំនាញ។

ស្របនឹងបញ្ហានេះ លោកស ថេត ក៏បានអរគុណភាគីអាមេរិក ដែលបានផ្តល់ការបណ្តុះបណ្តាល ហើយលោកប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកថា នគរបាលជាតិកម្ពុជា បានត្រៀមខ្លួនជានិច្ច ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាល ទទួលយកបទពិសោធន៍ពី សាលាបណ្ឌិត្យសភាអាយលា (ILEA) យកមកប្រើប្រាស់ឱ្យចំមុខជំនាញ។ ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានស្នើសុំឱ្យអាមេរិកបន្តការគាំទ្របន្ថែមទៀត ទាំងផ្នែកធនធានមនុស្ស និងជំនាញព្រមទាំងចែករំលែកព័ត៌មានសំខាន់ៗ ដែលឈានទៅដល់ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។

ជាចុងក្រោយ លោកW.PATRICK MURPHY ក៏បានថ្លែងអំណរគុណចំពោះការធានាសន្តិសុខប្រកបដោយសុវត្ថិភាព ដែលនគរបាលជាតិកម្ពុជា បានផ្តល់ជូនស្ថានទូត រួមមានទាំងកិច្ចការពារស្ថានទូតអាមេរិក ការពារប្រតិភូ បុគ្គលិកការទូត និងនិវេសនដ្ឋាន រួមទាំងពលរដ្ឋអាមេរិកដែលស្នាក់នៅកម្ពុជា ប្រកបដោយកាយវិការទន់ភ្លន់ ម៉ត់ចត់ ម៉ឺងម៉ាត់ អត់ធ្មត់៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


