ព័ត៌មានជាតិ
មុននឹងចែកចាយព័ត៌មានណាមួយ អ្នកលេងហ្វេប៊ុកត្រូវពិនិត្យឲ្យបានម៉ត់ចត់ប្រយ័ត្នជាប់ទោសព្រហ្មទណ្ឌ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គមហ្វេប៊ុកទាំងអស់មុននឹងចែកចាយព័ត៌មានណាមួយត្រូវពិនិត្យឲ្យបានច្បាស់លាស់ដើម្បីចៀសវាងប្រឈមនឹងការជាប់ទោសព្រហ្មទណ្ឌ។
ការអំពាវនាវរបស់លោក គឹម សន្តិភាពនេះបានធ្វើឡើងបន្ទាប់ មានមនុស្សជាច្រើនបានចែកចាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងព័ត៌មានថា «មានអ្នកគ្រូម្នាក់បានស្លាប់ព្រោះចាក់វ៉ាក់សាំងស៊ីណូហ្វាម» ដែលបានបង្ហោះនៅតាមបណ្តាញសង្គមតៗគ្នាកន្លងមក។
លោក គឹម សន្តិភាព បានហៅការបង្ហោះព័ត៌មាននេះ ជាការចេតនាមួយក្នុងការញុះញង់នាំឱ្យមានភាពវឹកវរនៅក្នុងសង្គមដែលសំដៅទៅលើជាការសម្តែងចេញតាមរយៈសម្តី សំណេរ ឬគំនូរ ហើយផ្សព្វផ្សាយគ្រប់មធ្យោបាយ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅទីស្តីការក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៩កុម្ភៈនេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា «ការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការស្លាប់ពាក់ព័ន្ធការចាក់វ៉ាក់សាំងស៊ីណូហ្វាម របស់មហាមិត្តចិន គឺជាការផ្សព្វផ្សាយដែលមានគោលបំណងមួយច្បាស់លាស់ណាស់ក្នុងគោលបំណងបង្កឱ្យមានភាពវឹកវរក្នុងសង្គមតែម្តង ធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត ធ្វើឱ្យមន្ត្រីរាជការ ធ្វើឱ្យយើងទាំងអស់គ្នានៅក្នុងសង្គមមានបញ្ហានៅក្នុងអារម្មណ៍ភ្លាមទាំងអស់គ្នា រួមទាំងអ្នកបានទទួលវ៉ាក់សាំងកន្លងមកផង។ អ៊ីចឹងនេះប្រាកដណាស់ជាអំពើមួយធ្វើឱ្យមានភាពវឹកវរដល់សង្គម»។

លោក គឹម សន្តិភាព បានបញ្ជាក់ថា សម្រាប់អ្នកបង្កើតព័ត៌មានញុះញង់ច្បាស់ណាស់ នឹងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់។ តែអ្នកដែលចែកចាយព័ត៌មានមិនពិតទាំងអស់នេះ ក៏នឹងប្រឈមទោសទណ្ឌ ហើយក៏ជាមុខសញ្ញានៃការស្រាវជ្រាវរបស់សមត្ថកិច្ចផងដែរ។
លោកបានបន្តថាការបង្កើតព័ត៌មានញុះញង់នេះគេកំណត់នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៩៤ហើយក្នុងមាត្រា៤៩៥ ដែលជាមាត្រាបន្ទាប់ក្នុងក្រមព្រហ្មទណ្ឌនេះ បានកំណត់ថា បើការញុះញង់នោះ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ នឹងមានការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ទៅ ៤លានរៀល។
លោក គឹម សន្តិភាព បានបញ្ជាក់ថា «សម្រាប់អ្នកដែលចាប់ផ្តើមពីការបញ្ចេញនូវព័ត៌មានមិនពិតនេះ ជាការទទួលខុសត្រូវមួយតាមមាត្រា៤៩៥ ប៉ុន្តែសម្រាប់អ្នកចែកចាយបន្តចង់ ឬមិនចង់ គឺជាប់ជំពាក់ជាកម្មវត្ថុនៃការស្រាវជ្រាវរបស់អាជ្ញាធរមានសមត្ថកិច្ចពីព្រោះ អីការស៊ែរព័ត៌មានបន្តមានន័យថាយ៉ាងម៉េច? មានន័យថាយើងបញ្ជូនសារនេះបន្តឱ្យអ្នកដទៃបានឃើញ។ គោលបំណងនៃការស៊ែរបានន័យថា ជាគោលបំណងនៃការផ្សព្វផ្សាយ អ៊ីចឹងចង់ ឬមិនចង់ជាកម្មវត្ថុនៃការស្រាវជ្រាវមួយ របស់អាជ្ញាធរមានសមត្ថកិច្ច»។
លោករដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យពិនិត្យពិច័យឱ្យបានច្បាស់លាស់មុនចែកចាយព័ត៌មានណាមួយជាពិសេសត្រូវមើលពីប្រភពឱ្យបានច្បាស់លាស់ដើម្បីចៀសផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌណាមួយ ដែលកើតឡើងដោយការធ្វេសប្រហែស៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


