Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​ជណ្តើរយន្ត​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់

បានផុស

នៅ

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​នៃ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បិទ​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​ជួសជុល និង​ថែទាំ​ជណ្តើរយន្ត​ដែលជា​ជំនាញ​ថ្មី​មួយ​ទីផ្សារការងារ​កំពុង​មាន​តម្រូវការ​ខ្ពស់​។ កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២៣ នៅ​វិទ្យាស្ថាន​បច្ចេក​ឧស្សាហកម្ម​ដែលជា​វគ្គ​បណ្តុះបណ្តាល​ក្រោម​កិច្ចសហការ​រវាង​វិទ្យាស្ថាន​ជាមួយនឹង​ក្រុមហ៊ុន​ជី​ហ្គៀ​គ្រុប និង​អង្គការ UNIDO​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​មកដល់ពេលនេះ វិទ្យាស្ថាន​បាន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនា​ន់ទី​១ ចំនួន ១៩​នាក់ និង​បើក​វគ្គ​បណ្តុះបណ្តាល​ជំនា​ន់ទី​២ ចំនួន ១២​នាក់​បន្តទៀត ដើម្បី​ត្រៀម​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​ដ៏​សំខាន់​មួយ​នេះ​ដល់​យុវជន​គោលដៅ​ឱ្យចូល​បម្រើ​ការងារ​ក្នុង​ទីផ្សារការងារ​ដែល​កំពុង​មាន​សក្តានុពល​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​។

យោង​តាម​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ការបណ្តុះបណ្តាល​នេះ គឺ​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​ដែល​កំពុងមាន​សក្តានុពល​ខ្ពស់ ហើយក៏​ស្របទៅតាម​ចក្ខុវិស័យ​និង​ការចង់បាន​របស់​ថ្នាក់​ដឹក​ក​នាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងការ​បង្កើត​ជំនាញ​ថ្មី​ឱ្យស្រប​ទៅតាម​សម័យកាល​។

សូម​បញ្ជាក់​ជំនាញ​ថ្មី​នេះ នឹង​ក្លាយ​ជា​ជំនាញ​ដ៏​សំខាន់​បន្ថែមទៀត​សម្រាប់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០២៣​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម