Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ សុំឲ្យប៉ូលិស ឡាវ ជួយតាមចាប់ក្រុមឈ្មួញគ្រឿងញៀន ៤៨ នាក់ដែល​សំងំលាក់ខ្លួននៅទីនោះ

បានផុស

នៅ

អាជ្ញាធរថៃបានស្នើសុំឲ្យប៉ូលិសឡាវជួយតាមដាន និងចាប់ខ្លួនក្រុមឈ្មួញគ្រឿងញៀនចំនួន ៤៨ នាក់ដែលបានរត់គេចខ្លួនចេញពីប្រទេសថៃមកជ្រកកោននៅប្រទេសឡាវ ហើយបានប្រើប្រាស់ឡាវជាច្រកសម្រាប់បញ្ជូនគ្រឿងញៀនទៅកាន់ថៃ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VOA Lao កាលពីថ្ងៃទី២៩ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ Panurat Lakboun អគ្គលេខាធិការនៃគណៈកម្មការ​បង្ការ និងបង្រ្កាបគ្រឿងញៀនថៃបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តាឈ្មួញគ្រឿងញៀនធំៗនៅអាស៊ីជាច្រើនបាននាំគ្នាគេចពីការតាមចាប់ទៅសំងំលាក់ខ្លួននៅក្នុងប្រទេសឡាវដោយបន្លំជាអ្នកជំនួញជួញដូរ និងវិនិយោគនៅប្រទេសឡាវ ហេតុដូច្នេះហើយទើបមានការលំបាក​ក្នុង​ការ​តាម​ដាន និង​ចាប់​ខ្លួន​ពួក​គេ ។

លោកបន្តថា ថ្មីៗនេះអាជ្ញាធរថៃបានបញ្ជូនព័ត៌មានពាក់ព័ន្ធនឹងឈ្មួញគ្រឿងញៀនធំៗចំនួន ៤៨ នាក់ទៅឲ្យអាជ្ញាធរឡាវរួចហើយដើម្បីស្នើសុំឲ្យឡាវសហការគ្នាជួយតាមដាន និងចាប់ខ្លួនពួកគេ ដោយសារឈ្មួញគ្រឿងញៀនធំៗទាំង ៤៨ នាក់នោះ បានរត់គេចខ្លួនចេញពីប្រទេសថៃ និងកំពុងលាក់ខ្លួននៅក្នុងប្រទេសឡាវ ប៉ុន្តែពួកគេក៏នៅតែ​បន្ត​រត់ពន្ធ​គ្រឿងញៀន​ឆ្លង​កាត់ទន្លេមេគង្គពី​ឡាវ​ទៅ​ថៃរហូតមក ជាពិសេសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន និង​ម៉ា​ទឹកកក​ ។

ចំណែកនាយឧត្តមសេនីយ៍ Vilay Lakhamphon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវបានទទួលស្គាល់ថា រហូតមកដល់ពេលនេះ សមត្ថកិច្ចឡាវមិនទាន់អាចតាមដាន និងចាប់ខ្លួនឈ្មួញគ្រឿងញៀនធំៗបាននៅឡើយទេ បើទោះបីជាមានបញ្ជីឈ្មោះគ្រប់គ្រាន់ដើម្បីតាមដាន និងចាប់ខ្លួនពួកគេហើយក៏ដោយ ។ ម្យ៉ាងក៏ប៉ុន្តែដោយសារការជួញដូរគ្រឿងញៀនពួកគេធ្វើជាប្រព័ន្ធទ្រង់ទ្រាយធំ និងមានបណ្តាញទូលំទូលាយ រួមទាំងមានឧបករណ៍ទំនាក់ទំនងទំនើបៗទាន់សម័យជាងប៉ូលិសឡាវទៅទៀត ទើបជាការលំបាកក្នុងការតាមដានការធ្វើសកម្មភាពរបស់ពួកគេឲ្យបានទាន់ពេលវេលា ។

ជាចុងក្រោយលោកបានទទួលស្គាល់ថា ការអនុវត្តរបៀបវារៈជាតិស្តីពីការបង្ក្រាបការជួញដូរគ្រឿងញៀនឲ្យបានទាំងស្រុងកាលពីឆ្នាំ ២០២៣ កន្លងទៅនោះមិនអាចអនុវត្តបានទេ ដូច្នេះហើយទើបត្រូវពន្យារពេលដល់ឆ្នាំ២០២៤ ហើយបើទោះជាអាជ្ញាធរឡាវអាចចាប់ខ្លួនឈ្មួញគ្រឿងញៀន និងរឹបអូសគ្រឿងញៀនបានកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ប៉ុន្តែក៏នៅតែមានការផលិត និងរត់ពន្ធគ្រឿងញៀនកើនឡើងជាជាហូរហែផងដែរ ជាពិសេសនៅតំបន់តាមដងទន្លេមេគង្គក្រោមតែម្ដង ៕

ដោយ ៖ គង់ សំអាន

ចុចអាន ៖ ចម្លើយខ្លះៗពីស្ត្រី ថៃ ដែលសមត្ថកិច្ច កម្ពុជា ចាប់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធ ករណីសម្លាប់ជនជាតិ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម