សុខភាព
កម្ពុជា និងធនាការពិភពលោក រួមគ្នាលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល
ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ដើម្បីពិភាក្សាទៅលើ គម្រោងលើកកម្ពស់គុណភាព និងសមធ៌មសុខាភិបាល ដំណាក់កាលទី២ ក្រោមអធិបតីភាព សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Maryam Salim នាយកប្រតិបត្តិការ នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងតំណាងដៃអភិវឌ្ឍន៍ជាច្រើនទៀត។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងសុខាភិបាល នារាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នេះ។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បី ពិភាក្សាអំពីអាទិភាពចំបងបំផុតរបស់រដ្ឋាភិបាលសម្រាប់សុខភាព និងផែនការសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវ នៃការធានារ៉ាប់រងសុខភាពជាសកល (UHC) ការកែលម្អគុណភាព នៃការផ្តល់សេវាសុខាភិបាល ការផ្តល់ការគាំរពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងការស្វែងរកការថែទាំសុខភាព និងផែនការរបស់រដ្ឋាភិបាលទាក់ទងនឹងផ្នែកដែលកំពុងងើបឡើងវិញដូចជា ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងការឆ្លើយតបនឹងអាកាសធាតុនិងសុខភាព។

កិច្ចប្រជុំបានពិភាក្សាដោយសង្កត់ធ្ងន់លើរបៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖ ១. អាទិភាពកំពូលរបស់រដ្ឋាភិបាលសម្រាប់សុខភាព និងផែនការសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវ នៃការធានារ៉ាប់រង ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (UHC) ២. ការកែលម្អគុណភាពនៃការផ្តល់សេវា ៣. ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងការស្វែងរកការថែទាំសុខភាព ៤. ផែនការរបស់រដ្ឋាភិបាលទាក់ទងនឹងតំបន់ដែលកំពុងរីកចម្រើនដូចជា៖ ក្នុងការត្រៀមខ្លួន និងការឆ្លើយតបបន្ទាន់គ្រោះអាសន្នផ្នែកសុខភាព និងការប្រែប្រួលអាកាសធាតុ និងសុខភាព។

នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រី ឈាង រ៉ា បានកត់សម្គាល់ថា កិច្ចសន្ទនានេះ នឹងផ្តល់ឱកាសបន្ថែមដល់ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងដៃគូអភិវឌ្ឍន៍ ក្នុងគម្រោងលើកកម្ពស់គុណភាពសេវា និងសមធម៌សុខាភិបាល អាចធ្វើផ្លាស់ប្តូរទស្សនៈគ្នា អំពីទិដ្ឋាភាពគោលនយោបាយសំខាន់ៗ នៃវិស័យសុខាភិបាល នាំមកធាតុចូល ឬតម្លៃបន្ថែមដល់ការសម្រួចគោលនយោបាយ និងយុទ្ធសាស្រ្ត ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

ចំណែក លោកស្រី Maryam Salim នាយកប្រតិបត្តិការ នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានបញ្ជាក់អំពីគោលជំហរយ៉ាងមុតមាំ និងសហការការគាំទ្រគម្រោង HEQIP-II ព្រមទាំងឆ្លៀតពេលវេលាដ៏មានសារៈសំខាន ចូលរួមការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់លើបញ្ហាគោលនយោបាយ នៅក្នុងវិស័យសុខាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដៃគូអភិវឌ្ឍន៍ និងក្រុមការងារទាំងអស់ និងស្នើសុំឱ្យចូលរួមបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។

គួរបញ្ជាក់ថា កិច្ចពិភាក្សា មានការចូលរួមពីតំណាងដៃអភិវឌ្ឍន៍ រួមមាន លោក Andreas Zurbrugg អនុប្រធានបេសកកម្មការទូត នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Jenny Scharrer ប្រធានធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅកម្ពុជា លោក សុផា រតនា តំណាងរបស់គ្រឹះស្ថានហិរញ្ញប្បទានសកលនៅកម្ពុជា លោកស្រី Shin Jung Yeon អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារ សង្គម ព្រមទាំងអង្គការជាដៃគូ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល សរុបមានចំនួនប្រមាណ ៤២រូប៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ