ព័ត៌មានជាតិ
ទៅដល់ប្រទេសស្វីស មេក្រុមហ៊ុនធំពីរអះអាងចំពោះមុខមេដឹកនាំកម្ពុជា នឹងមកវិនិយោគនៅកម្ពុជា
ក្រោយចាកចេញពីប្រទេសបារាំង ដើម្បីទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានឆ្លៀតពេលដ៏មមាញឹកបន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួន ដើម្បីលើកពីឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
នៅចំពោះមុខមេដឹកនាំកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនក៏បង្ហាញឆន្ទៈហើយអះអាងក្នុងការពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជានាពេលខាងមុខ។
ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចធិបធី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Shenzhen Power Solution ដឹកនាំដោយលោកស្រី Xia Li ស្ថាបនិកនិងជាអគ្គនាយិកាក្រុមហ៊ុន។

លោកស្រី Xia Li ស្ថាបនិកនិងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution
ក្នុងជំនួប អគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution បានជម្រាបប្រមុខដឹកនាំកម្ពុជាអំពីផលិតផលរបស់ក្រុមហ៊ុនលើការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យដែលមានតម្លៃសមរម្យ និងមានផលប្រយោជន៍ជាច្រើនសម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ថ្នាក់ដឹកនាំក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិន ក៏បានបញ្ជាក់ចំពោះមុខនាយករដ្ឋមន្រ្តីកម្ពុជាពីគោលបំណងក្នុងការវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យនៅប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ព្រមទាំងលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ នៅប្រទេសស្វីស។
លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានជម្រាបអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុនចាប់តាំងពីពេលបង្កើតឡើងរហូតមកដល់ទទួលបានជោគជ័យដូចពេលបច្ចុប្បន្ន។

លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc
នៅចំពោះមុខនាយករដ្ឋមន្រ្តីកម្ពុជា នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc បានបញ្ជាក់អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution)។
ជាការឆ្លើយតបសម្តេចធិបតីស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាលទ្ធភាពនៅក្នុងការវិនិយោគលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្តនេះ។
ដោយឡែកក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក៏មានជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក Anthony Tan នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន Grab ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

លោក Anthony Tan នាយកប្រតិបត្តិនិងជាសហស្ថាបនិកក្រុមហ៊ុន Grab
លោក Anthony Tan បានបង្ហាញពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Grab ដែលបង្កើតឡើងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាតវៃ (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។
សព្វថ្ងៃក្រុមហ៊ុន Grab មានវត្តមានអាជីវកម្មនៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។
សម្តេចធិបតីក៏បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកនាយកប្រតិបត្តិក្រុមហ៊ុន Grab និងបានអរគុណចំពោះក្រុមហ៊ុនដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យដឹកជញ្ជូន ដែលគម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ជាពិសេសផ្នែកដឹកជញ្ជូនឱ្យចូលមកក្នុងថ្នាលឌីជីថលរបស់ Grab ដែលកំពុងតែមានការអភិវឌ្ឍនិងទំនើបកម្មជាលំដាប់។
សម្តេចធិបតីក៏បានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ក្នុងការជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួនជាប់ជាប្រចាំ។
នៅទីក្រុងដាវ៉ូសប្រទេសស្វីស សម្តេចធិបតីក៏មានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Goldman Sachs។

លោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs
ក្រុមហ៊ុន Goldman Sachs Group, Inc. គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដែលបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់អតិថិជនដ៏ច្រើន និងចម្រុះ ដែលរួមមានសាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល។
អំឡុងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានជួបជជែកការងារជាមួយអគ្គនាយិកាក្រុមហ៊ុន Trip.com។

លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com
អាជីវកម្មក្រុមហ៊ុន Trip.com ផ្តោតជាសំខាន់លើវិស័យទេសចរណ៍។ លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com បានបង្ហាញពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន និងបញ្ជាក់គោលបំណងក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។
នៅថ្ងៃដដែល សម្តេចក៏បានបន្តជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Wilmar International Group ដែលជាក្រុមហ៊ុនធុរកិច្ចលើវិស័យកសិកម្មឈានមុខគេមួយនៅអាស៊ី ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបង្កើតឡើងតាំងពីឆ្នាំ១៩៩១។

លោក Kuok Khoon Hong ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Wilmar International Group
ក្រុមហ៊ុន Wilmar International Group មានបច្ចេកទេសខ្ពស់ក្នុងផ្នែកកសិកម្ម រាប់ចាប់ពីការដាំដុះ កែច្នៃ វេចខ្ជប់ ផ្គត់ផ្គង់ និងចែកចាយយ៉ាងទូលំទូលាយ ដោយផលិតផលចម្បងរបស់ក្រុមហ៊ុនមានដូចជា៖ ប្រេងដូង ប្រេងធុញ្ញជាតិ ម្សៅ និងស្ករជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ