ព័ត៌មានជាតិ
គិតត្រឹមខែមីនា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចការសាងសង់បានជាង ៣២%
គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះសម្រេចវឌ្ឍនភាពការងារសាងសង់បានប្រមាណ ៣២% ដែលតួលេខនេះបានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមានចំពោះការអនុវត្តគម្រោងការងារ។

ក្នុងឱកាសចុះត្រួតពិនិត្យ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី០២ ខែមេសា ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%។ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមានចំពោះការអនុវត្តគម្រោងការងារខាងលើ។
តាមផែនដែលគម្រោងត្រូវបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនការសាងសង់នឹងបញ្ចប់មុនផែនការ។ បើទោះជាយ៉ាងនេះក៏ដោយ លោករដ្ឋមន្ត្រីនៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ជំរុញការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលាអំណោយផលដល់ការងារសាងសង់ មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ។

ក្នុងឱកាសដដែលនោះ លោករដ្ឋមន្ត្រីក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន ពិសេសយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសគ្រប់ប្រភេទការងារ ដើម្បីធានាឱ្យបាននូវសមិទ្ធផលសំណង់ ដែលប្រកបដោយគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង។
គួរជម្រាបដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនេះ គឺមានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដោយគ្រោងចំណាយថវិកាសរុបជាង ៥៦លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ៕


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


