KPT+
រឿងនិទាន “បាយថ្ងៃត្រង់ខុងជឺ” បង្កប់ន័យអប់រំមនុស្សស្វែងយល់ការពិតគ្រប់ជ្រុងជ្រោយមុនវិនិច្ឆ័យ
រឿង “បាយថ្ងៃត្រង់ខុងជឺ” មានភាពល្បីល្បាញខ្លាំងតាំងពីសម័យចិនបុរាណកាលពី ២៥០០ ឆ្នាំមុនរហូតមកទល់បច្ចប្បន្នដែលបានផ្សព្វផ្សាយអប់រំមនុស្សឲ្យចេះគិតគូរពិចារណាស្វែងយល់ឲ្យបានល្អិតល្អន់គ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងសម្រេចចិត្តសន្និដ្ឋានលើហេតុការណ៍ណាមួយ។

រឿងនេះត្រូវបានដកស្រង់ចេញពីដំណើរផ្សព្វផ្សាយលទ្ធិទស្សនវិជ្ជានៅទូទាំងពិភពចិនសម័យបុរាណ ដែលមានរយៈពេល១៣ ឆ្នាំរបស់ទស្សនវិទូមហាកំផែង ខុង ជឺ ។ រាល់ពេលចេញដំណើរម្តងៗ ខុង ជឺ តែងតែនាំសិស្សរបស់លោកជាច្រើននាក់ទៅជាមួយ ។ ក្នុងចំណោមសិស្សទាំងអស់នោះមានសិស្ស ២ នាក់ជាសិស្សជំនិតដ៏ទុកចិត្តបំផុតរបស់លោក ព្រោះតែគុណធម៌ និងភាពវាងវៃរបស់ពួកគេ ហើយរឿងនេះ មានដំណើរនិទានដូចតទៅ៖
កាលវេលាមួយ ខុង ជឺ បានដឹកនាំក្រុមសិស្សធ្វើដំណើរចេញពីនគរឡូ ឬនគរចូវ ដែលជាស្រុកកំណើតរបស់លោកទៅកាន់នគរជិតខាង (ចាប់ពីឆ្នាំ១០០០-២១០០ មុនគ្រិស្តសករាជប្រទេសចិនត្រូវបានបែងចែកជាច្រើននគរ) ហើយគាត់បាននាំសិស្សសំណព្វទាំងពីរនាក់មកជាមួយគ្នាផងដែរ។
ក្នុងពេលធ្វើដំណើរនោះសិស្សរបស់គាត់មានការស្រេកឃ្លានជាខ្លាំង តែមិនមាននរណាម្នាក់ហ៊ានត្អូញត្អែរនោះទេព្រោះពួកគេមានចិត្តអាណិតគោរពលោកគ្រូរបស់ពួកគេ។ នៅពេលទៅដល់នគរឈូពួកគេបានអស់ស្បៀងអាហារ តែសំណាងល្អដោយមានអ្នកស្រុកឈូធ្លាប់ឮល្បីឈ្មោះរបស់ ខុង ជឺ ពួកគេបានបរិច្ចាគអង្ករបន្តិចបន្តួចសម្រាប់ ខុង ជឺ និងសិស្សរបស់លោកសម្រាប់បរិភោគ។
គាត់បានបែងចែកការងារឲ្យសិស្សជំនិតរបស់គាត់ពីរនាក់ដោយម្នាក់នាំសិស្សដទៃទៅរកបន្លែ ហើយម្នាក់ទៀតនៅដាំបាយ។

ក្នុងពេលសិស្សម្នាក់កំពុងដាំបាយ ខុង ជឺ កំពុងអានសៀវភៅ។ រំពេចនោះ គាត់បានឮសំឡេងចេញពីកន្លែងដាំបាយ គាត់ក៏ចូលទៅ មើលស្រាប់តែឃើញកូនសិស្សជាទីស្រលាញ់របស់គាត់ ដែលគាត់ទុកចិត្តខ្លាំងបំផុតនោះកំពុងតែដួសបាយហូបមុនគេមុនឯង ក្នុងកិរិយាកំពុងលាក់លៀមលួចមើលឆ្វេងស្តាំ។ ខុង ជឺ មានការខកចិត្តយ៉ាងខ្លាំងចំពោះសិស្សម្នាក់នេះ ដែលលោកតែងតែទុកចិត្តជាងគេបំផុតបែរជាគេហ៊ានក្បត់នឹងគ្រូ ក៏ដូចជាមិត្តភក្តិយ៉ាងនេះទៅវិញ។
ពេលបាយថ្ងៃត្រង់ឈានមកដល់ប៉ុន្តែមុនចាប់ផ្តើមហូបបាយ ខុង ជឺ នឹកឃើញវិធីមួយដើម្បីដេញតម្រិះសិស្សជើងល្អរបស់គាត់ ចាំមើលថាព្រមវាចារការពិតនូវអ្វីដែលគេបានធ្វើនោះឬអត់?
គិតហើយ ខុង ជឺ និយាយថា “គ្រូសូមអរគុណសិស្សទាំងអស់គ្នា ដែលបានតាមគ្រូមក ដោយមិនគិតពីការនឿយហត់ និងមិនបានរអ៊ូរអ្វីទាំងអស់។ ឆ្លងកាត់ពេលវេលាជាច្រើនថ្ងៃមកហើយ ហើយថ្ងៃនេះគ្រូមានអារម្មណ៍ថានឹកស្រុកកំណើតរបស់យើង និងឪពុកម្តាយរបស់គ្រូណាស់គ្រូចង់យកបាយមួយចានតូច សម្រាប់សែនជូនវិញ្ញាណក្ខន្ធពួកគាត់ប៉ុន្តែមិនដឹងថាបាយនេះជាបាយល្អបរិសុទ្ធ ឬអត់?”។
សិស្សគ្រប់គ្នាមិនយល់ពីអ្វីដែលលោកគ្រូ ខុង ជឺ របស់ពួកគេនិយាយនោះទេ ប៉ុន្តែរំពេចនោះសិស្សម្នាក់ដែលជាអ្នកដាំបាយក៏បាននិយាយថា “មិនអាចទេលោកគ្រូ បាយទាំងនេះមិនស្អាតស្អំបរិសុទ្ធឡើយពីព្រោះខ្ញុំបានហូបវាមុនបាត់ទៅហើយលោកគ្រូ”។

ខុង ជឺ ធ្វើដូចជាភ្ញាក់ផ្អើល ហើយបន្តសួរទៀតថា “ហេតុអ្វីបានជាឯងធ្វើដូច្នេះ?” សិស្សនោះឆ្លើយថា “នៅពេលខ្ញុំកំពុងដាំបាយស្រាប់តែមានខ្យល់បក់កម្ទេចធូលីហុយចូលបាយក្នុងឆ្នាំងធ្វើឲ្យផ្នែកខាងលើប្រឡាក់ទៅដោយធូលីដី ខ្ញុំមិនហ៊ានដួសបាយប្រឡាក់ដីនោះចេញទេពីព្រោះបាយកំពុងមានតិចស្រាប់ផង ប្រសិនបើខ្ញុំដួសវាចេញនោះពួកយើងនឹងមិនអាចហូបឆ្អែតគ្រប់គ្នានោះឡើយដូច្នេះហើយខ្ញុំក៏សម្រេចចិត្តហូបបាយដែលប្រឡាក់ដីខាងលើនោះមុនគេទៅលោកគ្រូ”។
សិស្សដដែលនោះបាននិយាយបន្តទៀតថា “ខ្ញុំមិនហ៊ានប្រាប់លោកគ្រូ និងអ្នកទាំងអស់គ្នាទេ ដោយខ្ញុំគិតថាខ្ញុំមិនហូបបាយដែលនៅសល់នេះទៀតឡើយគឺហូបតែបន្លែទៅបានហើយ ដើម្បីទុកបាយជូនលោកគ្រូ និងអ្នកទាំងអស់គ្នាពិសា”។
ខុង ជឺនិងសិស្សដទៃទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើស្មោះត្រង់បរិសុទ្ធរបស់សិស្សជំនិតម្នាក់នោះហើយលោកក៏បានពោលថា “ព្រះអើយហេតុការណ៍ដែលខ្ញុំបានឃើញផ្ទាល់នឹងភ្នែកហើយវានៅតែមិនអាចឲ្យខ្ញុំយល់ត្រឹមត្រូវបានទៀតពិតជាគួរឲ្យសោកស្តាយនូវគំនិតទុទិ្ទដ្ឋិនិយមរបស់ខ្ញុំនៅមុននេះណាស់”។
រឿងនេះបានបង្កប់អត្ថន័យឱ្យយើងយល់ច្បាស់អំពីសុភាសិតរបស់ខុង ជឺ “កុំហ៊ានសន្និដ្ឋាននូវអ្វីដែលអ្នកគ្រាន់តែឃើញ តែមិនទាន់បានស្វែងយល់” ដែលមុននឹងសម្រេចចិត្តសន្និដ្ឋានលើអ្វីមួយនោះចាំបាច់ត្រូវតែស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ចៀសវាងការស្តាយក្រោយបង្កវិប្បដិសារីដល់ខ្លួនឯង ៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


