ព័ត៌មានជាតិ
ស៊ីម៉ាក់ និងក្រុមហ៊ុនជប៉ុន ចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់អគារហ្វឹកហ្វឺន២ទីតាំងមានតម្លៃ១៤ លានដុល្លារ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់អគារហ្វឹកហ្វឺនចំនួន២ទីតាំងមានតម្លៃប្រមាណ១៤លានដុល្លារនៅខេត្តកំពង់ឆ្នាំងនិងនៅខេត្តសៀមរាប។
កិច្ចព្រមព្រៀងលើគម្រោងសាងសង់អគារហ្វឹកហ្វឺននេះត្រូវបានចុះហត្ថលេខាដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTDកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។

បើតាមលោក ហេង រតនា គម្រោងសាងសង់អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីននៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្តិភាព) នៅខេត្តសៀមរាបមានថវិកាសរុបចំនួន ២.០៧៩.៨០០.០០០ យ៉េន (ប្រមាណជិត ១៤លានដុល្លារអាម៉េរិក) ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMACធ្វើការសាងសង់សំណង់អាគារទាំង០២ទីតាំងនេះ។
លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា អគារដែលត្រូវសាងសង់នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង រួមមាន អាគារសាលប្រជុំ (ចំណុះ៤០០នាក់)ចំនួន១ខ្នង អាគារសិក្សា ចំនួន១ខ្នង២ជាន់មាន១០បន្ទប់អាគារអន្ដេវាសិកដ្ឋាន២ខ្នង (សម្រាប់សិក្ខាកាម ចំនួន១២០នាក់) អាគារអាហារដ្ឋានចំនួន១ខ្នង ព្រមទាំងសម្ភារបំពាក់ដូចជា កុំព្យូទ័រ ទូរទស្សន៍សម្ភារសិក្សាតុ-កៅអីជាដើម។

ចំពោះអាគារសារមន្ទីរតេជោសន្ដិភាពស្ថិតនៅខេត្តសៀមរាបជាអាគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រមានទំហំជាង១៥.០០០ម៉ែត្រក្រឡា ហើយអាចក្លាយជាអាគារមានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក។ អាគារសារមន្ទីរនេះ
ក៏អាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិដ៏ កំសត់នេះ។

លោកអគ្គនាយកស៊ីម៉ាក់បានលើកឡើងថា ក្នុងនាមប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលតែងតែគាំទ្រយ៉ាងសកម្មលើវិស័យសកម្មភាពមីននៅកម្ពុជា។ ជាពិសេសការផ្តល់ជំនួយជាថវិកា ទីប្រឹក្សាបច្ចេកទេស និងសម្ភារបច្ចេកទេសដល់អង្គភាពCMACក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលុបបំបាត់ការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមការចូលរួមផ្តល់នូវក្តីសុខដុមរមនារបស់ប្រជាជនកម្ពុជាឡើងវិញ និងការចូលរួមកសាងអនាគតកម្ពុជាប្រកបដោយក្តីសង្ឃឹមនិងភាពជឿជាក់នៅកម្ពុជាក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាលើវិស័យកំចាត់មីននេះ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


