ព័ត៌មានជាតិ
ក្តីប្រាថ្នាពលរដ្ឋខេត្តក្រចេះបានសម្រេច ក្រោយស្ពានឆ្លងទន្លេជាប្រវត្តិសាស្រ្តលេចរូបរាង
ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយ ដែលបានចូលរួមក្នុងពិធីចាក់បេតុង តភ្ជាប់មុខតំណស្ពានចុងក្រោយ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ”។ នេះជាការរៀបរាប់ឲ្យដឹងពីលោក ទូច ញ៉ ប្រជាពលរដ្ឋរស់នៅឃុំព្រែកប្រសព្វ ស្រុកព្រែក ប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ខណៈដែលក្ដីបំណងប្រាថ្នាចង់បាន ស្ពានឆ្លងកាត់ទន្លេមេគង្គរាប់រយឆ្នាំជិតបានសម្រេចហើយ។

លោក ទូច ញ៉ បានរៀបរាប់បន្តថា កន្លងមក ប្រជាពលរដ្ឋតែងតែធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គតាមរយៈដរចម្លង គឺមានការលំបាក ជួនកាលមានពេលខ្លះត្រូវរង់ចាំសាឡាងមួយព្រឹកក៏មាន ខកពេលវេលារកស៊ី ខកការងារ ដល់ពេលអញ្ចឹងធ្វើឲ្យមានការពិបាក។ ប៉ុន្តែដល់ពេល បច្ចុប្បន្ននេះ ឃើញថាបានលទ្ធផលល្អប្រសើរណាស់ គឺបានស្ពានឆ្លង ចង់ធ្វើដំណើរឆ្លងកាត់ ទៅមកស្មើណាក៏បានដែរ ទោះបីជាយប់ឬថ្ងៃក៏ដោយ ហើយការដឹកជញ្ជូនទំនិញ ផលកសិកម្មផ្សេងៗ ក៏មានភាពងាយស្រួលដឹកបានតាមចិត្ត ហើយអត់អស់សេវា។
លោក លី ទ្រី ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកប្រសព្វក្រោម បានឱ្យដឹងថា មានអារម្មណ៍សប្បាយរីករាយណាស់ ដោយសារខេត្តក្រចេះ មានស្ពានឆ្លងទន្លេ បើសិនប្រជាពលរដ្ឋចង់ធ្វើដំណើរទៅមកក៏មិនបាច់ចាំដរចាំអីទៀតដែរ គឺទៅមកបានរហូត ហើយកាត់បន្ថយប្រាក់ចំណាយដរទៀត។
លោកយល់ឃើញថា មានស្ពាននេះ គឺប្រជាពលរដ្ឋដឹកជញ្ជូនផលិតផលដែលផលិតបានអាចលក់បានថ្លៃឬមានទីផ្សារល្អជាងមុន រីឯឈ្មូញអ្នកទិញក៏មកច្រើន ពីព្រោះផ្លូវនេះអាចតភ្ជាប់ទៅខេត្តកំពង់ធំ ហើយបើប្រជាពលរដ្ឋចង់ទៅលេងខេត្តសៀមរាបអីក៏ងាយស្រួល ទេសចរក៏អាចមកលេងខេត្តក្រចេះច្រើន។

យុវតី សោម គឹមសូត្រ ជាសិស្សរៀននៅអនុវិទ្យាល័យបុសលាវ បានឱ្យដឹងថា តាមរយៈស្ពានឆ្លងទន្លេនេះ ជួយសម្រួលពេលវេលា ធ្វើដំណើរលឿន ធ្វើខេត្តក្រចេះប្រែក្លាយមុខមាត់ថ្មី ធ្វើឱ្យសេដ្ឋកិច្ចជឿនលឿនជាងមុន ហើយយុវតីរូបនេះរំពឹងថា នាពេលខាងមុខខេត្តក្រចេះនឹងទទួលបានភ្ញៀវមកលេងច្រើន។

ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើឡើងស្របពេលដែលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ “ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ” នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។
ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនេះ ធ្វើឡើងដើម្បីត្រៀមបើកឱ្យប្រជាពលរដ្ឋ ឆ្លងកាត់បណ្តោះអាសន្នក៏ដូចជាអ្នកដំណើរ អ្នកទេសចរធ្វើចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕




អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


